Friday, January 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុសដុតដបសាំង គប់ស្រី ខឹងខ្ចីលុយមិនសង

ប្រុសដុតដបសាំង គប់ស្រី ខឹងខ្ចីលុយមិនសង

ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ បានខ្ចីប្រាក់បុរសម្នាក់ ជាអ្នករួមការងារ លុះក្រោយមកបុរសជាម្ចាស់លុយ បានទារលុយពីស្ត្រីជាកូនបំណុល មិនបាន ក៏ខឹងសម្បា ទិញសាំងច្រកដបទឹកសុទ្ធ រួចដុតឱ្យឆេះ គប់ទៅលើស្ត្រីជាកូនបំណុល បណ្តាលឱ្យឆេះរលាកពេញខ្លួន និងត្រូវបានអ្នកធ្វើការជាមួយ ជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីប៉ុនប៉ងឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង០៩នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ចំណុចការដ្ឋានកំពុងសាងសង់ ១កន្លែង ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជនដៃដល់ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឿន ប៊ុនលី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិទឹកល្អក់ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះជួប ពិសី អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅទីតាំងកើតហេតុខាងលើ និងមានលំនៅ ភូមិ៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ថា ស្ត្រីរងគ្រោះ និងជនសង្ស័យ បានមកធ្វើការនៅការដ្ឋានសំណង់មួយកន្លែងខាងលើ ជាមួយគ្នា ហើយស្គាល់គ្នា រហូតដល់ខ្ចីលុយចាយទៅវិញទៅមក តែមិនមានចំនួនច្រើននោះទេ។ លុះក្រោយមក ដោយសារតែជនសង្ស័យខឹងទារលុយពីជនរងគ្រោះមិនបាន ក៏បានយកដបទឹកសុទ្ធ ច្រកសាំង ហើយដុតឱ្យឆេះ រួចគប់ទៅលើស្ត្រីរងគ្រោះជាកូនបំណុល ដែលកំពុងតែដេកក្នុងរោងស្នាក់នៅរបស់កម្មករ បណ្តាលឱ្យរលាកពេញខ្លួនតែម្តង ធ្វើឱ្យស្ត្រីរងគ្រោះស្រែកឆោឡោ និងត្រូវបានអ្នកធ្វើការជាមួយជួយសង្គ្រោះ នាំមកមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ជនសង្ស័យឈ្មោះសឿន ប៊ុនលី នាំយកមកធ្វើការសាកសួរ។

ចំពោះរឿងលុយដែលជនរងគ្រោះជំពាក់ជនសង្ស័យ សមត្ថកិច្ចមិនបានបញ្ជាក់ប្រាប់ពីចំនួន ប៉ុន្មាននោះទេ គ្រាន់តែដឹងថា ចំនួនលុយ មិនច្រើននោះទេ។

ដោយឡែក ស្ត្រីរងគ្រោះ បានចេញពីមន្ទីរពេទ្យ ត្រឡប់មកផ្ទះ នៅឃុំជប់ ដោយសារតែស្ថានភាពរលាក មិនធ្ងន់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES