ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ ត្រូវម្តាយបង្ខំឱ្យឈប់រៀន រហូតដល់បោះសម្តីថា “ទោះរៀនចប់ ក៏ឥតប្រយោជន៍ដដែល” ជាហេតុធ្វើឱ្យក្មេងប្រុសរូបនេះ សម្រេចចិត្តបោះបង់ចោលការសិក្សា តាមបំណងម្តាយ ដោយសរសេរលិខិត “សុំទោសប៊ិក សៀវភៅ ដែលខ្លួនមិនអាចកាន់បានយូរដូចគេ” ដែលសំណេរនេះ បានធ្វើឱ្យសេដ្ឋិនីចិត្តធម៌ លោកស្រី សុភា បុត្រឈើ (Sophea Böttcher) រំជួលចិត្តយ៉ាងខ្លាំង រហូតប្រកាសរកក្រុមគ្រួសារក្មេងប្រុសខាងលើ ដើម្បីជួយឧបត្ថម្ភការសិក្សារបស់ក្មេងប្រុសរូបនោះ មិនឲ្យឈប់រៀនឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ លោកស្រី សុភា បុត្រឈើ (Sophea Böttcher) ដែលមហា ជនបានស្គាល់ថា ជាសេដ្ឋិនីចិត្តធម៌ បានបង្ហោះរូបថតរបស់ក្មេងប្រុសម្នាក់ ស្ថិតក្នុងឯកសណ្ឋានជាសិស្សសា លា ព្រមទាំងរូបថតលិខិតមួយច្បាប់ ដែលក្មេងប្រុសរូបនោះ បានសរសេរផ្ទាល់ដៃ រៀបរាប់ពីការសម្រេចចិត្តបញ្ឈប់ការសិក្សារបស់ខ្លួន ដោយភ្ជាប់ជាមួយសំណេរថា “សំណេរបង្កប់ដោយភាពសោកសៅ ដោយសារមិនចង់បោះបង់ចោលការសិក្សារបស់ក្មេងប្រុសម្នាក់ ដែលមិនទាន់ធំពេញវ័យនៅឡើយ តែចិត្តគំនិតគាត់គឺធំដឹងក្តីដូចមនុស្សធំ យល់ដឹងច្បាស់ពីគុណតម្លៃនៃការសិក្សា តែវាសនាកំពុងធ្វើបាបគាត់។ នាងខ្ញុំអានសំណេរនេះចប់ ពិតជាមានការស្រណោះចំពោះក្មួយប្រុសខ្លាំងណាស់ សូមគ្រួសាររបស់ក្មួយប្រុសជួយទាក់ទងមកខ្ញុំ ដើម្បីនាងខ្ញុំបានជួយឧបត្ថម្ភការសិក្សារបស់ក្មួយ…”។

ចំពោះសំណេរក្នុងលិខិតរបស់ក្មេងប្រុសរូបនោះ មានខ្លឹមសារទាំងស្រុងថា “នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ខ្ញុំបានឈប់រៀនរហូតហើយ ពីព្រោះម្តាយរបស់ខ្ញុំ តែងតែងចង់ឱ្យឈប់រៀន ខ្ញុំឈប់ដូចបំណងរបស់គាត់ហើយ ចាប់ តាំងពីពេលនេះទៅ ខ្ញុំនឹងធ្វើខ្លួនឱ្យក្លាយជាមនុស្សម្នាក់ ទៀត។ សូមទោសប៊ិក សូមទោសសៀវភៅ ដែលខ្ញុំមិនអាចកាន់អ្នកបានយូរដូចគេ ពីព្រោះម្តាយរបស់ខ្ញុំ ចង់ឱ្យខ្ញុំឈប់រៀន ពីព្រោះគាត់ថា រៀនធ្វើអី មនុស្សចឹង ទោះ រៀនចប់ ក៏នៅតែឥតប្រយោជន៍ដដែលហ្នឹង។ ចឹងហើយ ទើបគាត់ថា ឈប់រៀនទៅល្អជាង។ បែបហ្នឹងហើយ ទើបខ្ញុំសម្រេចចិត្តឈប់រៀន តាមបំណងគាត់…”។

គួរបញ្ជាក់ថា លោកស្រី សុភា បុត្រឈើ (Sophea Böttcher) ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ បច្ចុ ប្បន្នបាននិងកំពុងរស់នៅប្រទេសអាល្លឺម៉ង់ ជាមួយស្វាមីជនជាតិអាល្លឺម៉ង់ គឺលោក Udo Bottcher នាយកគ្រប់គ្រង និងជាស្ថាបនិកនៃក្រុមហ៊ុន Bottcher AG។

គួររំលឹកថា អំឡុងពេលសង្គ្រាមចោរសៀមឈ្លានពាន លោកស្រី សុភា បុត្រឈើ (Sophea Böttcher) ដែលមានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង បានផ្តល់ជំនួយជាច្រើន ដល់វីរកងទ័ព និងជនភៀសសឹកកម្ពុជា បើសរុបមកទល់ពេលនេះ លោកស្រីបានឧបត្ថម្ភជាទឹកប្រាក់ ប្រមាណ ជាង ៤លានដុល្លារឯណោះ។ យ៉ាងណា មកដល់ពេលនេះ លោកស្រី សុភា បុត្រឈើ (Sophea Böttcher) ក៏នៅតែបន្តជួយលើការងារសប្បុរធម៌ សម្រាប់អ្នកមានតម្រូវការ និងខ្វះខាត មិនថាតែជំនួយសម្រាប់ដល់វីរកងទ័ព ជនភៀសសឹកកម្ពុជា ឬប្រជាពលរដ្ឋដែលខ្វះខាតនោះទេ៕ ដារិទ្ធ