ភ្នំពេញ ៖ អគ្គិភ័យមួយ បានកើតឡើងតាំងកណ្តាលយប់ បណ្តាលឱ្យយានដ្ឋាន ឃ្លាំង និងផ្ទះមួយចំនួន ត្រូវបានភ្លើងឆេះ បណ្តាឱ្យខូចខាតទាំងស្រុង ក្នុងនោះរថយន្ត ៧គ្រឿង ត្រូវភ្លើងឆេះហ្មត់ សល់តែគ្រោងដេក គិតជាទឹកប្រាក់រាប់សិបម៉ឺនដុល្លារ។ ករណីអគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ពេញ ១យប់ទល់ភ្លឺ ទើបអាចគ្រប់គ្រងបានទាំងស្រុង ។

ដោយឡែក នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងសង្កាត់បឹងសាឡាង ដដែលនោះ ក៏មានអគ្គិភ័យ ១ករណីទៀត ឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ២៧១ ក្រុមទី៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ករណីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ ដោយមានការចូលរួមពីអង្គភាពនានា បានអន្តរាគមន៍បាញ់ទឹកពន្លត់ រហូតមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃដដែល ទើបភ្លើងបានរលត់ទាំងស្រុង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ករណីអគ្គិភ័យនេះ បានឆាបឆេះ កាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយផ្តើមចេញពីចំណុចផ្ទះលេខ៩ ផ្លូវលេខ២៧១ ក្រុមទី៨ ភូមិ៣ សង្កាត់បឹង សា ឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបានឆេះរាលដាលយ៉ាងឆាប់រហ័សទៅដល់ឃ្លាំងដែលនៅជុំវិញ ព្រមទាំងផ្ទះប្រជាពលរដ្ឋផងដែរ។

តាមរបាយការណ៍បឋមរបស់នគរបាលមូលដ្ឋាន បានឱ្យដឹងថា គ្រោះមហន្តរាយនេះ បានធ្វើឱ្យផ្ទះនិងឃ្លាំង ចំនួន៩ ទទួលរងការខូចខាត ក្នុងនោះ ឆេះឃ្លាំង ចំនួន ៤ និងផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នងផ្ទះ។

របាយការណ៍ដដែល បន្តថា ឃ្លាំងដែលត្រូវភ្លើងឆេះ រួមមាន ១-ឃ្លាំងលក់និង ជួសជុលរថយន្ត (យានដ្ឋាន) ខូចខាតទាំងស្រុង រួមមាន សម្ភារៈ រថយន្ត សរុបចំនួន ៧គ្រឿង និងម៉ូតូចំនួន៤គ្រឿង។ ២-ឃ្លាំងស្តុកក្រដាស។ ៣-ឃ្លាំងលក់គ្រឿងសម្ភារៈជជុះជប៉ុន និង៤-ឃ្លាំងលក់គ្រឿងសង្ហារិម ខូចខាតសរុបទឹកប្រាក់ ប្រហែល១០ម៉ឺនជាង។ ដោយឡែកផ្ទះប្រជាជន ចំនួន៤ខ្នង និងសម្ភារៈមួយចំនួន។

ក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង បានទៅអន្តរាគមន៍បាញ់ទឹកពន្លត់ និងបន្តរហូតមកដល់ព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២៦ រហូតរលត់ទាំងស្រុង។

ប៉ុន្តែនៅរសៀលថ្ងៃដដែលនោះ បានកើតមានករណីអគ្គិភ័យ មួយករណីទៀត នៅក្នុងមូលដ្ឋានដដែល គឺនៅផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ផងដែរ៕

