Monday, January 26, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនៅក្នុងផ្ទះសុខៗ ឡានបុកចូល ផ្ទុះឆេះស្លាប់

នៅក្នុងផ្ទះសុខៗ ឡានបុកចូល ផ្ទុះឆេះស្លាប់

ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ កំពុងនៅក្នុងផ្ទះសុខៗ ស្រាប់តែមានបុរសម្នាក់ បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន បុកម៉ូតូ ១គ្រឿង ពេញទំហឹង បណ្តាលឱ្យបុរសជាអ្នកជិះម៉ូតូ រងរបួសធ្ងន់ ចំណែករថយន្ត បានជ្រុលបុកចូលផ្ទះរបស់ស្ត្រីរងគ្រោះ បណ្តាលឱ្យផ្ទុះឆេះទាំងរថយន្ត និងផ្ទះ ព្រមទាំងបណ្តាលឲ្យស្ត្រីជាម្ចាស់ផ្ទះ ស្លាប់នៅនឹងកន្លែង ឯបុរសជាប្តី រងរបួសស្រាល។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៤០នាទីព្រលប់ថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ។

ស្ត្រីរងគ្រោះដែលនៅក្នុងផ្ទះសុខៗ ឡានបុកចូល ផ្ទុះឆេះស្លាប់នោះ មានឈ្មោះ អ៊ន ចម្រើន អាយុ៤៩ឆ្នាំ។ ចំណែកបុរសជាប្តី មានឈ្មោះខុន វ៉ាន់ អាយុ៤៣ឆ្នាំ (រងរបួសស្រាល)។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ មានលំនៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ។ រីឯជនរងគ្រោះជាអ្នកជិះម៉ូតូ មានឈ្មោះ នៅ ជាតិ ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ (រងរបួសធ្ងន់)។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះ តាវ ស៊ីថា ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ (រងរបួសធ្ងន់)។

តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹង កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ថា មុនពេលកើតហេតុ បុរសជាអ្នកបើកបររថយន្ត បានបើករថយន្តចេញពីផ្សារផ្អាវ ក្នុងគោលបំណងត្រឡប់ទៅផ្ទះរបស់ខ្លួន នៅបាធាយ តែពុំទាន់ដល់ផ្ទះផង ក៏ជួបហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍តាមដងផ្លូវ ដោយបុកអ្នកជិះម៉ូតូ ឱ្យរងរបួស ព្រមទាំងបុកចូលផ្ទះប្រជាពលរដ្ឋ បង្កឱ្យកើតមានអគ្គិភ័យ ឆេះទាំងរថយន្ត និងផ្ទះប្រជាពលរដ្ឋ អស់ទាំងស្រុង ថែមទាំងបណ្តាលឲ្យស្ត្រីម្នាក់ ជាម្ចាស់ផ្ទះ បាត់បង់ជីវិតថែមទៀត។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាក Lexus RX-400h ពណ៌ផ្សែងបារី ពាក់ ស្លាកលេខ រដ្ឋ 10 2-9559 បើកបរដោយឈ្មោះ តាវ ស៊ីថា ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចខាងលើ បានជ្រុលបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JJ-2811 បើកបរដោយឈ្មោះនៅ ជាតិ (មិនពាក់មួកសុវត្ថិភាព) ក្នុងទិសដៅពីត្បូង ទៅជើង បញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តមិនទាន់អស់ល្បឿន បន្តទៅចូលផ្ទះប្រជាពលរដ្ឋ នៅខាងកើតផ្លូវ ហើយបានបុកម្ចាស់ផ្ទះ ២នាក់ប្តីប្រពន្ធ (ប្តីឈ្មោះខុន វ៉ាន់ ប្រពន្ធឈ្មោះ អ៊ន ចម្រើន) ដែលកំពុងឈរនៅក្នុងផ្ទះ បណ្តាលឱ្យស្ត្រីជាប្រពន្ធ ស្លាប់នៅនឹងកន្លែង ចំណែកបុរស ជាប្តីរងរបួសស្រាល។

នៅក្នុងហេតុការណ៍ខាងលើ បានបណ្តាលឱ្យមានអគ្គិភ័យកើតឡើង ឆេះផ្ទះ ១ខ្នង សង់ពីឈើដំបូល និងជញ្ជាំងស័ង្កសី ខូចខាតសម្ភារៈនិងទ្រព្យសម្បត្តិទាំងស្រុងនៅក្នុងផ្ទះ និងឆេះរថយន្តម៉ាក Lexus RX-400h អស់ទាំងស្រុង ព្រមទាំងខូចខាតម៉ូតូ ១គ្រឿង កម្រិតធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះជាអ្នកជិះម៉ូតូដែលរងរបួសធ្ងន់ រួមទាំងអ្នកបើកបររថយន្តបង្កហេតុ ដែលរងរបួសធ្ងន់ដូចគ្នា ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបាធាយ ភ្លាមៗ។

ចំពោះវត្ថុតាងពាក់ព័ន្ធ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយ ដើម្បីដោះស្រាយតាមច្បាប់។

ដោយឡែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES