Saturday, January 31, 2026
Homeសង្គម និងជីវិតផ្សោតសមុទ្រ មកលេងមនុស្ស

ផ្សោតសមុទ្រ មកលេងមនុស្ស

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានត្រីផ្សោតសមុទ្រ (បាឡែន) មួយក្បាល បានហែលមកជាប់កឿងនៅឆ្នេរតាបារាំង ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ  ទំនងជាចង់មកលេងជាមួយមនុស្ស បានកឿងជាប់នឹងដីខ្សាច់ ហើយភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋ រួមជាមួយប្រធានសហគមន៍នេសាទ និងមេឃុំកែវផុស បាននាំគ្នាជួយសង្គ្រោះត្រីផ្សោតសមុទ្រនេះ ដោយនាំយកចូលទៅតំបន់ទឹកជ្រៅវិញដោយសុវត្ថិភាព និងបានហែលចូលទៅទឹកជ្រៅ ក្នុងសមុទ្រវិញ។

យោងតាមការសន្និដ្ឋានរបស់មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រីដ៏កម្រមួយក្បាលនេះ មានប្រវែងប្រហែល ១២ម៉ែត្រ មានសុខភាពល្អធម្មតា តែវាឡើងមកលើឆ្នេរ ដើម្បីតាមចាប់ចំណី ដូចជា គី និងកូនត្រីតូចៗ ឬចង់មកលេងជាមួយមនុស្ស ទើបកឿងជាប់នឹងដីខ្សាច់។

លោក ផេង ម៉ីន មេឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ថា រូបលោក រួមជាមួយប្រធានសហគមន៍នេសាទកែវផុស និងប្រជានេសាទ បានចុះជួយសង្គ្រោះត្រីផ្សោតសមុទ្រ (បាឡែន) មួយក្បាល ដែលហែលមកកឿងជាប់ក្បែរឆ្នេរអណ្ដូងទ័រ (ឆ្នេរតាបារាំង) ស្ថិតក្នុងនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

លោកមេឃុំកែវផុស បញ្ជាក់ថា ត្រីបាឡែន ឬផ្សោតសមុទ្រនេះ មើលទៅមានសុខភាពល្អ ហើយវាស្លូតណាស់ មនុស្សអាចអង្អែលលេងជាមួយវាបាន តែដោយបារម្ភពីផលប៉ះពាល់ ដោយសារវាបានកឿងជាប់ដីខ្សាច់ នៅឆ្នេរសមុទ្រ ទើបពួកលោក រួមជាមួយប្រធានសហគមន៍នេសាទកែវផុស និងប្រជាពលរដ្ឋ ប្រជានេសាទ បាននាំគ្នាជួយឲ្យវាចូលទៅទឹកជ្រៅវិញ ហើយបន្ទាប់មក វាក៏បានហែលចូលទៅក្នុងសមុទ្រវិញបាត់ទៅ៕ ខៀវទុំ

RELATED ARTICLES