ភ្នំពេញ ៖ សំណុំរឿងអតីតព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ១រូប ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ទទួល សំណូក ជាប្រាក់ ក្នុងការដោះលែងមេការជនជាតិចិន ម្នាក់ និងស្ត្រីជនជាតិវៀតណាម ៤នាក់ ជាក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះទោស កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ ប៉ុន្តែក្រោយពីតុលាការបញ្ចប់ការសាកសួរដេញដោលក្នុងសំណុំរឿងនេះ បានលើកពេលប្រកាសសាលក្រម ទៅថ្ងៃក្រោយ ដោយមិនកំណត់។

សវនាការបានធ្វើឡើងជាសាធារណៈ ដែលមានលោកញឹម ពិសាល ជាចៅក្រមជំនុំជម្រះ លោកប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងចំពោះមុខជនត្រូវចោទឈ្មោះ គ្រី សីហា អតីតព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តពោធិ៍សាត់ និងមេធាវីការពារក្តី តាមផ្លូវច្បាប់។
គួររំលឹកថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ លោក គ្រី សីហា បន្ទាប់ពីការរកឃើញភ័ស្តុតាង និងការស្តាប់ចម្លើយដែលមានលក្ខណៈស៊ីសង្វាក់គ្រប់គ្រាន់ ករណីលោកព្រះរាជអាជ្ញារងរូបនេះ បានទទួលប្រាក់ពីមេការ Online Scams ដើម្បីដោះលែងមនុស្ស ៥នាក់ (បុរសចិន ១នាក់ និងស្ត្រីវៀតណាម ៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបន្តនីតិវិធីលើជនទាំង៥នាក់ ដែលសមត្ថកិច្ចបានរកឃើញក្នុងប្រតិបត្តិការបង្ក្រា បអំពើឆបោកតាមអនឡាញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
ខណៈនោះ លោកយ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំការស៊ើប អង្កេត បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់មន្ត្រី ឱ្យទៅខេត្តពោធិ៍សាត់ ភ្លាមៗ នៅពេលអធ្រាត្រថ្ងៃទី១៦ ខែកក្កដា ហើយនៅថ្ងៃទី១៨ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេតរបស់អង្គភាពប្រឆាំងពុកលួយ បានទៅស្រាវជ្រាវប្រមូលភ័ស្តុតាងដល់ទីកន្លែង នៅឃុំថ្មដា។
លោកហ៊ូ ស្ថាបនា អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប្រធានក្រុមស៊ើបអង្កេតផ្ទាល់ករណីនេះ បានស្តាប់ចម្លើយលោកគ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតដល់ឃើញមានបន្ទុកគ្រប់គ្រាន់ ទើបសុំការអនុញ្ញាតពីប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការឃាត់ខ្លួនលោកគ្រី សីហា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារលោកគ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ទាក់ ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់ ។
ការសម្រេចនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា៕