Wednesday, February 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលម៉ាស្សាស្រួលមួយភ្លែត ១០០០ដុល្លារ ក្លាយជាលុយខ្មោច

ចូលម៉ាស្សាស្រួលមួយភ្លែត ១០០០ដុល្លារ ក្លាយជាលុយខ្មោច

ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ បានចូលទៅរកសេវាម៉ាស្សា នៅហាងម៉ាស្សា មួយកន្លែង ស្រាប់តែពេល ចេញមកវិញ ដកលុយពីកាបូប ដើម្បីឱ្យថ្លៃម៉ាស្សា បែរជាឃើញសុទ្ធតែលុយសែន (ក្រដាស១០០ដុល្លារ) ចំនួន១០សន្លឹក ចំណែកលុយពិត ១០០០ដុល្លារ បាត់អស់ ភ្លាមនោះ ក្រុមនារីម៉ាស្សា និងបក្ខពួក បានដេញជនបរទេសរងគ្រោះ ចេញពីហាង រួចបិទទ្វារហាងរត់គេចបាត់អស់។

ករណីចូលម៉ាស្សា ១០០០ដុល្លារ ក្លាយជាលុយខ្មោចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចហាងម៉ាស្សា យីហោ «ម៉ាស្សា ម៉ាស្សា» មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

តាមប្រភពបុរសរងគ្រោះ ជាជនបរទេស បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានទៅចូលម៉ាស្សានៅក្នុងហាងយីហា «ម៉ាស្សា ម៉ាស្សា» លុះក្រោយពីម៉ាស្សារួច គាត់បានរាប់លុយឱ្យនារីម៉ាស្សា ស្រាប់តែស្រឡាំងកាំង ឃើញសុទ្ធតែលុយខ្មោច ចំណែកលុយពិត បានបាត់ចំនួន១ពាន់ដុល្លារ។

បុរសរងគ្រោះ បន្តថា ខណៈនោះ នារីម៉ាស្សា និងបក្ខពួកដែលបានបន្លំយកលុយរបស់គាត់ បានដេញគាត់ចេញ ពីហាង រួចបិទទ្វារហាង រត់គេចខ្លួនបាត់អស់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ រួចបាននាំបុរសរងគ្រោះ ជាជនបរទេសខាងលើ ទៅប៉ុស្តិ៍នគរបាលជ័យជម្នះ ដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនក្រុមនារីម៉ាស្សា និងបក្ខពួក យកមកចាត់ការតាមច្បាប់៕

RELATED ARTICLES