Monday, March 9, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទះលក់ម៉ូតូ ភ្លើងឆេះម៉ូតូ១៧គ្រឿង

ផ្ទះលក់ម៉ូតូ ភ្លើងឆេះម៉ូតូ១៧គ្រឿង

ខេត្តកំពង់ស្ពឺ ៖ ផ្ទះលក់ម៉ូតូ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ច ព្យាយាមជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន៤ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ប៉ុន្តែផ្ទះទាំងមូល រួមនិងម៉ូតូ ១៧គ្រឿង ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនធំទៀត បានក្លាយជាចំណីភ្លើង។

ហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិបិល ឃុំស្គុះ ស្រុកសំរោងទង។

ផ្ទះដែលរងការឆាបឆេះ មានម្ចាស់ឈ្មោះ ឆយ ហាច ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ម៉ូតូ និងប្រពន្ធឈ្មោះសុខ លក្ខណា អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិបិល ឃុំស្គុះស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ផ្ទះ មានទំហំ៦ម៉ែត្រ គុណនឹង៧ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។

តាមប្រភពសមត្ថកិច្ចស្រុកសំរោងទង បានឱ្យដឹងថា ករណីអគ្គិភ័យខាងលើ បានបង្កឱ្យមានការខូចខាត រួម មាន ឆេះផ្ទះលក់ម៉ូតូ ១ខ្នង ទាំងស្រុង ម៉ូតូ ចំនួន១៧គ្រឿង ម៉ាស៊ីនខ្យល់ ១គ្រឿង កង្ហារ១ ទូដាក់សម្ភារៈ១ គ្រឿងបន្លាស់ម៉ូតូ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

នៅក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន១គ្រឿង កម្លាំង៨នាក់ ប្រើប្រាស់ទឹកអស់ ១ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង ចំនួន១គ្រឿង កម្លាំង ៥នាក់ ប្រើប្រាស់ទឹក ១ឡាន។ រថយន្តពន្លត់អគ្គិ ភ័យរបស់បញ្ជាការដ្ឋានអាវុធហត្ថចំនួន២គ្រឿង កម្លាំង៦នាក់ ប្រើប្រាសទឹកអស់ ២ឡាន និងមានការចូលរួមពីកម្លាំងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋ ចំនួន២៣នាក់ផងដែរ។

សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យឆេះផ្ទះលក់ម៉ូតូ ខាងលើ គឺដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី បង្កជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង។ យ៉ាងណា ហេតុការណ៍នេះ មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ហើយក៏មិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះដែរ៕

RELATED ARTICLES