Monday, March 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរទមិឡគាស់វត្ត លួចបច្ច័យ ជាប់ខ្នោះ៤នាក់

ចោរទមិឡគាស់វត្ត លួចបច្ច័យ ជាប់ខ្នោះ៤នាក់

ខេត្តបាត់ដំបង ៖ ជនសង្ស័យ ជាចោរទមិឡ ចំនួន៤នាក់ ដែលសមគំនិតគ្នាចូលលួចទ្រព្យសម្បត្តិនៅតាមវត្តអារាម ក្នុងក្រុងបាត់ដំបង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រាវជ្រាវតាមចាប់ខ្លួនបាន ក្រោយប្រព្រឹត្តបទ ល្មើស នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦  ហើយមន្ត្រីការិយាល័យជំនាញបានបញ្ជូនពួកគេទៅតុលាការ ចាត់ការតាមនីតិវិធី។

ជនសង្ស័យទាំង៤នាក់ រួមមាន ៖ ១-ឈ្មោះរ៉េត ភីរម្យ អាយុ២៨ឆ្នាំ (អ្នករួមគំនិត) នៅឃុំព្រែកហ្លួង ស្រុកឯកភ្នំ។ ២-ឈ្មោះ កែវ សុខជា អាយុ៣៩ឆ្នាំ (អ្នករួមគំនិត) នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ៣-ឈ្មោះ សុខ សុភ័ក្រ អាយុ៣៦ឆ្នាំ នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង (អ្នកទទួលផលចោរកម្ម) និង ៤-ឈ្មោះសាម សំរិទ្ធ អាយុ៣៧ឆ្នាំ(អ្នកដឹកសម្ភារៈដែលលួចបាន ដើរលក់) រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

 ជនសង្ស័យ ទាំង០៤នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្រាវជ្រាវឃាត់ខ្លនបាន ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦  ។

ប៉ុន្តែបើតាមសមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទាំង០៤នាក់ ជាអ្នកទទូលផលចោរកម្ម និង អ្នកសមគំនិត។  រីឯជនដៃដល់ (អ្នកប្រព្រឹត្តផ្ទាល់) មានតែម្នាក់ទេ ហើយជននោះ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃស្នង ការដ្ឋានខេត្ត តាមចាប់ខ្លួនបាន ជាមួយនឹងជនសមគំនិត០២នាក់ទៀត។

ជនដៃដល់ និងជនសមគំនិត ដែលខាងកម្លាំងស្នងការដ្ឋានខេត្ត ចាប់ខ្លួនបាន រួមមាន ៖ ១-ឈ្មោះ ធឿន ម៉េងហុង ហៅម៉េង អាយុ២៥ឆ្នាំ ជនដៃដល់ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ប៉ុន្តែជនដៃដល់ម្នាក់នេះ ធ្លាប់បួសរៀននៅក្នុងវត្តសង្កែ, ២-មិនទាន់ស្គាល់ឈ្មោះ (ជនសមគំនិត) និង៣-មិនទាន់ស្គាល់ឈ្មោះ (ជនសម គំនិត) ។

បើតាមលោក ឈឿង គឹមសុង ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា បើតាមចម្លើយសារភាព គឺពួកគេមានគ្នីគ្នាសរុប ចំនួន០៨នាក់  ប៉ុន្តែជនដែលប្រព្រឹត្តផ្ទាល់ មានតែម្នាក់ទេ គឺឈ្មោះម៉េងហុង ក្រៅពីនេះ ជាអ្នកទទូលផលចោរកម្ម និងអ្នកចូលរួមសមគំនិតប្រព្រឹត្តអំពើចោរកម្ម រាប់ទាំងជនសង្ស័យ ចំនួន៤នាក់ ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានផង ដូច្នេះនៅម្នាក់ទៀត កំពុងគេចខ្លួន ។

យោងតាមរបាយការណ៍របស់ការិយាល័យជំនាញកងរាជអាវុធហត្ថ បានឲ្យដឹងថា ជាមួយនឹងការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ មន្ត្រីជំនាញបានដកហូតវត្ថុតាងដែលជនសង្ស័យបានលួចយកចេញពីសាលាឆាន់ ក្នុងវត្តដំរីស និងវត្តសង្កែ ហើយបានប្រគេនព្រះសង្ឃវិញហើយ។

សូមបញ្ជាក់ថា អំពើរចោរកម្មនៅក្នុងវត្តទាំង០២ខាងលើនេះ បានកើតឡើងព្រមៗគ្នា នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦  ដោយនៅវត្តដំរីស ក្រុមជនសង្ស័យ បានឡើងគាស់ដំបូលសាលាឆាន់ និងគាស់ហឹបបច្ច័យ ចំនួន៧ហឹប ប្រមូលយកបច្ច័យ អស់ប្រហែល ២០ម៉ឺនរៀល ។ ចំណែកនៅវត្តសង្កែជន សង្ស័យ បានចូលក្នុងសាលាឆាន់ លួចយកឧបករណ៍បំពងសំឡេង (ធុងបាស់ ម៉ៃក្រូហ្វូន អាំព្លី) និងអង្ករ ចំនួន៦បាវ ៕

RELATED ARTICLES