Wednesday, January 28, 2026
Homeតារាខ្មែរអ៊ីវ៉ា ចាយកន្លះលានដុល្លារ

អ៊ីវ៉ា ចាយកន្លះលានដុល្លារ

ភ្នំពេញ ៖ អ៊ីវ៉ា បានជះលុយធំ៣ដុំ ជិត៣០ម៉ឺនដុល្លារ ទិញរថយន្ដទំនើប ម៉ាក Lexus LX700h ស៊េរីថ្មី ពណ៌ខ្មៅ តម្លៃជិត៣០ម៉ឺនដុល្លារ កាលពីថ្ងៃទី២៦ ខែមករា ដោយមានគូស្នេហ៍ លោកលី សេងហួរ និងក្រុមគ្រួសារ សាទរនាងគ្រប់គ្នា ។ តាមប្រភពថា រថយន្ដ Lexus LX 700h ប្រើម៉ាស៊ីន Hybrid  ត្រកូល LX តម្លៃចាប់ពី 275,000ដុល្លារ សម្រាប់ Lexus LX700h  F- Sport និងតម្លៃ 310,000 ដុល្លារ សម្រាប់ Lexus LX700h  VIP ។

តារាចម្រៀង ឃីន ស្រីនាថ ហៅអ៊ីវ៉ា ថ្លែងសារថា «ថ្ងៃលាភ ថ្ងៃជ័យ នាំសមាជិកថ្មី ចូលផ្ទះ សូមឲ្យហេងៗ សុខសប្បាយ រកស៊ីមានបាន ។ ប្រឹង១៥ឆ្នាំហើយ ពេលនេះគ្រាន់តែចង់តបស្នងឲ្យខ្លួនឯង ទទួលបាននូវអ្វីដែលចង់បាន» ។ ចំណែកលោក លី សេងហួរ ចេញសារថា «អបអរសាទរ មនុស្សពូកែជាងគេលើលោក។ ឲ្យតែមានគោលដៅច្បាស់លាស់ ទោះយឺតបន្ដិច តែមានន័យ សម្រាប់ការខិតខំប្រឹងប្រែងកន្លងមក អរគុណដៃគូជីវិត ឃីន ស្រីនាថ» ។

គួរបញ្ជាក់ថា នៅខែមករា ឆ្នាំ២០២៦ នេះអ៊ីវ៉ា បានទិញរថយន្ដទំនើប ដល់ទៅ ២គ្រឿង  ព្រោះកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នាងបានទិញរថយន្ដប្រភេទនេះ មួយគ្រឿងដែរ តែជាព៌ណស ហេតុនេះចូលឆ្នាំថ្មីភ្លាម នាងចាយអស់ជាងកន្លះលានដុល្លារ ទៅលើការលេងម៉ូដរថយន្ដទំនើប ទាំងពីរគ្រឿង បន្ថែមទៅលើរថយន្ដដែលមានស្រាប់ ដូចជា ម៉ាក Ford Everest  និង Staria ជាដើម ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ រថយន្ដពីមុនៗទាំងអស់ ដែលស្រីនាថ ជិះគឺប្រើស្លាកលេខឈ្មោះនាង បញ្ចូលគ្នាជាមួយឈ្មោះគូស្នេហ៍តែម្ដង ដូចជា (កម្ពុជា NH.EVA.9)។

ប្រភពថា អ៊ីវ៉ា បានទិញរថយន្ដទាំងនោះ ចូលលុយគ្នាជាមួយគូស្នេហ៍ ហើយពួកគេរកស៊ី Online ក៏ដាក់ទុនរួមគ្នាដែរ ហេតុនេះពួកគេចិត្ត១ ថ្លើម១ ទៅហើយ ក្រោយមានដំណឹងថាអ្នកទាំងពីរ បានភ្ជាប់ពាក្យជាមួយគ្នា តាំងពីឆ្នាំ២០២២ ។

 គួរកត់សម្គាល់ថា ការដែលអ៊ីវ៉ា ចាយលុយធំ ដល់ទៅជាងកន្លះលានដុល្លារ ទិញរថយន្ដទំនើប ២គ្រឿង ក្នុងចន្លោះត្រឹមតែជាង២សប្ដាហ៍នេះ ក្រោយមានព័ត៌មានថា ស្រីនាថ និងលោកសេងហួរ គ្រោងដឹកដៃគ្នាចូលរោងការ នៅឆ្នាំ២០២៦ នេះតែម្ដង ព្រោះកាលពីខែដើមខែតុលា ឆ្នាំ២០២៥ អ៊ីវ៉ា និងសង្សារ ក៏បានបណ្ដើរគ្នាទៅល ឈុតអាពាហ៍ពិពាហ៍ ដែលទំនងជាការថតឈុត Pre-Wedding  តែមិនទាន់បញ្ចេញ ខណៈកាលពីដើមខែ កុម្ភៈ ឆ្នាំ២០២៥ នាងបង្ហាញសញ្ញាចង់ធ្វើកូនក្រមុំមែនទែន និងនៅចុងខែធ្នូ ឆ្នាំ២០២៥ នាងបានប្រកាសថា នឹងរៀបការប្ដី ពេលចប់សង្រ្គាមនៅព្រំដែនកម្ពុជា-ថៃ ដែលការអន្ទះសាចង់រៀបការបែបនេះនាងថា ដើម្បីចូលរួមបង្កើនធនធានមនុស្ស ។ នៅថ្ងៃទិញឡានថ្មីនេះដែរ ស្រីនាថ ក៏បានបង្ហាញផ្ទះវីឡាទ្រនំស្នេហ៍ផងដែរ ពោលគឺក្នុងវ័យ ៣១ឆ្នាំ អ៊ីវ៉ា មានផ្ទះ និងរថយន្តទំនើបៗជិះមិនចាញ់តារាល្បីរៀមច្បងនោះទេ ទើបនាងព្រមគិតគួររៀបការ។

 អ៊ីវ៉ា បានសាងស្នេហាជាមួយលោកលី សេងហួរ ម្ចាស់ក្លឹបបាល់ទាត់ សៀមរាប យូណាយធីត គម្រប់ខួបស្នេហ៍ ១០ឆ្នាំ នៅឆ្នាំ២០២៦  ខណៈដែលចំណងស្នេហានេះ ទើបបើកចំហ កាលពីឆ្នាំ២០២៣ ពោលគឺសាងស្នេហ៍ដោយលាក់លៀម អស់រយៈពេល៧ឆ្នាំ ។ លោកសេងហួរ តែងតែសរសើរគុណសម្បត្តិរបស់អ៊ីវ៉ា ជាបន្ដបន្ទាប់ ហើយនៅពេលឃើញស្រីនាថ ទិញឡានថ្មី លោកថា សុំធ្វើជាតៃកុងឡាននាងទៀតផង បានន័យថា ពេលនាងទៅ ណាលោកអាចបើកជូនទៅបានគ្រប់ទីកន្លែងទាំងអស់ ។ ថៅកែវ័យក្មេងរូបនេះ ក៏បើកសិទ្ធិឲ្យអ៊ីវ៉ា លេងសិល្បៈ ដោយសេរី ព្រោះលោកក៏ជាអ្នកស្រលាញ់វិស័យសិល្បៈដែរ ហេតុនេះលោកមិនប្រចណ្ឌឬហួងហែងនាងផ្ដេស ផ្ដាសនោះទេ ។ មហាជនជឿថា មង្គលការរបស់ស្រីនាថ នៅឆ្នាំ២០២៦ នេះ អ្នកដែលរីករាយជាងគេ គឺលោក អ៊ូ វ៉ាវ ជាឪពុកនាង ព្រោះលោកធ្លាប់ជំរុញឲ្យកូនស្រី រៀបការប្ដី តាំងពីឆ្នាំ២០២១ ប៉ុន្ដែនាងព្យាយាមពន្យារពេលអស់ ៥ឆ្នាំ រហូតទាល់តែពេលនេះទិញបានរថយន្ដក្នុងក្ដីស្រមៃ ទើបព្រមដឹកដៃគូស្នេហ៍ ទៅលឈុតអាពាហ៍ពិ ពាហ៍ ៕

RELATED ARTICLES