Tuesday, February 3, 2026
Homeសង្គម និងជីវិតអត់លុយទៅពេទ្យ កើតកូនលើសួនច្បារ

អត់លុយទៅពេទ្យ កើតកូនលើសួនច្បារ

ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះម្នាក់ អត់សាច់ញាតិ និងមិនមានលុយកាក់ជាប់ខ្លួន លុះឈឺពោះសម្រាលកូន អត់មានលុយទៅពេទ្យ ក៏សម្រាលកូនដោយខ្លួនឯង នៅលើសួនច្បារ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថ កិច្ច ចុះអន្តរាគមន៍ ទាក់ទងហៅរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍ស្ត្រីមានផ្ទៃពោះ សម្រាលកូនដោយខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នៅលើសួនច្បារក្បែរវត្តភ្នំ តាមបណ្តោយផ្លូវ៦៩ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មិនដឹងថា ស្ត្រីខាងលើ បានមកសម្រាលកូន ទៅទីតាំងកើតហេតុខាងលើ តាំងពីថ្មើរណានោះទេ រហូតដល់វេលាម៉ោងកើតហេតុ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ បានឮសំឡេងកូនង៉ាយំ ធ្វើឱ្យមានការងឿងឆ្ងល់ ក៏ដើររកមើល ស្រាប់តែប្រទះឃើញស្ត្រីខាងលើ បានដេកសម្រាលកូនតែឯង នៅលើសួនច្បារ ក្បែរវត្តភ្នំ ដោយសម្រាលបានកូនស្រីម្នាក់។

ប្រភពដដែល បន្តថា បន្ទាប់ពីឃើញស្ថានភាពបែបនេះ ប្រជាពលរដ្ឋប្រញាប់រាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យកន្លែងកើតហេតុ និងបានទាក់ទងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ ចុះមកដឹកបញ្ជូនស្ត្រីជាម្តាយនិងទារិកាខាងលើ យកទៅមន្ទីរពេទ្យបង្អែកចតុមុខ ដើម្បីសម្រាកព្យាបាលបន្ត៕

RELATED ARTICLES