Wednesday, January 28, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចុះពីម៉ូតូភ្លេចដកសោ ចោរលួចជិះ

ចុះពីម៉ូតូភ្លេចដកសោ ចោរលួចជិះ

ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់ បានជិះម៉ូតូ ១គ្រឿង ទៅរកទិញមី នៅតូបលក់ចាប់ហួយ ក្នុងភូមិ លុះទៅដល់ ចុះពីលើម៉ូតូ មិនបានដកសោចេញ ស្រាប់តែរំពេចនោះ លេចមុខជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពលួចបញ្ឆេះម៉ូតូ ជិះរត់គេច តែត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាការពារ សហការស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិក្របីស ឃុំត្នោតជុំ ស្រុកក្រគរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ជា រស្មី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទួលលាន ឃុំជ័យកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-5422 ជារបស់ជនរងគ្រោះឈ្មោះ យន់ សារឿន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិក្របីស ឃុំត្នោតជុំ ស្រុកក្រគរ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បានសហការចុះបង្ក្រាបករណីលួចម៉ូតូ នៅចំណុចមុខផ្ទះរបស់ឈ្មោះ យ៉ុន សារ៉ាន់ ស្ថិតនៅភូមិក្របីស ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពដដែល បន្តថា យោងតាមកំណត់ហេតុបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ យន់ សារឿន បានរៀបរាប់ថា កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ខ្លួនបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-5422 ដើម្បីទៅទិញមី នៅផ្ទះរបស់ឈ្មោះយ៉ុន សារ៉ាន់ ពេលមកដល់ ខ្លួនពុំបានដកសោចេញពីម៉ូតូទេ ហើយបានចូលទិញមី ស្រាប់តែឃើញមនុស្សប្រុស ២នាក់ ពាក់មួកសុវត្ថិភាព និងអាវដៃវែងពណ៌ខ្មៅ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខនិងឆ្នាំផលិត បានមកឈប់ម៉ូតូក្បែរម៉ូតូរបស់គាត់ ហើយសួររកទិញបារី និងភេសជ្ជៈ ដោយ សារអ្នកលក់ មិនស្គាល់ភេសជ្ជៈ ទើបគាត់បានទៅជួយរក ស្រាប់តែបុរសម្នាក់ក្នុងចំណោមបក្ខពួកនោះ បានយកម៉ូតូរបស់ខ្លួន ជិះចេញសំដៅទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ៥ ភ្លាមនោះខ្លួនបានរត់ដេញចាប់ តែមិនទាន់ ទើបស្រែកឆោឡោ ផ្អើលដល់ប្រជាការពារភូមិ បោះដៃតាមវិទ្យុទាក់ទង ឱ្យជួយចាប់ចោរលួចម៉ូតូរបស់គាត់ រហូតឈានដល់ការស្ទាក់ឃាត់ខ្លួនជនសង្ស័យបាន និងដកហូតម៉ូតូបានត្រឡប់មកវិញ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ៕

RELATED ARTICLES