ភ្នំពេញ ៖ តារាចម្រៀង លោកហួន សំអុល ដែលធ្លាប់តែច្រៀងបទលោកព្រាប សុវត្ថិ សឹងតែ ១០០% រហូតមានអ្នកខ្លះថា ស្ដាប់បទខ្លះ សំឡេងលោកច្រឡំគ្នានឹងម្ចាស់ដើមនោះថ្មីៗនេះ ត្រូវបានតារាចម្រៀង លោកសាពួន មីដាដា ប្រកាសជាសាធារណៈថា លោកសំអុល នេះហើយ អនាគតនឹងស្នងតំណែងតារាចម្រៀងរៀមច្បង ព្រាប សុវត្ថិ ។ ការដែលលោកមីដាដា ជឿជាក់លើសមត្ថភាពរបស់លោកហួន សំអុល ទាំងស្រុងបែបនេះ ដោយសារ តែអតីតតារាហង្សមាស រូបនេះយល់ថា លោកសំអុល ជាអ្នកចម្រៀងសម័យទំនើបជំនាន់ក្រោយ ដែលមានសំ ឡេងធ្ងន់ខ្ពស់ ។ មិនត្រឹមតែអាចព្យាករណ៍ដឹងថា លោកសំអុល អាចស្នងតំណែងលោកព្រាប សុវត្ថិ បាន នាពេលខាងមុខទេ តែលោកមីដាដា ថែមទាំងជូនពរសិស្សប្អូន ជោគជ័យលើវិថីសិល្បៈចម្រៀងនេះទៀតផង ។

កំពូលតារាចម្រៀងព្រាប សុវត្ថិ
តើលោក ហួន សំអុល ពិតជាអាចស្នងតំណែងព្រាប សុវត្ថិ បានដូចលោកសាពួន មីដាដា ព្យាករមែនឬយ៉ាងណា ?


លោកហួន សំអុល និងលោកសាពួន មីដាដា
លោក ហួន សំអុល បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ថា លោកញញឹមសប្បាយចិត្តនូវការលើកសរសើរពីលោកសាពួន មីដាដា ប៉ុន្ដែលោកមិនហ៊ានទទួលពាក្យថា ស្នងតំណែងលោកព្រាប សុវត្ថិ ដែលខ្លួនបានចាត់ទុកថាជា Super Star របស់ប្រចាំប្រទេសកម្ពុជា នោះទេ ។ លោកសំអុល ថាក្នងនាមជាសិស្សប្អូនលោកគោរពស្រលាញ់លោកព្រាប សុវត្ថិ ទុកដូចជាគ្រូបង្គោលម្នាក់របស់ខ្លួន ។ ប៉ុន្ដែមិនមែនគេសរសើរថា លោកខ្លាំងដូចតារាលំដាប់ប្រទេសបែបនេះហើយ លោកត្រូវពើងទ្រូង ធ្វើខ្លួនដូចខ្លួនឯងខ្លាំងនោះទេ គឺលោកមានតែព្យាយាមស្វែងយល់ពីចំណុចល្អៗរបស់រៀមច្បងទាំងអស់ បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យបានល្អដែរ។


លោក ហួន សំអុល ថាលោកព្រាប សុវត្ថិ ល្អគ្រប់យ៉ាងទាំងអស់ ជាតារាមានសមត្ថភាពពីធម្មជាតិ ហើយទោះជាពេលនេះ បានចេញពីហង្សមាស ទៅផលិតកម្មថ្មីហើយក៏ដោយ តែលោកនៅតែជា Super Star របស់កម្ពុជា ដដែល ។ លោកថា ក្នុងនាមជាសិស្សប្អូន និងគាំទ្រលោកសុវត្ថិ លោកមានតែជូនពរលោកសុវត្ថិ ឲ្យកាន់តែជោគជ័យថែមទៀត ប៉ុន្ដែការដែលលោកមីដាដា ថាលោកអាចស្នងតំណែងលោកសុវត្ថិ បាន នាពេលអនាគតនោះ លោកមិនហ៊ានទទួលជាដាច់ខាត ។

លោកហួន សំអុល និងលោកឈឿន ឧត្តម

គួរបញ្ជាក់ថា លោកហួន សំអុល អាយុ៣៤ឆ្នាំ ប្អូនលោកព្រាប សុវត្ថិ ដល់ទៅ ១៧ឆ្នាំ(សុវត្ថិ ៥១ឆ្នាំ) បានចាប់អាជីពចម្រៀង ១៧ឆ្នាំមកហើយ តាំងពីនៅស្រុកកំណើតខេត្តកំពតច្រៀងតាមអកកេះ ហើយបានឡើងមកច្រៀងតាម Pub ក្លឹប និងហាងនានានៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១៨ ។ លោកសំអុល ថាការច្រៀងនៅភ្នំពេញ ជិត១០ឆ្នាំនេះហើយ ដែលលោកច្រៀងភាគច្រើន តែបទលោកព្រាប សុវត្ថិ ហើយមិនមែនតែលោកសាពួន មីដាដា ទេ ប៉ុន្ដែមានភ្ញៀវជាច្រើន ក៏បានសរសើរថា លោកច្រៀងបទព្រាប សុវត្ថិ បានល្អដែរ ។ លោកថា បទព្រាប សុវត្ថិ ដែលលោកយកមកច្រៀងញឹកញាប់ជាងគេ គឺបទ «ជ្រកភ្លៀង», «ថ្ងៃបាក់រសៀល » និង «ខ្លុយស្នេហ៍ត្នោតទេរ» ជាដើម ដែលបទទាំងនេះ ពេលច្រៀងទៅ ធ្វើឲ្យលោកនឹកស្រុកកំណើតជាកូនអ្នកស្រែ ខេត្តកំពត។ ប៉ុន្ដែលោកថា មានបទរបស់លោកព្រាប សុវត្ថិ ជាច្រើនទៀត ដែលលោកបានលើកមកច្រៀងតាម Pub ផងនិង Cover ឡើងវិញផង ខណៈដែលសព្វថ្ងៃ លោកក៏ជាតារាចម្រៀងក្នុងក្រុមតន្រ្ដីចចកសមុទ្រ ផលិតបទចម្រៀងថ្មីៗ និង Cover បទល្បីៗជារៀងរាល់ខែ។ លោកសំអុល ថាមុនចាប់ផ្ដើមច្រៀងបទព្រាប សុវត្ថិ សឹងតែទាំងស្រុងនោះ រូបលោកក៏ធ្លាប់ច្រៀងបទខេមរៈ សិរីមន្ដ និងតារាផ្សេងៗទៀតដែរ ពេលច្រៀងអកកេះនៅខេត្ត រួមទាំងបទមរតកដើមផងដែរ ។ លោកថា ជាង១០ឆ្នាំនេះ មិនដែលជួបលោកព្រាប សុវត្ថិ ដោយផ្ទាល់ទេ តែមុនលោកចាប់ផ្ដើមច្រៀងបទសុវត្ថិ ភាគច្រើននោះ លោកធ្លាប់ជួបលោកសុវត្ថិ ដែរ។


លោកហួន សំអុល និងអ្នកនាងម៉េង កែវពេជ្ជតា
សូមរំលឹកថា ក្រៅពីលោកហួន សំអុល កន្លងមកក៏មានតារាជាច្រើនដែរ ដែលនិយមតែងខ្លួន និងច្រៀង Style ព្រាប សុវត្ថិ រហូតដល់តារាទាំងនោះ ជាប់ឈ្មោះ ព្រាប សុវត្ថិ ផ្សេងៗគ្នា ដូចជា ព្រាប សុវត្ថិ បុកល្ហុង (ស្លាប់), ព្រាប សុវត្ថិ បាត់ដំបង និងព្រាប សុវត្ថិ ស្វាយរៀង ជាដើម ។ សម្រាប់លោកសំអុល មុនលោកសាពួន មីដាដា ចេញមកអះអាងថា លោកសមនឹងស្នងតំណែងលោកព្រាប សុវត្ថិ លោកសំអុល ធ្លាប់ធ្វើជាការចុះទូកនេសាទជាមួយគ្រូសារ នៅខេត្តកំពត ជិត១០ឆ្នាំ និងធ្លាប់ប្រលងចម្រៀងជាច្រើន ដូចជា ៖ ជាប់លេខ១ កម្មវិធី Spy របស់ប៉ុស្ដិ៍ Mytv ,ឈានដល់វគ្គ Final កម្មវិធី The Melody របស់ប៉ុស្ដិ៍បាយ័ន, ឈានដល់វគ្គ Live Show សប្ដាហ៍ទី១ កម្មវិធី The Voice Cambodia រដូវកាលទី២ របស់ហង្សមាស និងទទួលបានចំណាត់ថ្នាក់លេខ៣ កម្មវិធី Singest Contest របស់ប៉ុស្ដិ៍លេខ៣ ៕

លោកហួន សំអុល និងលោកឆាយ វីរៈយុទ្ធ