ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ ប្រុសស្រី ចំនួន៩នាក់ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក លេខ៩១១ ឃាត់ខ្លួន ខណៈប៉ុនប៉ងលួចឆ្លងដែនខុសច្បាប់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៩១១ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន កកោះ ចុះល្បាតស្រាវជ្រាវ និងបានធ្វើការឃាត់ជនជាតិថៃ ៩នាក់ (ស្រី២នាក់) ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ នៅត្រង់ ចំណុចប៉ុស្តិ៍ចាស់ ភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

ជនជាតិថៃ ប្រុសស្រីទាំង៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕