ខេត្តត្បូងឃ្មុំ ៖ ស្ត្រីចំណាស់ម្នាក់ កំពុងបញ្ចុកបាយចៅ នៅខាងក្រោមផ្ទះ ស្រាប់តែកើតមានករណីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ធ្វើឱ្យកើតមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យផ្ទះទាំងមូល ខូចខាតអស់ទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែធ្ន ឆ្នាំ២០២៥ នៅចំណុចភូមិត្រពាំងព្រីងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា ផ្ទះដែលរងការឆាបឆេះ មានទំហំ៦,៥ម៉ែត្រ គុណនឹង ៧,៥ម៉ែត្រ មានម្ចាស់ ឈ្មោះវឿន សេងនិត ភេទស្រី អាយុ៣៩ឆ្នាំ មានលំនៅ ភូមិត្រពាំងព្រីងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

ប្រភពដដែល បន្តថា ក្រោយទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ឯក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុក បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាត់មិនឱ្យឆេះឆ្លង ដល់ផ្ទះអ្នកជិតខាង។ ដោយសារចម្ងាយផ្លូវឆ្ងាយ ទើបទម្រាំតែរថយន្តពន្លត់អគ្គិភ័យ ចុះទៅដល់ ផ្ទះខាងលើ បានរងការឆាបឆេះស្ទើរតែអស់ទាំងស្រុងទៅហើយ។

អគ្គិភ័យនេះ បានបង្កឱ្យមានការខូចខាត រួមមាន ១-ផ្ទះ ១ខ្នងទាំងស្រុង។ ២-គ្រែឈើ ចំនួន២។ ៣-ពូក ចំនួន២។ ៤-សម្លៀកបំពាក់ ឆេះទាំងស្រុង។ ៥-តុបាយ ចំនួន១។ ៦-សម្ភារៈផ្ទះបាយ ឆេះទាំងស្រុង។ ៧-ប្រាក់ ចំនួន ១លាន៨សែនម៉ឺនរៀល។ យ៉ាងណា ករណីនេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានចុះប្រតិបត្តិការអន្តរាគមន៍បាញ់ពន្លត់គ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ១១និង២៥នាទីព្រឹក ថ្ងៃដដែល។ ចំពោះមូលហេតុ ដោយសារការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើងកង្ហារដោតនៅខាងលើផ្ទះ) ហើយ ដោយសារម្តាយចំណាស់ កំពុងតែបញ្ចុកបាយចៅ នៅខាង ក្រោមផ្ទះ លុះភ្លើងបានឆាបឆេះលឿន ទើបម្ចាស់ផ្ទះមិនអាចយករបស់ទ្រព្យបាន៕
