ខេត្តមណ្ឌលគិរី ៖ សត្វខ្លាដំបង ចំនួន២ក្បាល ដែលត្រូវបានទិញមកពីបរទេស ចិញ្ចឹមតាំងពីតូច លុះកាន់តែធំឡើង ម្ចាស់មានការព្រួយបារម្ភពីសុវត្ថិភាព ក៏សម្រេចចិត្តប្រគល់ជូនសមត្ថកិច្ច ដើម្បីប្រគល់បន្តទៅមន្ត្រីជំនាញ បញ្ជូនទៅកាន់សួនសត្វភ្នំតាម៉ៅ ដើម្បីមើលថែបន្ត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានទទួលសត្វខ្លាដំបង ២ក្បាល ពីសប្បុរសជន ដែលបានស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរ ដោយមានគោលបំណងចូលរួមអភិរក្សនិងថែរក្សាសត្វព្រៃ ដែលជាធនធានធម្មជាតិ ដ៏មានតម្លៃរបស់ជាតិ។

ពិធីប្រគល់សត្វព្រៃនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានបញ្ជាក់ថា កូនខ្លា ទាំង២ក្បាលនេះ ត្រូវបានទិញមកពីបរទេស ហើយចិញ្ចឹមតាំងពីតូចមកម៉្លេះ។ ប៉ុន្តែដោយសារខ្លា កាន់តែធំ ម្ចាស់ពួកវាកាន់តែបារម្ភពីសុវត្ថិភាព ទើបសម្រេចចិត្តប្រគល់ឱ្យអ្នកជំនាញថែទាំជំនួស។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានសម្តែងការកោតសរសើរ និងអរគុណយ៉ាងជ្រាល ជ្រៅចំពោះសប្បុ រសជន ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមការពារនិងអភិរក្សសត្វព្រៃ ដែលជាផ្នែកសំខាន់នៃប្រព័ន្ធអេកូឡូស៊ី និងជាមរតកធម្មជាតិដ៏មានតម្លៃ សម្រាប់ជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។

លោកស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមចូលរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ដោយមិនចាប់ មិនចិញ្ចឹម មិនជួញដូរ និងមិនបំផ្លាញសត្វព្រៃគ្រប់ប្រភេទ ព្រោះធនធានធម្មជាតិ គឺជាសម្បត្តិរួមរបស់ជាតិ ដែលយើងទាំងអស់គ្នាត្រូវស្រឡាញ់ ថែរក្សា និងអភិរក្សឱ្យបានគង់វង្ស។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា កូនខ្លា ចំនួន២ក្បាល ដែលទទួលបានពីស្នងការខេត្តមណ្ឌលគិរី ត្រូវបានដឹកជញ្ជូនមកដល់សួនសត្វភ្នំតាម៉ៅ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ។ ការបញ្ជូនកូនខ្លាទាំងនេះ មកកាន់សួនសត្វ គឺធ្វើឡើងតាមរយៈការណែនាំពីសំណាក់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលព្រៃឈើ។

ក្នុងចំណោមកូនខ្លា ទាំង ២ក្បាល រួមមានកូនខ្លាឈ្មោល មួយក្បាល ដែលមានទម្ងន់ប្រហែល ៦០គីឡូក្រាម មានអាយុប្រមាណ ៩ខែ និងកូនខ្លាញី មួយក្បាល មានទម្ងន់ប្រហែល ៤០គីឡូក្រាម មានអាយុប្រមាណ ៦ខែ ដូចគ្នា។ នៅពេលនេះ ក្រុមការងារនៅសួនសត្វភ្នំតាម៉ៅ បានរៀបចំទ្រុងសម្រាប់ដាក់ពួកវា ឱ្យរស់នៅបានសមរម្យរួចរាល់ហើយ ព្រមទាំងកំពុងតាមដានពិនិត្យសុខភាពពួកវា ជាបន្តបន្ទាប់ផងដែរ។ ក្នុងករណីមានបញ្ហាសុខភាពណាមួយកើតឡើង អ្នកជំនាញនៅសួនសត្វ នឹងធ្វើអន្តរាគមន៍ជួយព្យាបាលឱ្យបានទាន់ពេលវេលា៕