ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់អាកាសធាតុនៅតំបន់ខ្ពង់រាប អាចចុះត្រជាក់ដល់១៥អង្សាសេ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា របបខ្យល់មូសុងឦសាន បក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ៖
១-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ១៧អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ២៩អង្សា។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម ៥ម៉ែត្រ ក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ១៥អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ២៨អង្សា។ ខ្យល់បក់មកពីទិសឧត្តរនិងទិសឦសាន មានល្បឿនមធ្យម ៦ម៉ែត្រ ក្នុង១វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ។ ៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា ១៨អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ៣០អង្សា។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕