ភ្នំពេញ ៖ បន្ទាប់ពីធ្វើការតាមដាន វិភាគនិងព្យាករស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា សម្ពាធទាបដែលកើតមាននៅមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច បានវិវត្តទៅជាព្យុះទី១ ឈ្មោះ ណូកាន (Nokaen) T2601។ គន្លងផ្លូវដើររបស់ព្យុះណូកាន នេះ ស្ថិតនៅក្បែរប្រទេសហ្វីលីពីន និងមិនប៉ះពាល់ដល់ប្រទេសកម្ពុជា នោះទេ គ្រាន់តែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ៖
១-តំបន់វាលទំនាប ៖ ខេត្តកំពង់ចាម ព្រៃវែង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់និងខ្យល់ កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដី ១០ភាគរយ។ ចំណែកខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ស្វាយរៀង និងខេត្តត្បូងឃ្មុំ ពុំមានភ្លៀងធ្លាក់ទេ។
២- តំបន់ខ្ពង់រាប ៖ ខេត្តប៉ៃលិន និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០ភាគរយ។ ចំណែក ខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ។
៣- តំបន់មាត់សមុទ្រ ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥ភាគរយ។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២០ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេស បងប្អូនដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ ក្រសួងធនធានទឹកនិងឧតុនិយម នឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕