ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានប្រកាសសាលក្រមផ្តន្ទាទោសអ្នកជំនួញហាយសូ ពេជ្រ ស្រីមុំ មួយសំណុំរឿងថ្មីទៀត បន្ទាប់ពីសំណុំរឿងជាច្រើន ត្រូវបានសាលក្រមប្រកាសផ្តន្ទាទោសលើអ្នកជំនួញរូបនេះរួចមកហើយ។

សាលក្រម ត្រូវបានប្រកាសដោយលោកសាយ ណូរិទ្ធ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះពេជ្រ ស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ ដាក់ពន្ធនាគារ កំណត់២ឆ្នាំ ពីបទមិនបំ ពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្ត នៅរាជធានីភ្នំពេញ តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
សាលក្រមនេះបង្គាប់ឱ្យជនជាប់ចោទ សងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណី ចំនួន៧១ម៉ឺនដុល្លារអាមេរិក និងជំងឺ ចិត្ត ៤០លានរៀល ថែមទៀត។ សាលក្រម បានទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
គួរបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ពេជ្រ ស្រីមុំ អាយុ២៥ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅមុខអគារ Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបានយកទៅឃុំខ្លួននៅពន្ធនាគារ PJ ចាប់ពីពេលនោះមក។

ជនជាប់ចោទ មានបណ្តឹងជាច្រើន រហូតដល់ទៅជាង ៣០សំណុំរឿង សុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ ដែលកន្លងមកត្រូវបានតុលាការលើកយកមកកាត់ទោសជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ ក៏នៅមិនទាន់បានបញ្ចប់ដែរ៕