Monday, February 9, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចម៉ូតូ ម្ចាស់ឃើញ ដេញចាប់ជាប់

ចោរលួចម៉ូតូ ម្ចាស់ឃើញ ដេញចាប់ជាប់

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ កំពុងដើរតាមផ្លូវ ប្រទះឃើញម៉ូតូ ១គ្រឿង ចតទុកមុខផ្ទះ បានធ្វើសកម្មភាពលួចកាច់កបានសម្រេច រួចបញ្ឆេះជិះចេញទៅ តែត្រូវម្ចាស់ម៉ូតូ ប្រទះឃើញទាន់ ស្រែកឆោឡោថា ចោរ!ៗ ផ្អើលដល់អ្នកភូមិ ជួយដេញតាមចាប់ក្របួចជាប់ភ្លាមៗ។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសំរិទ្ធ សុធា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ ចំណែកម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-3667 ជារបស់ជនរងគ្រោះឈ្មោះជឹម សុជាតា ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានដើរមកដល់ចំណុចកើតហេតុ បានប្រទះឃើញម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-3667 ខាងលើ ចតនៅខាងមុខផ្ទះ ដោយឃើញឱកាសស្ងាត់ល្អ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ ជិះឆ្ពោះទៅទិសខាងលិច ស្រាប់តែភ្លាមនោះ ត្រូវជនរងគ្រោះឈ្មោះ ជឹម សុជាតា បានឃើញទាន់ ក៏ស្រែកថា “ចោរ!ៗ” ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចេញមកជួយដេញចាប់បានភ្លាមៗ ហើយរាយការណ៍ជូនសមត្ថ កិច្ចមកនាំយកជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES