ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនលៀសដោយគ្មានលិខិត អនុញ្ញាត ឃាត់រថយន្តបានចំនួន២គ្រឿង ដឹកលៀសប្រមាណជិត៣០តោន ព្រមទាំងអ្នកបើកបររថយន្តម្នាក់ ខណៈម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនលៀសខុសច្បាប់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិសាស្ត្រស្រុកជីក្រែង និងស្រុកសូទ្រនិគម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ០៧និង៤០នាទីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងមានការសម្រប សម្រួលនីតិវិធីដោយលោកសៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរង ទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំង មូលដ្ឋានស្រុក ចុះបង្ក្រាបរថយន្ត២គ្រឿង ដឹកលៀសខុសច្បាប់ ប្រមាណជា២៨តោន ស្ថិតក្នុងស្រុកជី ក្រែង និងស្រុកសូទ្រនិគម ចំនួន២ករណី។

ករណី១- ឃាត់រថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2H-3460 មានដឹកលៀសគ្មានលិខិតអនុញ្ញាត ចំនួន១៥០បេ ស្មើនឹង ៧ ៥០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យឈ្មោះភី សុភក្រ័ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្រចាប សង្កាត់ព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ជាអ្នកបើកបររថយន្ត)។

ករណី២- ឃាត់រថយន្តម៉ាក ISUZU ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ចង្កូតស្តាំ KCHH.0056 និងមានស្លាក លេខ ភ្នំពេញ 3B-0930 (មិនប្រក្រតី) នៅលើរថយន្តថែមទៀត ដឹកលៀសគ្មានលិខិតអនុញ្ញាតចំនួន ២១ ២៥០ គីឡូក្រាម (ម្ចាស់រថយន្តរត់គេចខ្លួនបាត់)។

ចំពោះវត្ថុតាងដកហូត រួមមាន លៀស សរុបទម្ងន់ ២៨ ៧៥០គីឡូក្រាម (២៨តោន ៧៥០ក្រាម) មធ្យោបាយដឹកជញ្ជូន (រថយន្ត) ចំនួន២គ្រឿងខាងលើ។

ជនសង្ស័យនិងវត្ថុតាងដកហូតខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធីបន្ត។ ដោយឡែក លៀសប្រមាណជិត ២៩តោន ត្រូវបានក្រុមមន្ត្រី លែងចូលបឹងទន្លេសាប វិញ៕
