ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ បានរំអុកជីតារបស់ខ្លួន ទិញម៉ូតូ ១គ្រឿង លុះជីតាប្រាប់ថា អត់មានលុយ និងបានស្តីបន្ទោស ២-៣ម៉ាត់ ស្រាប់តែចៅប្រុសកំណាច ផ្ទុះកំហឹង ទាញដុំថ្ម វាយក្បាលតា បណ្តាលឱ្យរងរបួស និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែកចៅប្រុសកំណាច ត្រូវបានសមត្ថកិច្ចចុះចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ។
ជនរងគ្រោះ មានឈ្មោះខៀវ នួន ភេទប្រុស អាយុ៧៦ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ។ ចំណែកជនដៃដល់ ជាចៅប្រុស ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ រស់ រស្មី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ (មានសារធាតុញៀន)។ ចំពោះវត្ថុតាងចាប់យក ដុំថ្ម ចំនួន១ដុំ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ខណៈដែលជនរងគ្រោះ ឈ្មោះខៀវ នួន កំពុងនៅផ្ទះស្ថិតក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ស្រាប់តែជនសង្ស័យឈ្មោះ រស់ រស្មី ត្រូវជាចៅបង្កើត បានដើរមករំអុកសុំជនរងគ្រោះទិញម៉ូតូ ហើយជនរងគ្រោះបានតបទៅវិញថា “តាគ្មានលុយទេ” រួចក៏បានស្តីបន្ទោសចៅប្រុស ២-៣ម៉ាត់ ស្រាប់តែជនសង្ស័យជាចៅប្រុស ផ្ទុះ កំហឹង ស្ទុះទៅយកដុំថ្ម មកលើជីតាបង្កើតខ្លួនឯង ចំក្បាលខាងក្រោយ បណ្តាលឱ្យបែកហូរឈាម ដួលសន្លប់នៅក្នុងផ្ទះ។
ប្រភពដដែល បន្តថា ស្របពេលនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក កំពុងជិះម៉ូតូល្បាត ក្បែរកន្លែងកើតហេតុ បានជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក។ ចំណែកជនរងគ្រោះសមត្ថកិច្ចបានហៅរថយន្តសង្គ្រោះ មកដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ (មន្ទីរពេទ្យព្រះកុសុមៈ) ភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកដុំថ្ម វាយជនរងគ្រោះ ជាជីតាបង្កើតប្រាកដមែន ព្រោះតែខឹងតា មិនទិញម៉ូតូឲ្យ ហើយត្រូវជីតាស្តីបន្ទោសឱ្យទៀត។ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕