Friday, January 23, 2026
Homeសង្គម និងជីវិតទាហានថៃ ដោះលែងពលរដ្ឋខ្មែរម្នាក់ទៀត

ទាហានថៃ ដោះលែងពលរដ្ឋខ្មែរម្នាក់ទៀត

ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ ជាប្រជាពលរដ្ឋខ្មែរម្នាក់ ត្រូវបានទាហានថៃ ចាប់ខ្លួន កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ហើយទើបបញ្ជូនត្រឡប់វិញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ពេលនេះកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី។

ប្រជាពលរដ្ឋខ្មែរដែលត្រូវទាហានថៃ ចាប់ខ្លួនជិត១ខែ និងទើបត្រូវបានដោះលែងមកវិញនោះ មានឈ្មោះប៉ុក សារុំ ភេទប្រុស អាយុ៦៤ឆ្នាំ មានលំនៅ ភូមិបន្ទាយមានឫទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។យោងតាមប្រភពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តម សេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងផែនការងារអាវុធគ្រឿងផ្ទុះ អគ្គិភ័យ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ មានថវិកា ភេសជ្ជៈ សួរសុខទុក្ខលោកប៉ុក សារុំ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ ក៏បានពាំនាំការសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់លោក ប៉ុក សារុំ និងជូនពរលោក សូមឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីអាចត្រឡប់ទៅលំនៅដ្ឋានវិញ។

ជាមួយគ្នានេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានសហការក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនប្រជា ពលរដ្ឋយ៉ាងយកចិត្តទុកដាក់និងបានល្អ ។

ជាមួយគ្នានោះ លោកប៉ុក សារុំ សូមគោរពជូនពរដល់គ្រប់ថ្នាក់ដឹកនាំទាំងអស់ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ សូមទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យ នូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចការ ការពារបូរណភាពទឹកដី និងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

RELATED ARTICLES