ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមនាវី សាមូអែល ប៉ាប៉ារ៉ូ (Samuel Paparo) មេបញ្ជាការ នៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអាមេរិក ជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានសន្តិភាព។នាយឧត្តមនាវី Samuel Paparo បំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលជាមួយនឹងនាវាចម្បាំងអាមេរិក ចូលមកចតនៅមូលដ្ឋានសមុទ្ររាម របស់កម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងសហរដ្ឋអាមេរិក។

នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នាយឧត្តមនាវី Samuel Paparo មានជំនួបសម្តែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះឬាជាណាចក្រកម្ពុជា ហើយក៏មានរៀបចំពិធីជប់លៀងលើនាវាដ៏មានអានុភាពរបស់អាមេរិក ដែលកំពុងចតនៅមូលដ្ឋានសមុទ្ររាម ផងដែរ។

មុនឆ្នាំ២០២៤ កម្ពុជា និងអាមេរិក ហាក់មានការមិនយល់ចិត្តគ្នាមួយចំនួន លើបញ្ហាមូលដ្ឋានសមុទ្ររាម ដោយមានការចោទប្រកាន់ថា កម្ពុជា ផ្តល់មូលដ្ឋានសមុទ្ររាម ជាទីតាំងឈរជើងរបស់កងទ័ពជើងទឹកចិន ក្នុងគ្រាដែលកម្ពុជា កែលម្អមូលដ្ឋាននេះ ឱ្យកាន់តែល្អប្រសើរ។ ប៉ុន្តែចាប់ពីឆ្នាំ២០២៤ មក ទំនាក់ទំនងហាក់ល្អប្រសើរឡើងវិញ ហើយនាវាចម្បាំងអាមេរិក ក៏បានចូលមកកាន់សមុទ្រកម្ពុជា ក្រោយខកខានជាច្រើនឆ្នាំ។
ជាក់ស្តែង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នាវាចម្បាំងអាមេរិក មួយគ្រឿង ឈ្មោះ USS CINCINNATI (LCS 20) ជាមួយនាវិកប្រមាណ ១០០នាក់ បានចូលចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
នាវាកងទ័ពជើងអាមេរិក ដែលចូលចតនៅផែសមុទ្ររាម នេះ មានទម្ងន់ប្រមាណ ៣ពាន់តោន មានប្រវែងជិត ១៣០ម៉ែត្រ ហើយមានផ្ទុកឧទ្ធម្ភាគចក្រ ផងដែរ។ នាវាកងទ័ពជើងអាមេរិក ដែលធ្វើដំណើរមកកាន់កម្ពុជា នេះ ដឹកនាំដោយមេបញ្ជាការ វរនាវីត្រី Andrew J.Recame។
ដំណើរមដល់នៃនាវាចម្បាំងអាមេរិក ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម កងទ័ពជើងកម្ពុជា។
ក្នុងឱកាសចតនៅសមុទ្រកម្ពុជា នេះ កងទ័ពជើងទឹកកម្ពុជា និងអាមេរិក មានកម្មវិធីហ្វឹកហ្វឺនរួមគ្នា និងការលេងកីឡាបាល់ទាត់មិត្តភាពជាមួយគ្នាផងដែរ ដើម្បីរឹតចំណងមេត្រីភាព។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៦ នេះ នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានមកបំពេញទស្សនកិច្ចនៅកម្ពុជា សរុបចំនួន ៣១លើក ជាមួយនាវាចំនួន ៣៧គ្រឿង។

មន្ត្រីកងទ័ពជើងទឹកកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។ កម្ពុជា បន្តគាំទ្រការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ាន និងឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈកិច្ចសហប្រតិបត្តិការដែលផ្អែកលើការគោរពអធិបតេយ្យ និងច្បាប់អន្តរជាតិ។ កងទ័ពជើងទឹកកកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបតិត្តការបន្ថែមទៀត ជាមួយកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
ជាមួយការចូលចតនៃនាវាកងទ័ពជើងទឹកអាមេរិក នាពេលនេះ ក៏មានដំណើរទស្សនកិច្ចនៅកម្ពុជា របស់នាយឧត្តមនាវី សាមូអែល ប៉ាប៉ារ៉ូ (Samuel Paparo) មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក ផងដែរ។

នាវាកងទ័ពជើងទឹកអាមេរិក ដែលមកចតនៅមូលដ្ឋានសមុទ្ររាម នាពេលនេះ គឺជានាកងទ័ពជើងទឹករបស់បរទេស ទី៣ ហើយ ដែលបានចូលមកចតនៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការធ្វើទំនើបកម្មនិងសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីឆ្នាំ២០២៥ ក្នុងនោះនាវាទី១ របស់ជប៉ុន និងនាវាទី២ របស់វៀតណាម៕ ខៀវទុំ