Wednesday, February 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរមីន ចាត់ទុកអង្គការសហប្រជាជាតិ ជាសំឡេងនិងដៃគូដ៏មានសារៈសំខាន់

អាជ្ញាធរមីន ចាត់ទុកអង្គការសហប្រជាជាតិ ជាសំឡេងនិងដៃគូដ៏មានសារៈសំខាន់

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គ ការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារស្តីពីពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន នៅកម្ពុជា។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្វាគមន៍និងអបអរសាទរលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា ដែលបានទទួលតួនាទីថ្មី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះអង្គការសហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការស្វែងរកសន្តិភាពនិងការស្តារសេដ្ឋកិច្ច សង្គម នៅកម្ពុជា ក្នុងនោះអង្គការសហប្រ ជាជាតិ បានគាំទ្រដល់ការតាំងលំនៅឡើងវិញ របស់ជនភៀសសឹក និងការងារបោសសម្អាតមីន ក៏ដូចជាបានជួយកសាងនូវសមត្ថភាពជាតិសកម្មភាពមីន រហូតកម្ពុជា ទទួលបានជោគជ័យដល់បច្ចុប្បន្ន។

ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន លោកទេសរដ្ឋមន្រ្តី បានចាត់ទុកអង្គការសហប្រជាជាតិ គឹជាសំឡេងដ៏មានសារៈសំខាន់មួយ និងជាដៃគូសំខាន់ក្នុងការជំរុញការលើកកម្ពស់ និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន ព្រមទាំងបានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ចំពោះការរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីន នេះផងដែរ។

ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃ ដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី និងពហុភាគី ដោយផ្អែកលើគោលការណ៍គោរពអធិបតេយ្យ បូរណភាពដែនដី និងច្បាប់អន្តរជាតិ។

ជាមួយគ្នានោះផងដែរ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងបានបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) ក្នុងការលើកកម្ពស់សាមគ្គីភាព ការរួបរួមនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដើម្បីឈានទៅរកការរីកចម្រើនប្រកបដោយចីរភាព ជោគវាសនារួមគ្នា និងអនាគតរួមគ្នា៕ ខៀវទុំ

RELATED ARTICLES