Saturday, February 7, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្ពុជា បន្តប្រតិបត្តិការទ្រង់ទ្រាញធំ បង្ក្រាបឧក្រិដ្ឋជនឆបោកអនឡាញ

កម្ពុជា បន្តប្រតិបត្តិការទ្រង់ទ្រាញធំ បង្ក្រាបឧក្រិដ្ឋជនឆបោកអនឡាញ

ភ្នំពេញ ៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) ចាប់តាំងពីថ្ងៃទី១ ខែមករា រហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងសមត្ថកិច្ច បានបង្ក្រាបនិងបិទខ្ទប់សកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើទីតាំងសរុបចំនួន ១៩០កន្លែង ក្នុងនោះមានកាស៊ីណូ ចំនួន៤៤ នៅក្នុងខេត្តព្រះសីហនុ កំពត កណ្តាល ស្វាយរៀង រាជធានីភ្នំពេញ ពោធិ៍សាត់ ព្រៃវែង និងមណ្ឌលគិរី ដោយសមត្ថកិច្ចបានគ្រប់គ្រង រឹបអូសវត្ថុតាងជាច្រើនប្រភេទ, គ្រឿង មាន កុំព្យូទ័រ ទូរស័ព្ទ ស៊ីមកាត ជាដើម និងបំពេញសំណុំរឿង ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។ ទន្ទឹមនេះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២៥០៨នាក់ មាន៧សញ្ជាតិ មានជនជាតិនេប៉ាល់ ចិន ម៉ាឡេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស។

លោកទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៦ ថា ក្នុងចំណោមករណីធំៗ មានរាប់បញ្ចូលចំណាត់ការលើសំណុំរឿងសំខាន់ៗ ដោយបានចាប់ខ្លួន និងអនុវត្តនីតិវិធីតុលាការចំពោះមេខ្លោងនិងអ្នកសមគំនិតមួយចំនួនទៀត ការបង្ក្រាបដល់ទីតាំងដែលឧក្រិដ្ឋជនបានប្រើប្រាស់សម្រាប់ធ្វើសក ម្មភាពឆបោកអនឡាញ ដោយរាប់ទាំងករណីក្លែងជាសមត្ថកិច្ចផ្សេងៗ ដើម្បីឆបោកទៅក្រៅប្រទេស ព្រមទាំងកិច្ចសហការជាមួយសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន អាមេរិក កូរ៉េ ជាដើម ក្នុងការបន្តស្រាវជ្រាវ ដើ ម្បីវែកមុខបណ្តាញអង្គការចាត់តាំងនៅពីក្រោយករណីទាំងនេះ។

កម្លាំងសមត្ថកិច្ចជំនាញ តាមបណ្តារាជធានី-ខេត្ត កំពុងបន្តចុះបង្ក្រាប និងបំបែកសម្បុកក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈការបន្តចាត់វិធានការបង្ក្រាបទ្រង់ទ្រាយធំ ដោយផ្អែកលើការស្រាវជ្រាវច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ។ ប្រតិបត្តិការទាំងនេះ បានជំរុញឱ្យជនបរទេសចំនួន ១១០ ០៩៥នាក់ មាន៦ សញ្ជាតិ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដែស និងប៉ាគីស្ថាន បានចាកចេញពីប្រទេសកម្ពុជា ក្នុងចន្លោះខែមករា និងដើមខែកុម្ភៈ ឆ្នាំ២០២៦។

តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែ ចុងក្រោយនេះ តុលាការកម្ពុជា បានអនុវត្តនីតិវិធីផ្លូវច្បាប់ លើសំណុំរឿងធំៗ ចំនួន ៣៧ករណី ហើយផ្តន្ទាទោសមេខ្លោង និងបក្ខពួក ចំនួន១៧២នាក់ ខណៈអាជ្ញាធរកម្ពុជា បានបណ្តេញជនបរទេស ចំនួន ៩ ៣១៤នាក់ ចេញពីកម្ពុជា ។

កិច្ចខិតខំទាំងនេះ បានបង្ហាញពីឆន្ទៈពិតប្រាកដ ជាមួយការអនុវត្តច្បាប់តឹងរឹងក្នុងការប្រយុទ្ធប្រឆាំងនឹងបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ដោយមិនមានការលើកលែងឡើយ ដើម្បីការពារសន្តិសុខសេដ្ឋកិច្ច និងសណ្តាប់ធ្នាប់សង្គម ទាំងក្នុងប្រទេសកម្ពុជា តំបន់ និងនៅលើសកលលោក។

រាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាននិងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជា ឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅពេលខាងមុខ៕

RELATED ARTICLES