ភ្នំពេញ ៖ ខណៈដែលបវរកញ្ញាមួយចំនួន លេងម៉ូដរថយន្ដថ្លៃកប់ពពក ដូចជា ល្អហួស ជិះ Lamborghini និង Mercedes តម្លៃជាងកន្លះលានដុល្លារ ជាដើមនោះ កញ្ញា លីវ ជីលី (ជីលី ទេវី) ដែលជាម្ចាស់មកុដ Miss Grand Cambodia ២០២០ ហាក់មិនខ្វល់តារាណាជិះឡានម៉ាកអីទេ ប៉ុន្ដែនាងមានភាពក្លាហានហ៊ានប្រាប់ការពិតថា ខ្លួនទិញរថយន្ដអគ្គិសនី ម៉ាក Toyota bz3x តម្លៃជាង ៣ម៉ឺនដុល្លារនោះ ជាការបង់រំលស់ជាមួយធនាគារ លី ហួរ ។


លីវ ជីលី ថានាងកម្រស្រលាញ់ឡានណាណាស់ តែឃើញរថយន្ដមួយនេះ ទប់អារម្មណ៍មិនជាប់ ទើបទិញវា កាលពីថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៦ ដែលថវិកាមួយចំនួន បានមកពីនាងលក់ប្លាទីន ព្រោះបានទិញទុក និងពេលនេះ បានចំណេញខ្លះ ខណៈដែលម្ដាយនាង ចង់ឲ្យនាងយកមាសគាត់ ទៅលក់បង្រ្គប់ដែរ តែនាងមិនចង់លក់គ្រឿងអលង្ការម្ដាយឡើយ។ ទេវី ថានាងទិញរថយន្ដនេះ បង់មុន ៣០% ក្រៅពីនេះ បង់ជាមួយធនាគារ ៦ខែ ហើយនៅខែទី៧ នឹងផ្ដាច់។ នាងថា ការបង់រំលស់ គ្មានអ្វីមិនល្អទេ ព្រោះនឹងធ្វើឲ្យនាងកាន់តែប្រឹងធ្វើការ ខណៈដែលការទិញរបស់ដោយបង់រំលស់បែបនេះ ជាលើកទី១ហើយ ក្នុងឆាកជីវិតរបស់នាង ។

លីវ ជីលី ថ្លែងថា «ឥឡូវខ្ញុំវមានទម្ងន់ ៥២-៥៤គ.ក្រ អ៊ីចឹងពេលទិញឡានហ្នឹង បង់រំលស់ ប្រាកដជានៅសល់ត្រឹមជាង ៤០គ.ក្រ ជាមិនខាន ព្រោះតែដេកអត់លក់។ ដំណាក់កាលស្គម បានមកដល់ហើយ»។
ជីលី ទេវី និយាយលេងបន្លំមែន ក៏ដូចជាលើកទឹកចិត្តខ្លួនឯងដែរថា «អ្នកដែលធនាគារ ឲ្យលុយខ្ចី គឺអស្ចារ្យហើយ!»។

លីវ ជីលី មិនប្រាប់ថា នាងបានទិញប្លាកទីន ទុកបានទម្ងន់ប៉ុន្មាន និងបានចំណេញលុយប៉ុន្មាននោះទេ ប៉ុន្ដែតាមព័ត៌មានថា រថយន្ដតម្លៃជាង ៣ម៉ឺនដុល្លារនេះ នាងបង់មុន នូវទឹកប្រាក់ ជិត១ម៉ឺនដុល្លារ ហេតុនេះការបង់ ៦ខែទៀត នឹងផ្ដាច់ មានន័យថា នាងបង់ ក្នុង១ខែដល់ទៅជាង ៥ពាន់ដុល្លារ។ ទោះជាយ៉ាងណា មានការកោត សរសើរថា ស្រីស្អាតដូចរូបនាងបើសិនជាចង់បានរបស់គេទិញឲ្យស្រាប់ ទោះជាតម្លៃលើសនេះ ១០ដង ក៏មិន ពិបាកដែរ ឲ្យតែព្រមប្រគល់ស្នេហា ជាថ្នូរ តែនាងសុខចិត្តប្រឹងដោយញើសឈាមផ្ទាល់ខ្លួន បង់រំលស់លុយសុទ្ធ ដោយខ្លួនឯង មិនទទួលជំនួយឧត្ថម្ភដោយស្រួល តែជាប់អន្ទាក់ស្នេហ៍ឡើយ ។

គួរបញ្ជាក់ថា ក្រៅពី ជីលី ទេវី មានតារាជាច្រើនដួងទៀត ដែលបានជ្រើសវិធីទិញរថយន្ដ បង់រំលស់ ប៉ុន្ដែពួកគេកម្រនឹងហ៊ានសារភាពថា ជិះឡានបង់រំលស់ ដូចនាងណាស់ ព្រោះតែខ្លាចខូចក្រេឌីត លើកលែងតែពិធីការិនី ឌួង ហ្សូរីដា ដែលថា សម័យនេះហើយ គេអាចទិញអ្វីក៏បាន ព្រោះបង់រំលស់ជាមួយធនាគារ ។ ការទិញបានរថយន្ដថ្មី របស់ជីលី ទេវី នៅពេលនេះ មិនត្រឹមតែរូបនាង ជាម្ចាស់រថយន្ដផ្ទាល់ទេ ដែលញញឹមបិទមាត់មិនជិតនោះ តែឪពុកម្ដាយនាង ក៏សាទរកូនស្រី ចំពោះអ្វីដែលនាងបានសម្រេចគោលដៅធំ នៅឆ្នាំ២០២៦ នេះដែរ ស្របពេលដែលជីលី ថាបើនាងហ៊ានយកលុយធនាគារ លើកទី១ ក៏អាចមានលើកទី២ និងទី៣ ដែរ ។

សូមរំលឹកថា លីវ ជីលី បានគ្រងមកុដ Miss Grand Cambodia 2020 ជំនួសម្ចាស់មកុដកញ្ញាសេង រដ្ឋា និងលឹម សុធារី ម្ចាស់តំណែងលំដាប់រងទី១ បានសម្រេចបោះបង់តំណែងខាងលើ ក្រោយពីមានភាពចម្រូងចម្រាស ជាមួយអ្នករៀបចំកម្មវិធី។ ទេវី អាយុ២៩ ឆ្នាំកម្ពស់១,៧០ម៉ែត្រ ទម្ងន់៥៣គ.ក្រ បញ្ចប់ការសិក្សាត្រឹមឆ្នាំទី៣ ជំនាញហិរញ្ញវត្ថុនិងធនាគារ ស្រុកកំណើតនៅក្រុងប៉ោយប៉ែត ធ្លាប់តស៊ូធ្វើការជាពិធីការិនី នៅវិទ្យុមួយ បានប្រាក់ខែតែ ៤០ទៅ៥០ដុល្លារ ដើម្បីយកលុយមករៀន។ ស្រីស្រស់រូបនេះ មិនដែលបង្ហាញគូស្នេហ៍ជាសាធា រណៈឡើយ ខណៈក្រោយគ្រងមកុដ ទាំងប្រឈមការិះគន់ជាច្រើន កាលពី៥ឆ្នាំមុននោះ នាងក៏មិនដែលចូលរួមប្រកួតបវរកញ្ញាក្នុងស្រុក កម្មវិធីផ្សេងណាទៀតដែរ បន្ទាប់ពីធ្លាប់ចេញទៅប្រកួត Miss Grand International 2020 ។ យ៉ាងណា ក្ដីស្រមៃរបស់នាង ចង់ក្លាយជាតារាសម្ដែង អាជីពម្នាក់នោះ ទេវី ធ្វើវាបាន ក្រោយពីនាងធ្លាប់បានថតភាពយន្ដ ជាបន្ដបន្ទាប់ ហើយតាម ព័ត៌មានថា មុនទិញឡានថ្មី នាងបានបើកហាង «ជែលលី ថែរក្សាសម្រស់» នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕
