ភ្នំពេញ ៖ ក្រោយបាត់មុខពីវិស័យសិល្បៈ អស់រយៈពេលជាង ១ឆ្នាំ តារាកំប្លែងស្រី អ្នកនាង មឿន និមល ហៅប៉េងប៉ោង កូនស្រីបង្កើតអតីតតារាកំប្លែង វីតាមីនសេ បានទម្លាយឱ្យដឹងពីមូលហេតុនៃការខកខានប្រឡូកក្នុងវិស័យសិល្បៈ ដោយសារតែមានបញ្ហាភ្នែក ប្រឈមនឹងពិការ មើលលែងឃើញ ដែលចាំបាច់ត្រូវវះកាត់ភ្នែកទាំងសងខាង ដល់ទៅ ៤លើក (ភ្នែកម្ខាងត្រូវវះកាត់ ២ដង) ដោយម្ខាង ដាក់ប្រេង និងម្ខាងទៀត ដាក់ហ្គាស់ ដើម្បីផ្សាំ ទើបជួយឱ្យអ្នកនាង អាចមើលឃើញឡើងវិញបានប្រមាណ៧០ ទៅ៨០ភាគរយ នៅពេលនេះ។

តារាកំប្លែង ប៉េងប៉ោង បានរៀបរាប់ប្រាប់ថា មូលហេតុដែលនាងដកខ្លួនឆ្ងាយពីវិថីសិល្បៈ ក៏ដោយសារតែអ្នក នាង មានបញ្ហាភ្នែក គឺជំងឺរបើកបាតភ្នែក ទាំងសងខាង ដែលនាំឱ្យអ្នកនាងមើលអ្វីលែងឃើញសោះតែម្តង មិនថាទៅណាមកណា សូម្បីតែចូលបន្ទប់ទឹក ក៏ចាំបាច់ត្រូវការប្តី ដឹកដៃនាំផ្លូវដែរ។

អ្នកនាង ប៉េងប៉ោង បានបន្តថា អាការជំងឺភ្នែករបស់នាង បានកើតឡើងតាំងពីជាង ១ឆ្នាំមុនមកម៉្លេះ ហើយវាពុំមានអាការ ឬរោគសញ្ញាអ្វីឱ្យយើងដឹងខ្លួនមុនឡើយ ដោយកាលណោះ ខណៈដែលកំពុងសម្តែងសុខៗ ភ្នែករបស់អ្នកនាង ស្រាប់តែមើលអ្វីលែងឃើញ ងងឹតសូន្យឈឹងតែម្តង ប្រៀបបាននឹងចង្កៀងអស់ប្រេងដូច្នោះដែរ ហើយអ្នកនាងនឹកស្មានថា ខ្លួនងងឹតមុខ មិនស្រួលខ្លួនធម្មតាប៉ុណ្ណោះ លុះក្រោយមក ដោយសារមើលអ្វីលែងច្បាស់ ទើបគ្រួសារនាំទៅជួបវេជ្ជបណ្ឌិតជំនាញភ្នែក ពិនិត្យយ៉ាងល្អិតល្អន់ រួចពេទ្យបញ្ជាក់ប្រាប់ថា អ្នកនាងមានជំងឺរបើកបាតភ្នែក ក្នុងដំណាក់កាលធ្ងន់ និងមានបាយ ព្រមទាំងហូរឈាមទៀតផង ដែលចាំបាច់ត្រូវធ្វើការវះកាត់ភ្នែកទាំងសងខាងតែម្តង ពុំនោះទេ ប្រឈមនឹងពិការភ្នែក (ងងឹតទាំងស្រុ ១ជីវិត)។ គ្រាន់តែឮបែបនេះ អ្នកនាងចាប់ផ្តើមមានអារម្មណ៍តក់ស្លុត ពិបាកចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំង ហើយចេះតែគិតក្នុងចិត្តថា ខ្លួនអាចប្រឈមនឹងការពិការភ្នែកមិនខាន ព្រោះចាប់ពីពេលនោះមក ភ្នែកអ្នកនាង មិនអាចមើលអ្វីឃើញសោះ សូម្បីតែពេលកណ្តាលថ្ងៃត្រង់ ឬនៅទល់មុខអំពូលភ្លើង ក៏នៅតែងងឹត។


អ្នកនាង ប៉េងប៉ោង បានឱ្យដឹងបន្តថា ខណៈនោះ គ្រូពេទ្យជំនាញ នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ប្រចាំនៅមន្ទីរពេទ្យរុស្ស៊ី បានប្រឹក្សាយោបល់ ឱ្យអ្នកនាងធ្វើការវះកាត់ភ្នែកជាបន្ទាន់ ដោយវះកាត់ទាំងសងខាង ប៉ុន្តែត្រូវវះកាត់ម្តងម្ខាងៗ ហើយភ្នែកខាងស្តាំ ចាំបាច់ត្រូវវះកាត់មុន។ ចំពោះក្តីសង្ឃឹមដែលលោកគ្រូពេទ្យផ្តល់ឱ្យអ្នកនាង គឺបានត្រឹម ៥០ភាគរយប៉ុណ្ណោះ។ ក្រោយពីពិភាក្សា ពិចារណាយ៉ាងល្អិតល្អន់ជាមួយក្រុមគ្រួសារ ពិសេសស្វាមី រួចមក អ្នកនាងបានសម្រេចចិត្តធ្វើការវះកាត់តែម្តង ទោះសង្ឃឹមតិចឬច្រើន ក៏ត្រូវតែធ្វើ។ បន្ទាប់មក គ្រូពេទ្យ បានធ្វើការវះកាត់ភ្នែកខាងស្តាំ របស់អ្នកនាង មុន ដោយវះកាត់ដាក់ប្រេង។ លុះវះកាត់ភ្នែកស្តាំ លើកទី១ បានជោគជ័យ គ្រូពេទ្យក៏បានធ្វើការវះកាត់ ជាលើកទី២ ដើម្បីយកប្រេងចេញវិញ ស្រាប់តែអំឡុងពេលនោះ ភ្នែកខាងឆ្វេងរបស់អ្នកនាង ចាប់ផ្តើមហូរឈាមកាន់តែខ្លាំង ធ្វើឱ្យអ្នកនាង កាន់តែអស់សង្ឃឹមថា នឹងអាចមានឱកាសមើលឃើញទៀតហើយ។

អ្នកនាង ប៉េងប៉ោង បានបន្តទៀតថា នៅក្នុងដំណាក់កាលធ្លាក់ខ្លួនមានជំងឺភ្នែក ត្រូវវះកាត់នោះ ដោយសារតែអ្នកនាងធ្លាប់មើលឃើញ ដើរហើរទៅណាមកណា មិនចាំបាច់មានអ្នកជួយគ្រាហ៍ ដឹកដៃ បែរជាត្រូវមកមើលអ្វីលែងឃើញទាំងអស់ សូម្បីតែមុខប្តី មុខកូន ក៏មើលមិន ឃើញ បានត្រឹមស្ទាបប៉ះ ទើបធ្វើឱ្យអ្នកនាង បានកើតមានសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង។ ប៉ុន្តែយ៉ាងណា ដំណាក់កាលដ៏លំបាកនេះ នាងត្រូវបានស្វាមីនៅចាំជួយជ្រោមជ្រែងពីក្រោយខ្នងជានិច្ច មើលថែ មិនឱ្យឃ្លាតពីភ្នែករបស់គាត់ឡើយ និងថែមទាំងបានលួងលោម ផ្តល់កម្លាំងចិត្តឱ្យនាង កាន់តែរឹងមាំ បន្តដំណើរទៅមុខ ជម្នះនូវឧបសគ្គមួយនេះ ឱ្យខាងតែបាន។

អ្នកនាង ប៉េងប៉ោង បានរំលឹកថា អ្វីដែលអ្នកនាងចាំមិនភ្លេចនោះ គឺសម្តីប្តីរបស់អ្នកនាង ដែលប្រាប់ថា “អត់អីទេ បច្ចេកវិទ្យាឥឡូវ ទំនើបណាស់ គ្រូពេទ្យខ្មែរ ក៏ពូកែៗណាស់ដែរ អូនកុំភ័យ ទោះមិនបាន ១០០ភាគរយ បានត្រឹម ៥០ភាគរយ ក៏ត្រូវតែមានសង្ឃឹមដែរ ត្រូវកាន់ដៃគ្នាឱ្យជាប់ ឆ្លងឧបសគ្គមួយនេះជាមួយគ្នា យើងធ្លាប់ឆ្លង ឧបសគ្គច្រើនហើយ អ៊ីចឹងកុំលែងដៃគ្នានៅពេលបែបនេះអី! អូនដួល បងអ្នកទាញឱ្យអូនងើប កុំដួលអី នៅពីក្រោយខ្នងអូន មានបងចាំជួយលើកអូន…” ដែលពាក្យទាំងនេះហើយ គឺជាកម្លាំងចិត្តដ៏ធំធេង ជួយជំរុញឱ្យអ្នកនាងមានចិត្តក្លាហាន ដើរកាត់ឧបសគ្គមួយនេះ។
អ្នកនាង ប៉េងប៉ោង បានបន្ថែមថា ក្រោយពីវះកាត់ភ្នែកខាងស្តាំ ដាក់ប្រេង ២ដង រួចមក គ្រូពេទ្យ បានបន្តវះកាត់ភ្នែកខាងឆ្វេង របស់អ្នកនាង ចំនួន២ដងទៀត ដោយដាក់ហ្គាស់ រហូតដល់ការវះកាត់ បានជោគជ័យ។ ក្នុងនោះ ភ្នែកខាងស្តាំ វះកាត់២ដង (ដាក់ប្រេង) មានរយៈពេល៦ខែហើយ ចំណែកភ្នែកខាងឆ្វេង វះកាត់២ដងដូចគ្នា (ដាក់ហ្គាស់) បានរយៈពេល ៣ខែហើយ ពេលនេះភ្នែករបស់អ្នកនាងទាំងសងខាង បានមើលឃើញឡើងវិញ ប្រមាណ៧០ ទៅ៨០ភាគរយ ខណៈដែលក្រុមគ្រូពេទ្យ ក៏មានការភ្ញាក់ផ្អើលចំពោះការវិវត្តសុខភាពភ្នែករបស់អ្នកនាងដែរ។ ប៉ុន្តែយ៉ាងណា គ្រូពេទ្យជំនាញ បានហាមឃាត់នូវទង្វើនិងការប្រព្រឹត្តមួយចំនួន រួមមាន កុំឱ្យដើរក្រោមពន្លឺថ្ងៃ ខណៈមានកម្តៅនិងពន្លឺខ្លាំង ហាមឡើងទីខ្ពស់ (ភ្នំ) ពិសេសមិនទាន់អនុញ្ញាតឱ្យជិះយន្តហោះបានឡើយ ព្រោះអាចធ្វើឱ្យភ្នែកមានសម្ពាធ អាចរីកមាឌ នាំឱ្យមានបញ្ហា។

ក្រៅពីបង្ហាញនូវអារម្មណ៍រីករាយ ដែលភ្នែករបស់ខ្លួន អាចមើលឃើញឡើងវិញ អ្នកនាង ប៉េងប៉ោង បានបញ្ជាក់ថា នៅពេលដែលភ្នែកអ្នកនាងបានប្រសើរឡើង អាចចេញសម្តែងបាន អ្នកនាង នឹងបង្ហាញមុខជាថ្មី ក្នុងវិស័យសិល្បៈ ដើម្បីកំដរអារម្មណ៍ទស្សនិកជនអ្នក គាំទ្រឡើងវិញ៕ ដារិទ្ធ