Tuesday, January 13, 2026
Homeសង្គម និងជីវិតលក់ស្ករទាញល្បី ចង់ទៅកូរ៉េ គេបោកយកលុយអស់

លក់ស្ករទាញល្បី ចង់ទៅកូរ៉េ គេបោកយកលុយអស់

ខេត្តសៀមរាប ៖ បុរសជាអ្នកលក់ស្ករទាញតាមម៉ូតូ ល្បីឈ្មោះ ប្រចាំខេត្តសៀមរាប និងតាមបណ្តាញសង្គម ដែលតែងធ្វើឱ្យអតិថិជនសើចសប្បាយរីករាយ តាមរយៈចង្វាក់រាំរបស់ខ្លួននោះ បានចាញ់ល្បិចជនឆបោក ថានឹងនាំយកទៅសម្តែងនៅឯប្រទេសកូរ៉េ ដោយល្បួងឱ្យតារាស្ករទាញរូបនេះ បង់ប្រាក់ថ្លៃរត់ឯកសារនានា អស់៧៥ម៉ឺនរៀល និងទាមទារប្រាក់ជាបន្តបន្ទាប់ថែមទៀត លុះក្រោមកទើបដឹងថា ជាល្បិចឆបោក។

តារាស្ករទាញល្បីឈ្មោះ ដែលរងគ្រោះការឆបោកពីជនអនាមិកនោះ មានឈ្មោះ កាត់ ខ្មៅ អាយុជាង៥០ឆ្នាំ មុខរបរលក់ស្ករទាញ តាមម៉ូតូ និងមានលំនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

លោក កាត់ ខ្មៅ តារាលក់ស្ករទាញល្បី ដែលត្រូវបានជនសង្ស័យឆបោកអស់ទឹកប្រាក់ ជិត១លានរៀល បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ មានជនសង្ស័យម្នាក់ បានទាក់ទងមកគាត់ ដោយប្រាប់ថា គេចង់ធានាគាត់ចេញទៅសម្តែងនៅប្រទេសកូរ៉េ។ លុះក្រោយពីបាន ដំណឹងបែបនេះ គាត់មានអារម្មណ៍រំភើបត្រេកអរយ៉ាងខ្លាំង និងថែមទាំងបានស្កាត់ឡើងទៅជួបជនសង្ស័យ ដល់ភ្នំពេញ ទៀតផង ដើម្បីពិភាក្សាពីរឿងរត់ឯកសារចេញទៅសម្តែងនៅប្រទេសកូរ៉េ។

លោក កាត់ ខ្មៅ បន្តថា លុះពេលឡើងទៅជួបគ្នានៅភ្នំពេញ ជនសង្ស័យ បានទាមទារប្រាក់ពីគាត់ ចំនួន៧៥ ម៉ឺនរៀល ដើម្បីរត់ឯកសារ។ លុះក្រោយពីបង់លុយ ៧៥ម៉ឺនរៀលរួចហើយ ជនសង្ស័យ បានទារថែម ចំនួន១០០ដុល្លារទៀត តែគាត់ប្រាប់ថា “ពូអត់មានលុយទេ”។ បន្ទាប់មក ជនសង្ស័យប្រាប់ថា ក្រោយពេលឯកសាររួចរាល់ នឹងនាំគាត់ចេញទៅប្រទេសកូរ៉េ ដើម្បីសម្តែងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ខាងមុខ។

តារាលក់ស្ករទាញ បានបន្តថា បន្ទាប់ពីត្រឡប់មកសៀមរាប វិញ គាត់ក៏ដេកទន្ទឹងរង់ចាំថ្ងៃ ដើម្បីឡើងទៅប្រទេសកូរ៉េ និងថែមទាំងបានប្រកាសតាមបណ្តាញសង្គមថា គាត់នឹងចេញទៅកូរ៉េ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ រហូតដល់មានពលករខ្មែរ ធ្វើការនៅប្រទេសកូរ៉េ មួយចំនួន ដែលបានឮដំណឹងនេះ បានត្រៀមចាំស្វា គមន៍រូបគាត់ទៀតផង។ ចំណែកកម្មវិធីនានា ដែលអ្នកឧបត្ថម្ភ អញ្ជើញឱ្យគាត់ចូលរួមនៅក្នុងស្រុក ត្រូវបានគាត់បដិសេធ មិនទទួលឡើយ ព្រោះខ្លាចខកថ្ងៃឡើងទៅប្រទេសកូរ៉េ។

តារាលក់ស្ករទាញ ខាងលើ បានន្ថែមថា លុះមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ជនសង្ស័យបានទូរស័ព្ទមកជួបគាត់ ដោយបានសុំសាំង ៣០លីត្រ និងអះអាងថា ឡានរបស់គេ អស់សាំង ហើយគាត់ក៏បានផ្ញើលុយទៅឱ្យជនសង្ស័យ ចំនួន១៣ម៉ឺនរៀលទៀត។ ស្រាប់តែមកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យ បានទាក់ទងមកម្តងទៀត ចង់សុំលុយថែម ១៥ម៉ឺនរៀលទៀត ដោយប្រាប់ថា ឡានរបស់គេខូច ទើបធ្វើឱ្យរូបគាត់ចាប់ផ្តើមមានការសង្ស័យ ក៏បានយករឿងនេះទៅពិភាក្សាជាមួយអ្នកស្គាល់គ្នា ទាក់ទងទូរស័ព្ទទៅជួបជនសង្ស័យ តែត្រូវជនសង្ស័យទាមទារជួបនិយាយតែជាមួយរូបគាត់ តែម្នាក់ប៉ុណ្ណោះ និងចេះតែទទូចចង់បានប្រាក់បន្ថែម លុះ ពេលសួរនាំរឿងឯកសារចេញទៅប្រទេសកូរ៉េ ស្រាប់តែជនសង្ស័យ បានបិទទូរស័ព្ទ ទើបគាត់ភ្ញាក់ខ្លួនដឹងថា ចាញ់បោកគេហើយ។

តារាលក់ស្ករទាញ បានទទូចទាមទារឱ្យជនសង្ស័យ ចេញមុខមកដោះស្រាយជាមួយគាត់ ពុំនោះទេ គាត់នឹងស្នើសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវរកមុខជនសង្ស័យហើយ។

គួរបញ្ជាក់ថា លោក កាត់ ខ្មៅ តារាស្ករទាញល្បីឈ្មោះរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍មហាជន ក៏ដូចជាអតិថិជនស្ករទាញ របស់ខ្លួន តាមរយៈការស្លៀកសម្លៀកបំពាក់អាវធំ ក្រវាត់ក ចាក់ធុងបាស់ សំឡេងឮៗ ពិសេស បង្កើតក្បាច់រាំថ្មីផ្ទាល់ខ្លួន។ យ៉ាងណា ក្តីតារាស្ករទាញល្បីម្នាក់នេះ មានប្រវត្តិកម្សត់ខ្លាំងណាស់ ដោយលោកធ្លាប់ប្រកបរបរឡើងត្នោង នៅឯខេត្តព្រៃវែង អស់រយៈពេល៥ឆ្នាំ មុននឹងធ្វើចំណាកស្រុក ចេញមករស់នៅខេត្តសៀមរាប និងចាប់អាជីពលក់ស្ករទាញ តាំងពីអំឡុងឆ្នាំ២០០៤ ដោយផ្តើមចេញពីដើមទុន ១២ម៉ឺនរៀល ទិញកង់ កញ្ចាស់១ ជិះដឹកស្ករទាញលក់ និងប្រឹងលក់ស្ករទាញតាមកង់ រយៈពេល៧ឆ្នាំ ទើបអាចសន្សំប្រាក់ ទិញម៉ូតូ ១គ្រឿង ដឹកស្ករទាញ ដើរលក់។ លុះមកដល់អំឡុងឆ្នាំ២០២៣ ទើបកេរ្តិ៍ឈ្មោះរបស់លោកចាប់ផ្តើមផ្ទុះកក្រើក ល្បីពេញបណ្តាញសង្គម តាមរយៈការតែងខ្លួន អាវធំ ក្រវាត់ក ជិះម៉ូតូលក់ស្ករទាញ ដោយមានធុងបាស់ ចាក់រាំតាមទីប្រជុំជន ទាក់ទាញអតិថិជន ជាពិសេសយុវវ័យ ឲ្យរាំឡកតាមគាត់ ដោយបទចម្រៀងប្រចាំស្ករទាញរបស់គាត់គឺបទ «ចាក់ៗ ចាក់អ្វីចាញ់ទាំងអស់!» សំនៀងដើមលោកចាន់ សម័យ៕

RELATED ARTICLES