Tuesday, January 27, 2026
Homeព័ត៌មានជាតិសិស្ស៣០ម៉ឺននាក់ ទទួលផលពីកម្មវិធីផ្តល់អាហារតាមសាលារៀន

សិស្ស៣០ម៉ឺននាក់ ទទួលផលពីកម្មវិធីផ្តល់អាហារតាមសាលារៀន

ភ្នំពេញ ៖ កម្មវិធីផ្តល់អាហារតាមសាលារៀន បានរួមចំណែកដ៏សំខាន់ក្នុងការកសាងមូលធនមនុស្ស តាមរយៈការផ្តល់អាហារពេលព្រឹក ដល់កុមារ នៅតាមសាលាបឋមសិក្សាគោលដៅខាងលើ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ។ កម្មវិធីនេះ បានប្រើប្រាស់កសិផលក្នុងសហគមន៍ និង កំពុងអនុវត្តតាមសាលារៀនគោលដៅចំនួន ១១១៤ ដែលមានសិស្សទទួលផលសរុប ជាង៣០ម៉ឺននាក់ នៅតំបន់មានភាពងាយរងគ្រោះ និងអសន្តិសុខស្បៀង។

បើតាមរបាយការណ៍ក្រុមប្រឹក្សាជាតិគាំពារសង្គម សាលារៀនគោលដៅ ចំនួន ៨១៦សាលា ដែលមានសិស្សទទួលផល ប្រមាណ ២៣ម៉ឺននាក់ បានអនុវត្តគម្រោងដោយប្រើប្រាស់ថវិកាជាតិ។ ចំណែកសាលាចំនួន២៩៨ និងសាលាផ្សេងទៀត កំពុងអនុវត្តកម្មវិធីស្បៀងអាហារ ពិភពលោក។

កម្មវិធីនេះ ផ្តល់អាហារក្តៅៗពេលព្រឹក ដល់សិស្សដែលកំពុងសិក្សានៅតាមសាលាបឋមសិក្សាសាធារណៈ ក្នុងតំបន់គោលដៅនៃខេត្ត ចំនួន១០ រួមមាន ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមាន ជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ដែលមានសិស្សទទួលផល ប្រមាណ ៣០០ ០០០នាក់។ ការចម្អិនអាហារនេះ បានប្រើប្រាស់កសិផលក្នុងសហគមន៍ រួមមាន អង្ករ បន្លែផ្លែឈើ និង ត្រីសាច់ ជាដើម ដែលត្រូវបានផ្តល់ដោយអ្នកផ្គត់ផ្គង់ដែលទទួលបានកុងត្រាក្នុងការផ្គត់ផ្គង់ជាប្រចាំនៅតាមសាលារៀន ដោយផ្ទាល់។

កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីជាតិជំនួយសង្គមមួយ ត្រូវបានដាក់ឱ្យអនុវត្តជាកម្មវិធីជាតិនៅឆ្នាំ២០១៩។ កម្មវិធីនេះ មានគោលបំណងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តល់អាហារក្តៅៗ មានជីវជាតិ ដល់សិស្សនៅតាមសាលាបឋមសិក្សាសាធារណៈ ក៏ដូចជាក្នុងតំបន់ដែលមានអសន្តិសុខស្បៀងខ្ពស់ មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់។

កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជួយលើកកម្ពស់កម្រិតអាហារូប ត្ថម្ភ បង្កើនអត្រាចុះឈ្មោះចូលរៀន ជួយឱ្យសិស្ស មករៀនបានទៀងទាត់ កាត់បន្ថយការបោះបង់ការសិក្សា ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ច និងសមធម៌ នៅក្នុងសហគមន៍ផងដែរ៕

RELATED ARTICLES