សហរដ្ឋអាមេរិក ៖ ខណៈភិន សុដាលីស កំពុងរស់នៅអាមេរិក ជាមួយកូនស្រី Katherina អាយុ១០ឆ្នាំ នោះ នៅក្នុងស្រុកខ្មែរ ឯណេះ ឪពុកនាង លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស ឆេះដុំ ក្ដៅដូចបាយពុះ ជា មួយអតីតកូនប្រសា លោកប៉ែន ចំរ៉ុង ដោយចេញសារវាយប្រហារផង ចោទផងទៅលើពិធីកររូបនេះ ជាបន្ដ បន្ទាប់ ក្រោយលោកឃើញក្រុម MMO ចេះតែសរសេរផ្សារភ្ជាប់លោកទៅលោកប៉ែន ចំរ៉ុង ដោយចាត់ទុកថា ការដែលលោកចំរ៉ុង មិនអញ្ជើញអតីតឪក្មេក ឲ្យចូលរួមសម្ពោធរឿង «ភូមិគ្រឹះម្លិះ» កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ជាចេតនាសងសឹកបានសម្រេច របស់ពិធីកររូបនេះ បើទោះជាសាមីខ្លួនលោកមិនបាននិយាយសូម្បីតែមួយម៉ាត់ ទាក់ទងលោកសុភិន នៅថ្ងៃសម្ពោធរឿងនោះ ។

លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស

អ្នកនាងភិន សុដាលីស និងកូនស្រី កំពុងរស់នៅសហរដ្ឋអាមេរិក
អ្វីដែលគួរឲ្យកត់សម្គាល់ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោកអ៊ិន សុភិន បានបញ្ចេញសារផ្លែផ្កាឌឺដងដល់លោកប៉ែន ចំរ៉ុង សាជាថ្មី ដែលម្ដងនេះ មិនមែនជូនពរឲ្យលោកចំរ៉ុង ចំណេញលុយរាប់ពាន់លានដុល្លារ ដូចមុនទេ ប៉ុន្ដែលោកបែរជាថា ការអត់ធ្មត់ មានដែនកំណត់ និងថា សូម្បីតែសត្វ វាចេះស្រលាញ់កូនវា ចុះលោកចំរ៉ុង ជាមនុស្ស ម៉េចក៏ថោកជាងសត្វទៅទៀត ? លោកសុភិន ចេញសារទី២ នៅថ្ងៃដដែលនោះ ភ្ជាប់ជាមួយរូបថតចៅស្រីលោក Katherina ថា «ចៅខំប្រឹងរៀនសូត្រ កុំខ្វល់នឹងរឿងក្នុង Social Media មានតែឪពុកម្នាក់ហ្នឹងទេ នៅលើលោក ដែលចង់ធ្វើបាបកូនខ្លួនឯង តាម្នាក់នេះនឹងការពារចៅ លុះតំណក់ឈាមចុងក្រោយ»។

លោក ប៉ែន ចំរ៉ុង គ្មានប្រតិកម្មអ្វីទាំងអស់ ចំពោះសារផ្ទួនៗរបស់លោកអ៊ិន សុភិន វាយប្រហារចំៗលើលោក គិតត្រឹមរសៀលថ្ងៃទី៥ ខែមីនា ។ ចំណែកភិន សុដាលីស ក៏គ្មាននិយាយអ្វីទាក់ទងសាររបស់ឪពុកខ្លួន និងការចោទរបស់ឪពុកនាង លើលោកចំរ៉ុង ដែរ គឺនៅលើផេកហ្វេសប៊ុក របស់នាង មានតែការរៀបរាប់ពីជីវិតទៅរស់នៅអាមេរិក ជាមួយកូនស្រីដែលនាងអះអាងថា កំពុងធ្វើការងារទី៣ នៅក្រុមហ៊ុនមួយ។ នាងថា បានមករស់នៅនិងធ្វើការនៅសហរដ្ឋអាមេរិក រយៈពេលមួយឆ្នាំហើយ ដែលពេលនេះ កូនស្រីនាង វ័យកាន់តែធំ អាចជួយកិច្ចការម្ដាយបានខ្លះៗ ដូចជា ចេះផ្លុំសក់ឲ្យនាង ពេលងូតទឹករួច មុនទៅធ្វើការ ជាដើម ។

តារាសម្ដែង និងជាផលិករភាពយន្ដលោកប៉ែន ចំរ៉ុង
ជុំវិញសាររបស់ឪពុកភិន សុដាលីស ដែលប្រដៅលោកប៉ែន ចំរ៉ុង ជាប់ៗគ្នានេះ គេមិនដឹងថា លោកលាក់ទុកក្នុងចិត្ត តាំងពីពេលណាទេ ទើបទម្លាយសរុបនៅពេលនេះ តែគេចាប់អារម្មណ៍ថា ថៅកែផលិតកម្មមហាហង្ស រូបនេះ គឺឲ្យតែលោកឃើញក្រុម MMO សរសេរអ្វីមានភ្ជាប់លោកជាមួយលោកប៉ែន ចំរ៉ុង និងភិន សុដាលីស គឺលោកចេញមកពន្លះម៉ាអស់ដៃលើលោកចំរ៉ុង តែម្ដង ។ គេថាលោកចំរ៉ុង ជ្រើសរើសផ្លូវត្រូវ មិនតតាំង ឆ្លងឆ្លើយជាមួយអតីតឪក្មេក ប៉ុន្ដែបើលោកច្រៀងអាយ៉ៃជាមួយលោកសុភិន នោះច្បាស់ជារឿងនេះ នឹងផ្ទុះខ្លាំង ល្បីជាងភាពយន្ដដំបូងរបស់ផលិតករថ្មីរូបនេះ ដែលទើបបានដាក់បញ្ចាំងនោះជាមិនខាន ។

សូមបញ្ជាក់ថា ភិន សុដាលីស ប្រើជីវិតជាស្រី្ដមេម៉ាយ អស់រយៈពេល ១០ឆ្នាំ (តាំពី២០១៦) ខណៈដែលពេលនេះ អតីតប្ដី មានប្រពន្ធថ្មី និងកូនស្រី ពីរនាក់ទៀតហើយ តែនាងនៅតែមិនទាន់ដំណឹងចូលរោងការ ឬបង្ហាញប្តីថ្មី។ ប្រភពខ្លះថា ដាលីស ក៏មានបណ្ដូលចិត្តថ្មីដែរ គ្រាន់តែនាងមិនបើកចំហប៉ុណ្ណោះ ។ ចំណែកលោកសុភិន វិញក្រៅពីស្បថសច្ចាថា នឹងការពារចៅស្រី ដល់តំណក់ឈាមចុងក្រោយនោះ លោកមិនបានជំរុញកូនស្រី ប្រញាប់រៀបការប្ដីថ្មី ដើម្បីលុបស្រមោលស្នេហ៍ចាស់ជាមួយលោកចំរ៉ុង នោះឡើយ ៕

