Wednesday, January 28, 2026
Homeព័ត៌មានជាតិស្ថាប័នសិទ្ធិមនុស្សកម្ពុជា បន្តប្តឹងទៅ អ.ស.ប  ថៃរំលោភសិទ្ធិជនភៀសសឹកកម្ពុជា

ស្ថាប័នសិទ្ធិមនុស្សកម្ពុជា បន្តប្តឹងទៅ អ.ស.ប  ថៃរំលោភសិទ្ធិជនភៀសសឹកកម្ពុជា

ភ្នំពេញ ៖ គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យបណ្តឹងទៅកាន់លោកស្រី ប៉ូឡា ហ្គាវីរីយ៉ា បាតានគួរ (Paula Gaviria Betancur) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិជនភៀសសឹកក្នុងប្រទេស ដោយទាមទារឱ្យមានចំណាត់ការជាបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុច្បាប់របស់យោធាថៃ រួមមាន ការវាយកម្ទេចផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលកម្ពុជា ក្នុងតំបន់ដែលយោធាថៃ បានឈ្លានពានកាន់កាប់ដោយខុសច្បាប់ រួមទាំងការដាក់ពង្រាយបន្លាលួស និងទូកុងតឺន័រ ដើម្បីរារាំងការវិល ត្រឡប់ដោយសុវត្ថិភាពនិងស្ម័គ្រចិត្ត ដែលជាការរំលោភសិទ្ធិជនភៀសសឹកកម្ពុជា យ៉ាងធ្ងន់បំផុត។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ពាក្យបណ្តឹងទៅកាន់លោកស្រី ប៉ូឡា ហ្គាវីរីយ៉ា បាតានគួរ (Paula Gaviria Betancur) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិជនភៀសសឹក ដែលមានខ្លឹមសារទាំងស្រុងថា «គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមជូនដំណឹងដល់សាធារណជន ទាំងជាតិនិងអន្តរជាតិ មេត្តាជ្រាបថា គ.ស.ម.ក. បានដាក់ពាក្យប្ដឹងទៅកាន់លោកស្រី Paula Gaviria Betancur អ្នក រាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិជនភៀសសឹកក្នុងប្រទេស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចំពោះករណីរំលោភសិទ្ធិជនភៀសសឹកកម្ពុជា យ៉ាងធ្ងន់ធ្ងរ ពីសំណាក់យោធាថៃ។

ទោះបីជាមានសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ (កិច្ចព្រមព្រៀងបទឈប់បាញ់) យ៉ាងណាក៏ដោយ ក៏ជនភៀសសឹកកម្ពុជា ច្រើនជាង ១១៥ ០០០នាក់ នៅតែមិនអាចត្រឡប់ទៅលំនៅឋាន និងសហគមន៍របស់ពួកគាត់វិញបាន ដោយសុវត្ថិភាព និងតាម ការស្ម័គ្រចិត្តនៅឡើយទេ បើគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដោយសារសកម្មភាពខុសច្បាប់របស់យោធាថៃ រួមមានការកម្ទេចផ្ទះរបស់ប្រជាជនស៊ីវិលកម្ពុជា ក្នុងតំបន់ដែលយោធាថៃ បានឈ្លានពាននិងកាន់កាប់ដោយខុសច្បាប់ ក៏ដូចជាការដាក់ពង្រាយលួសបន្លា និងទូកុងតឺន័រ។

ទង្វើរបស់យោធាថៃ បានធ្វើឱ្យជនភៀសសឹកកម្ពុជា ក្លាយជាជនគ្មានផ្ទះសម្បែង និងជាជនរងគ្រោះចំពោះការបណ្តេញចេញតាមទំនើងចិត្ត ដែលជាការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ ជាពិសេស ចំណុចទី១ ចំណុចទី៤ និងចំណុចទី៧។

ចំណុចទី១ បានចែងថា ៖ ភាគីទាំងពីរ ឯកភាពឈប់បាញ់ជាបន្ទាន់ រួមបញ្ចូលអាវុធគ្រប់ ប្រភេទ រួមទាំងការវាយប្រហារលើជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធនិងទ្រព្យសម្បត្តិស៊ីវិល ព្រមទាំងគោលដៅ យោធារបស់ភាគីទាំង សងខាង គ្រប់ករណីនិងគ្រប់តំបន់ទាំងអស់  កិច្ចព្រមព្រៀងនេះ មិនត្រូវរំលោភបំពានឡើយ ទោះក្នុងកាលៈ ទេសៈណាក៏ដោយ។

ចំណុចទី៤ លើកឡើងថា ៖ «ភាគីទាំងពីរ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។

ចំណុចទី៧ បានបញ្ជាក់បន្ថែមទៀតថា ៖ ភាគីទាំងពីរ ឯកភាពមិនប្រើប្រាស់កម្លាំងគ្រប់ប្រភេទ ប្រឆាំងនឹងជន ស៊ីវិល និងទ្រព្យសម្បត្តិរបស់ជនស៊ីវិល ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពបែបនេះ មិនត្រឹមតែធ្វើឱ្យគ្រោះថ្នាក់ដល់សហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភច្បាប់អន្តរជាតិ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ភាគីដែលមិនអនុវត្តតាមកិច្ចព្រមព្រៀងផងដែរ។

គ.ស.ម.ក. សូមគូសបញ្ជាក់ថា ការចូលមកកាន់កាប់ដោយខុសច្បាប់ ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងក្នុងការវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនានានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) អនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព (CRPD) អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។ ជាងនេះទៀត សកម្មភាពទាំងនេះ ក៏បាននិងកំពុងបង្កការលំបាកកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ចំពោះជនភៀស សឹកកម្ពុជា ជាពិសេសដល់ស្ត្រី កុមារ មនុស្សចាស់ជរា អ្នកជំងឺ និងជនមានពិការភាព ដែលជាក្រុមជនងាយរងគ្រោះស្រាប់ ត្រូវជួបបញ្ហា ដូចជា ភាពក្រីក្រ ការបាត់បង់ការសិក្សា បញ្ហាសុខភាពទាំងផ្លូវការនិងផ្លូវចិត្ត ព្រមទាំងឱកាសទទួលបានសេវាចាំបាច់ផ្សេងៗទៀត។

នៅក្នុងបណ្តឹងនោះ គ.ស.ម.ក. បានស្នើឱ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ៖

១. ពិនិត្យនិងដោះស្រាយជាបន្ទាន់នូវស្ថានភាពជនភៀសសឹកក្នុងប្រទេសកម្ពុជា ដែលបង្កឡើងដោយសកម្មភាពយោធារបស់ថៃ។

២. ចេញសេចក្តីជូនដំណឹងបន្ទាន់ទៅរដ្ឋាភិបាលថៃ និងធ្វើទំនាក់ទំនងជាមួយគ្រប់យន្តការអង្គការសហប្រ ជាជាតិពាក់ព័ន្ធ ដើម្បីអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពទាំងឡាយណាដែលរារាំងការវិលត្រឡប់របស់ជនភៀសសឹកកម្ពុជា ទៅលំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

៣. អំពាវនាវឱ្យប្រទេសថៃ ដកកងកម្លាំងយោធាចេញពីទឹកដីកម្ពុជា និងចៀសវាងរាល់សកម្មភាពណាដែលបង្កើនការគ្រប់គ្រងរបស់យោធាថៃ ឬបង្កឱ្យមានការភៀសសឹកបន្ថែមទៀត។

៤. បញ្ជាក់ស្ថានភាពនេះ នៅក្នុងបណ្ដឹងនិងរបាយការណ៍នានាថា ជាករណីធ្ងន់ធ្ងរមួយនៃការ ភៀសសឹកក្នុងប្រទេសជាប់ពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ ដែលជាការរំលោភលើច្បាប់សិទ្ធិ មនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។

៥. ជំរុញឱ្យប្រទេសថៃ ផ្តល់នូវការជួសជុលការខូចខាតនានាជូនដល់ជនរងគ្រោះកម្ពុជា ដូចជា ការផ្តល់ជាសំណង និងការធានាមិនឱ្យករណីបែបនេះកើតឡើងជាថ្មីម្តងទៀត។

គ.ស.ម.ក. សូមបញ្ជាក់ជាថ្មីថា ការភៀសសឹកក្នុងប្រទេស មិនមែនជាបញ្ហាសាមញ្ញនោះទេ ហើយភាពស្ងៀម ស្ងាត់និងយឺតយ៉ាវក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នឹងបង្កឱ្យមាននិទ្ទណ្ឌភាព និងការរងគ្រោះ កាន់តែអូសបន្លាយនិងធ្ងន់ធ្ងរសម្រាប់ប្រជាជនស៊ីវិល។ ប្រទេសកម្ពុជា មានកាតព្វកិច្ចចម្បងក្នុងការការពារប្រជាជនខ្លួន និងដាក់ចេញវិធានការសំខាន់ៗក្នុងការជួយជនភៀសសឹក ប៉ុន្តែការចូលរួមរបស់សហគមន៍អន្តរជាតិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅពេលដែលការភៀសសឹក បានកើតឡើងដោយសារសកម្មភាពរបស់យោធាបរទេស»៕ ខៀវទុំ

RELATED ARTICLES