ភ្នំពេញៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំង១៤ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឱ្យអស់ពីក្នុងមូលដ្ឋាន ព្រមទាំងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរថែមទៀត។

ការណែនាំរបស់លោកឃួង ស្រេង ខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលពីកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានលើកឡើងថា គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនបានល្អប្រសើរហើយ តែយើងមិនត្រូវភ្លេចខ្លួននោះទេ គឺត្រូវរឹតបណ្តឹងជាប់ជាប្រចាំ។ ចំពោះការប្រយុទ្ធប្រឆាំងការឆ បោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដោយត្រូវពិនិត្យឡើងវិញ ទាំងទ្រង់ទ្រាយតូច និងទ្រុងទ្រាយធំ។ បើពិនិត្យឃើញមានទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គឺត្រូវបង្ក្រាបភ្លាម។ ក្រៅពីបង្ក្រាប ONLINE SCAMS ហើយល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា ជល់មាន់ បៀ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូ ជាដើម គឺត្រូវតែបង្ក្រាប់ឱ្យអស់ ព្រោះវាប៉ះពាល់ផ្ទាល់នឹងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
លោកអភិបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា ឥឡូវនេះ ផ្លូវថ្មើរជើងចតុមុខ ទទួលបានជោគជ័យយ៉ាងធំធេង សម្រាប់រាជធានីភ្នំពេញ ទៅតាមការចង្អុលណែនាំពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ការទទួលបានភាពជោគជ័យនេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងនិងអាជ្ញាធររបស់យើងទាំងអស់គ្នា ហើយពិសេសថែមទៀតនោះ គឺការចូលរួមរបស់ប្រជាពលរដ្ឋ។ ផ្លូវថ្មើរជើងចតុមុខ បានធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជាគោលដៅទេសចរណ៍ ក្នុងចំណោម ២០ប្រទេស លើពិភពលោក។ បន្ថែមពីនេះ សំរាប់ការប្រារព្ធពិធីមីទ្ទិញអបអរសាទរទិវាជ័យជម្នះ ៧មករា លោកឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌ សង្កាត់ បំផុសចលនាប្រ ជាពលរដ្ឋឱ្យដាក់ទង់ជាតិ និងសម្អាតបរិស្ថាន នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អស្អាត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរ បាលរាជធានីភ្នំពេញ បានលើកឡើងថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាបញ្ហាស្មុគស្មាញរបស់កម្លាំងមានសមត្ថកិច្ច ដោយជនល្មើសប្រើប្រាស់យុទ្ធសាស្ត្រចម្រុះ ដើម្បីឆបោកជនរងគ្រោះ ដែលមិនសូវយល់ដឹងពីបច្ចេកវិទ្យា។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ពាក់ព័ន្ធនឹង (ONLINE SCAMS) នេះ កម្លាំងមានសមត្ថ កិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបជាប្រចាំ៕