ភ្នំពេញ ៖ ត្រឹមតែរយៈពេលបីថ្ងៃ កម្ពុជា បានបន្តបណ្តេញជនបរទេស ចំនួន៧២៤នាក់ (ស្រី១៦៣នាក់) ដែលស្នាក់នៅ ធ្វើការងារខុសច្បាប់ ចេញពីប្រទេសវិញ។

យោងតាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ថា នៅថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោ ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន៧២៤នាក់ (ស្រី១៦៣នាក់)។


ប្រភពដដែល បន្តថា ជនបរទេសទាំង៧២៤នាក់ (ស្រី១៦៣នាក់) រួមមាន១៥សញ្ជាតិ ក្នុងនោះមានចិន ជប៉ុន ប៉ាគីស្ថាន ឥណ្ឌា យ៉ូហ្គង់ដា ឥណ្ឌូនេស៊ី ចិនតៃវ៉ាន់ កូរ៉េ ហ្វីលីពីន នេប៉ាល់ វៀតណាម បង់ក្លាដែស អេត្យូពី នីហ្សេរីយ៉ា និងកាមេរូន ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត។ ជនបរទេសទាំងអស់នេះ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ និងធ្វើការងារខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។


ការបណ្តេញចេញជនជាតិបរទេស ខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេ ខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យមានសេរីភាព និងអាចវិល ត្រឡប់ទៅប្រទេស របស់ខ្លួនវិញ៕
