ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើង ចំនួន២ក្រុម ដែលបានបើកឆាកប្រយុទ្ធ វាយតប់គ្នាលើផ្លូវសា ធារណៈ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ដោយសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង សរុបចំនួន៧នាក់ ។

តាមប្រភពសមត្ថកិច្ចខណ្ឌបឹងកេងកង បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវតាមជំនាញបង្ក្រាបក្មេងទំនើង ចំនួន៧នាក់ ពាក់ព័ន្ធករណីហិង្សាដោ យចេតនា (វាយគ្នាទៅ វិញទៅមក) ប្រព្រឹត្តនៅចំណុចផ្លូវព្រះមុនីវង្ស ស្ថិតក្នុងភូមិ០១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។
ប្រភពដដែល បន្តថា ក្រោយកើតហេតុ នៅវេលាម៉ោងប្រហែល ២និង៣០រសៀល ថ្ងៃដដែល កម្លាំងជំនាញស្រាវជ្រាវឃាត់ជនសង្ស័យ ចំនួន៤នាក់ រួមមាន ទី១-ឈ្មោះលឹម លីហៀង ភេទប្រុស អាយុ១៧ឆ្នាំ។ ទី២-ឈ្មោះហួង ម៉េងគ័ង ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៣-ឈ្មោះឃុត សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ និងទី៤-ឈ្មោះឌី ដារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ។
ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់មក នៅវេលាម៉ោងប្រហែល ៥និង១០នាទីល្ងាច ថ្ងៃដដែល កម្លាំងជំនាញបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ បន្ថែមទៀត រួមមាន ទី១-ឈ្មោះសុំ ស៊ីនិល ភេទប្រុស អាយុ៣១ឆ្នាំ។ ទី២-ឈ្មោះហ៊ឹម បូណា ភេទប្រុស អាយុ៣០ឆ្នាំ និងទី៣-ឈ្មោះស៊ៀង គឹមសេង ភេទប្រុស អាយុ២៩ឆ្នាំ។ នៅជនសង្ស័យសេសសល់ ចំនួន២នាក់ទៀតសមត្ថកិច្ចកំពុងធ្វើការងារតាមជំនាញ។
ចំពោះវត្ថុតាងដកហូត រួមមាន ម៉ូតូ ចំនួន៣គ្រឿង ទូរស័ព្ទដៃ ចំនួន៤គ្រឿង និងធុងទឹកកកចំនួន១។
ជនសង្ស័យទាំង៧នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕