ភ្នំពេញ ៖ ស្រីស្រស់ ង៉ា ស្រីណាន ហៅណាន ណាន បានប្រារព្ធខួបកំណើតគម្រប់២២ឆ្នាំ កាលពីរាត្រីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដោយធ្វើពិធីជប់លៀងនៅហាងមួយ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។ ណាន ណាន ទទួលបានកាដូពីអ្នករួមអាជីពដែលចូលរួម ក្នុងនោះមានដូចជា គ្រឿងសម្អាង និងវត្ថុអនុស្សាវរីយ៍ជា ច្រើនទៀត។ ប៉ុន្ដែប្អូនជីដូនមួយនាយចឺម រូបនេះ មិនបានបង្ហាញថា នាងបានកាដូពីគូស្នេហ៍ ជារបស់អ្វីឡើយ ។

អ្នកនាង ស្រីអ៊ីត ម្ដាយរបស់ណាន ណាន ប្រាប់អ្នកយកព័ត៌មានមាន «នគរធំ» នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ថាកូនស្រីសំណព្វចិត្ត មិនទាន់មានសង្សារទេ ដូច្នេះកាដូដែលនាងទទួលបានយប់មិញនោះ សុទ្ធតែជារបស់បងប្អូន និងមិត្តភក្ដិរួមអាជីពទាំងអស់ ។
អ្នកស្រី អ៊ីត និយាយថា «កូនខ្ញុំបានកាដូច្រើនមែន តែកាដូហ្នុង សុទ្ធតែពីអ្នករួមអាជីព ធ្វើការជាមួយគ្នា និងបងប្អូន អត់មានកាដូពិសេសពីសង្សារអីទេ ព្រោះគ្នាអត់ទាន់មានសង្សារ»។

ម្ដាយណាន ណាន ប្រាប់ដែរថា ខួបកូនស្រី ឆ្នាំនេះ គម្រប់អាយុ២២ឆ្នាំ ហើយធ្វើពិធីជប់លៀង ១២តុ ក្នុងនោះមានអ្នកសិល្បៈ ខ្ទង់ ៦០% ។ អ្នកនាង អ៊ីត ថានាងតែងតែធ្វើខួបឲ្យកូនស្រី ជារៀងរាល់ឆ្នាំ តែរាល់ដងធ្វើបែបជាលក្ខណៈក្រុមគ្រួសារ គឺទើបតែឆ្នាំនេះ ធ្វើនៅហាង ហៅភ្ញៀវច្រើន ហើយនៅឆ្នាំក្រោយៗទៀត នាងក៏នឹងធ្វើខួបកំណើតជាលក្ខណៈជួបជុំមិត្តភក្ដិបែបនេះទៀតដែរ ។
ខួបកំណើតស្រីស្រស់ ណាន ណាន ក៏មាននាយចឺម យកបាច់ផ្កាទៅជូននាងដែរ ហើយតាមព័ត៌មានថា អ្នកទាំងពីរ គ្រោងចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយ នាពេលខាងមុខ ខណៈដែលលោក សុខ មេសា បានជួយង្វឹកណាន ណាន ពីបច្ចកទេសច្រៀង តាំងនៅតូច ។

ក្នុងវ័យ២២ឆ្នាំ ណាន ណាន ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនទាន់ចង់បានសង្សារទេ ព្រោះចង់រកស៊ីចិញ្ចឹមម្ដាយ ឲ្យរស់នៅស្រួលសិន ពោលគឺទាល់តែដល់វ័យ ២៧-២៨ឆ្នាំ ទើបគិតគួររឿងគូជីវិត ។ នាងថា រឿងយកប្ដី ម្ដាយនាងបើកសិទ្ធិពេញលេញក្នុងការសម្រេចចិត្តជ្រើសរើសដោយខ្លួនឯង។
អ្នកស្រី អ៊ីត ប្រាប់រឿងទាក់ទងកូនស្រីយកប្ដីថា នាងទុកឲ្យកូនស្រី ជាអ្នករើសគូស្នេហ៍ដោយខ្លួនឯង ហើយក្នុងនាមជាម្ដាយ នាងមិនប្រកាន់ថា អ្នកនោះជាតារាសិល្បៈដូចគ្នា អ្នកមានឬក្រទេ គឺអាស្រ័យលើផលបុណ្យកូនសាងបានយ៉ាងម៉េច គិតតាមនោះចុះ ។ ប៉ុន្ដែម្ដាយណាន ណាន សង្កត់ធ្ងន់ថា ក្នងវ័យ២២ឆ្នាំនេះ ណាន ណាន ពិតជានៅទំនេរ អត់ទាន់មានសង្សារ ឬគូជីវិតមែន ។

សូមបញ្ជាក់ថា ណាន ណាន ធ្លាប់ប្រលងបវរកញ្ញា ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធី Miss Teen Cambodia រដូវកាលទី១។ តារាកំប្លែង វិវត្តខ្លួនទៅជាតារាសម្ដែង និងអ្នកដើរម៉ូដ រូបនេះ ថានាងស្រលាញ់អាជីពចម្រៀងខ្លាំង និងចង់ល្បីដូចបងជីដូនមួយ គឺនាយចឺម និងសង្ឃឹមថា អាចសម្រេចបំណងមួយនេះបាន នាពេលអនាគត ។ ប៉ុន្តែនាងថា គ្មានគម្រោងប្រលងបវរកញ្ញា ជាលើកទី២ នោះទេ ព្រោះវិស័យនេះ នាងគ្រាន់តែប្រឡូកដើម្បីយកបទពិសោធន៍ប៉ុណ្ណោះ តែអាជីពបង្ហាញម៉ូដ នាងនៅតែបន្ដធម្មតា ។

តាមប្រភពថា នៅឆ្នាំ២០២៦ នេះ ណាន ណាន នឹងចេញបទចម្រៀងផ្ទាល់ខ្លួន ជាបន្ដបន្ទាប់ ហើយនៅពេលណានាងមានការគាំទ្រនិងស្គាល់ច្រើន លើបទចម្រៀងខ្លួនហើយនោះនាងនឹងទៅចូលច្រៀងនៅផលិតកម្មសាន់ដេ ជាមួយនាយចឺម ៕
