Saturday, January 10, 2026
Homeព័ត៌មានជាតិសង្គ្រាមថៃឈ្លានពាន ២១ថ្ងៃ បំផ្លាញសាលារៀន២៥

សង្គ្រាមថៃឈ្លានពាន ២១ថ្ងៃ បំផ្លាញសាលារៀន២៥

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថា សង្គ្រាមថៃឈ្លានពានកម្ពុជា រយៈពេល២១ថ្ងៃ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ បានបំផ្លាញសាលារៀន ចំនួន២៥។

តាមរយៈកិច្ចប្រជុំពិនិត្យលើស្ថានភាពអប់រំ ក្រោយបទឈប់បាញ់ ដើម្បីផ្តល់ការគាំទ្រនិងរៀបចំផែនការស្តារសាលារៀនខូចខាតឡើងវិញ  កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានណែនាំភាគីពាក់ព័ន្ធទាំងអស់ថា “សូមចុះទៅពិនិត្យដល់ទីតាំងសាលារៀនផ្ទាល់ ដើម្បីយល់ច្បាស់ពីស្ថានភាព តម្រូវការជាក់ស្តែង បញ្ហាប្រឈមចំពោះមុខដែលត្រូវដោះស្រាយបន្ទាន់ ឈានទៅវាយតម្លៃការខូតខាត និងចាប់ផ្តើមរៀបចំផែនការជួយគាំទ្រនិងស្តារឡើងវិញ ប្រកបដោយប្រសិទ្ធភាពនិងចំគោលដៅ”។

ជាមួយគ្នានេះ ក្រុមការងារជំនាញ ត្រូវបន្តតាមដានស្ថានភាព រួមទាំងការវិវឌ្ឍផ្សេងៗ និងរៀបចំជារបាយ ការណ៍លម្អិត ពីបច្ចុប្បន្នភាពស្ថានភាពអប់រំ ដើម្បីវាយតម្លៃផលប៉ះពាល់ កំណត់ទំហំថវិកា និងក្រុមការងារសម្រាប់ស្តារសាលារៀនខូចខាត ឱ្យដំណើរការឡើងវិញ។

ក្រៅពីនេះ កិច្ចប្រជុំ បានពិនិត្យលើរបាយការណ៍បច្ចុប្បន្នភាពនៃស្ថានភាពផលប៉ះពាល់លើវិស័យអប់រំ ដោយ សារការឈ្លានពានរបស់យោធាថៃ លើអធិបតេយ្យរបស់កម្ពុជា ដែលក្នុងនោះ រួមមាន ៖ សាលារៀន រងការខូចខាតដំណាក់កាលទី១ (ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥) និងដំណាក់កាលទី២ (ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥) សាលារៀនដែលបានបិទឬផ្អាកដំណើរការ ស្ថានភាពសាលារៀនរងការខូចខាត ដំណើរការបង្រៀននិងរៀន ក្នុងបរិ បទនៃការឈ្លានពាន ចំនួនគ្រូនិងសិស្សដែលរងផលប៉ះពាល់ពីការបិទសាលា និងដំណោះស្រាយដែលបានអនុវត្តកន្លងមក។

លោករដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តអនុវត្តការងារតាមភារកិច្ចរៀងៗខ្លួន ឱ្យបានល្អប្រសើរ ដើម្បីធានាបាននូវការអប់រំដែលមានគុណភាព សមធម៌ និងបរិយាបន្ន ខណៈនៅតែបន្តចូលរួមចំណែកជាមួយក្រសួង ក្នុងការជួយគាំទ្រដល់សាលារៀន និងសិស្សភៀសសឹកទាំងអស់ ប្រកបដោយស្មារតីសហការគ្នារឹងមាំ ព្រមទាំងផ្តល់គំនិតដល់ក្រុមការងារចំពោះមុខ បន្តរៀបចំរបាយការណ៍ស្ថានភាពសិស្សភៀសសឹក និងរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលស្ថានភាព បែងចែកធនធាន ការទទួលខុសត្រូវឱ្យមានប្រសិទ្ធភាព និងកំណត់អាទិភាពសាលារៀនដែលរងខូចខាតខ្លាំង ដែលត្រូវសាងសង់ឡើងវិញ៕

RELATED ARTICLES