Friday, February 13, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទីតាំងភ្លើងឆេះទុយោជ័រ ២លានដុល្លារ ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនសម្អាត

ទីតាំងភ្លើងឆេះទុយោជ័រ ២លានដុល្លារ ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនសម្អាត

ខេត្តបាត់ដំបង ៖ បន្ទាប់ពីបានចុះត្រួតពិនិត្យករណីភ្លើងឆេះទុយោទឹក របស់ក្រុមហ៊ុនគិរីដងរែក ដែលទទួលម៉ៅការគម្រោងទឹកស្អាត និងអនាម័យរបស់ក្រុងបាត់ដំបង ស្ថិតនៅភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ដែលខូចខាតប្រមាណ ២លានដុល្លារ នោះរួចមក ក្រុមការងារអធិការកិច្ចនៃអគ្គនាយដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ត្រី នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានដាក់ចេញវិធានការចំពោះមុខ ដោយតម្រូវឱ្យក្រុមហ៊ុនអនុវត្តរៀបចំទំនប់ព័ទ្ធទីតាំងសំណល់ពីការឆេះ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីទប់ស្កាត់សំណល់ផេះ ហូរចូលទៅដីស្រែប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលមានភ្លៀងកក់ខែ។

ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវសម្អាតសំណល់ផេះ និងសំណល់កំណកជ័រ ឱ្យបានចប់រួចរាល់ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ក្នុងការដឹកជញ្ជូនទៅទុកដាក់ឱ្យបានត្រឹមត្រូវ នៅទីលានទុកដាក់សំរាម ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា តំណាងក្រុមហ៊ុន បានឯកភាពអនុវត្តវិធានការបច្ចេកទេស ទៅតាមកាលបរិច្ឆេទខាងលើ ដើម្បីចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសា ស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីជំរុញឱ្យប្រទេសកម្ពុជា ដែលជាផ្ទះរបស់យើង មានភាពស្អាត មានភាពបៃតង ប្រជាជនរស់នៅមានសុខភាពល្អ និងមានការអភិវឌ្ឍប្រកប ដោយចីរភាព។

គួររំលឹកថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៧និង០០នាទី ស្ថិតនៅចំណុចភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោ​ង​ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង បណ្តា​លឱ្យឆេះទីតាំងស្តុកទុយោទឹក​ ​(ទុ​យោជ័រ) ​ចំនួន០១កន្លែង របស់ក្រុម​ហ៊ុនគិរីដងរែក ដែលក្រុមហ៊ុននេះ ​ទទួល​ម៉ៅការអនុវត្តប្រព័ន្ធលូរំ​ដោះ​ទឹកកខ្វក់ ចេញពីក្រុងបាត់ដំបង ។

ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តម​សេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង​ កម្លាំងនគរបាលអគ្គិភ័យ​ ដែល​មានលោកឧត្តមសេនីយ៍ត្រី​ លឹម ពុទ្ធីឡា​ ស្នងការរង ទទួលផែន ​សហ​ការជាមួយសមត្ថកិច្ច​ អា​ជ្ញាធរពាក់ព័ន្ធ កម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាន​ អន្ត​រាគមន៍ពន្លត់ ដោយប្រើប្រាស់រថ​យន្តអគ្គិភ័យ របស់ស្នងការដ្ឋាន​ របស់ស្រុកពាក់ព័ន្ធ និងរថយ​ន្តរបស់ក្រុមហ៊ុនផង។

ដោយសារទីតាំងដែលឆេះនេះ ព័ទ្ធ​ជុំ​វិញដោយវាលស្រែ​ មិនមានផ្លូវសម្រាប់រថយន្តពន្លត់ចូលទៅឱ្យបានកៀក​ ងាយ​ស្រួលក្នុងការបាញ់ពន្លត់​ ហើយវត្ថុឆេះ គឺជាប្រភេទជ័រ ងាយឆេះ ជា​ហេតុធ្វើឱ្យអគ្គិភ័យ បន្តរាល​ដាលយ៉ាងពេញបន្ទុក រហូតដល់ម៉ោង ២​និង​០០​នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី៧ ខែ​កុម្ភៈ ​ឆ្នាំ២០២៦ ​ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយប្រា​ស់ ទឹក អស់ចំនួន​៣០​រថយន្ត​ ។

អគ្គិភ័នេះ បណ្តាលឲ្យខូចខាតទុយោទឹកធំ​តូច ជាច្រើន​ពាន់ដើម ដែលក្រុម​ហ៊ុនបានគរទុក​នៅលើដីវាល ឆេះស្ទើរ​ទាំងស្រុង​ ហើយការបាញ់ទឹកទប់ស្កាត់ បាននៅសេសសល់ទុយោមួយចំណែកដែលនៅលើទីតាំងឆេះ ប៉ុន្តែគ្រោះអគ្គិភ័យនេះ មិនបានបណ្តា​លឱ្យរងគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។

ចំពោះមូលហេតុដែលនាំបង្កជាអគ្គិ​ភ័យនេះ​ តាមការបញ្ជាក់បឋមពីកន្លែងកើតហេតុ​ គឺបណ្តាលមកពី​ការដុតសំរាមដែលនៅជាប់ទីតាំងនោះ​ ដោយមិនមានការប្រុងប្រយ័ត្ន ក៏បង្កឱ្យឆេះរាលមកដល់ទីតាំងស្តុកទុយោ របស់ក្រុម​ហ៊ុនខាងលើ។

ក្រោយកើតហេតុ ការិយាល័យជំនាញ​អគ្គិភ័យ បន្តសហការធ្វើការសិក្សាស្រាវជ្រាវរកមូល​ហេតុពិត និងទំហំនៃការខូចខាតដែលបង្កដោយគ្រោះអគ្គិភ័យខាងលើ តែតាមប្រភពខ្លះថា អគ្គិភ័យនេះ​ បានបំផ្លាញទុយោជ័រធំតូចនៅទីតាំងស្តុកនេះ ទាំងស្រុង គិតជាទឹកប្រាក់ ប្រមាណ ២លានដុល្លារ ៕

RELATED ARTICLES