ភ្នំពេញ ៖ បុរសម្នាក់ ជាជាងផ្សារដែក មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ដោះស្រាយមិនចេញ ស្រាប់តែចងកបញ្ចប់ជីវិតខ្លួនឯង នៅក្នុងឃ្លាំងកំពុងសាងសង់ ១កន្លែង និងត្រូវបានអ្នករួមការងារប្រទះឃើញ ផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះពិនិត្យភ្លាមៗ។

ករណីចងកសម្លាប់ខ្លួននេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចឃ្លាំងកំពុងសាងសង់ គ្មានលេខ មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
បុរសដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះឆាង សិលា ហៅសីហា អាយុ៣៣ឆ្នាំ មុខរបរជាងផ្សារដែក មានស្រុកកំណើតនៅភូមិព្រះអណ្តូង ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បច្ចុប្បន្នធ្វើការនិងស្នាក់នៅក្នុងឃ្លាំងកំពុងសាងសង់ ស្ថិតនៅទីតាំងកើតហេតុខាងលើ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឈ្មោះពុំ ប៉ៃ ភេទប្រុស អាយុ៤៨ឆ្នាំ បានក្រោកពីដេក ហើយដើរទៅបន្ទប់ទឹកដែលនៅខាងក្រោយឃ្លាំងកំពុងសាងសង់ខាងលើ លុះពេលទៅជិតដល់បន្ទប់ទឹក ស្រាប់តែឃើញជនរងគ្រោះឈ្មោះឆាង សិលា ហៅ សីហា បានចងកជាប់នឹងរបងលួសស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោ ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ និងរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧក ញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ គ្រូពេទ្យអមសាលាដំបូង រាជធានីភ្នំពេញ ចុះពិនិត្យរួច បញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃ ណី៕