Tuesday, December 23, 2025
Homeតារាខ្មែរអ៊ីវ៉ា ចប់សង្គ្រាម រៀបការ

អ៊ីវ៉ា ចប់សង្គ្រាម រៀបការ

ភ្នំពេញ ៖ តារាចម្រៀងសាន់ដេ កញ្ញា ឃីន ស្រីនាថ ហៅអ៊ីវ៉ា បានប្រកាសថា ចប់សង្រ្គាមពេលណា នាងនឹងរៀបការពេលនោះតែម្ដង ដែលការព្រមធ្វើកូនក្រមុំ លែងមានការស្ទាក់ស្ទើចិត្តបែបនេះ ដោយសារតែនាងចង់ចូលរួមបង្កើតធនធានមនុស្ស ឲ្យបានច្រើន  ។ ដំណឹងនេះ ប្រាកដជាធ្វើឲ្យគូស្នេហ៍របស់ស្រីនាថ លោក លី សេងហួរ ថៅកែក្លឹបបាល់ទាត់សៀមរាប យូណាយធីត ញញឹមបិទមាត់មិនជិតឡើយ ព្រោះលោករង់ចាំពាក្យនេះ ជិត១០ឆ្នាំទៅហើយ ។ ចំណែកអ្នកដែលកាន់តែរីករាយលើសលោកថៅកែនោះ គឺលោក អ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា ឪពុកអ៊ីវ៉ា ព្រោះលោកបានជំរុញឲ្យកូនស្រី រៀបការ ជាង៥ឆ្នាំទៅហើយ ប៉ុន្ដែស្រីនាថ មិនហ៊ានប្រថុយ ស្រាប់ តែពេលនេះ នាងបែរជាប្រកាសថា នឹងរៀបការភ្លាម ពេលរលត់ភ្លើងសង្រ្គាមដែលយោធាថៃ ឈ្លានពានលើកម្ពុជា  ។

 គួរបញ្ជាក់ថា ការដែលអ៊ីវ៉ា សុខៗចង់រៀបការប្ដីនេះ ចំពេលដែលមានការលើកឡើងថាពលរដ្ឋខ្មែរ ត្រូវតែឈប់ពន្យារកំណើត ព្រោះប្រទេសដែលឈ្លានពានកម្ពុជា គឺថៃ មានប្រជាជន ជាង៧០លាននាក់ ចំណែកវៀតណាម មានប្រជាជន ជាង១០០លាននាក់ តែកម្ពុជា គិតត្រឹមឆ្នាំ២០២៥ មានពលរដ្ឋត្រឹមតែ ១៧លាននាក់។ បញ្ហានេះហើយ ដែលធ្វើឲ្យស្រីនាថ ប្ដូរចិត្ត ១៨០ដឺក្រេ ពីខ្លាចរោងការ មកចង់គ្រងឈុតកូនក្រមុំមែនទែន ហើយមូល ហេតុធំ គឺនាងចង់បង្កើនធនធានមនុស្ស ដែលធ្វើឲ្យ Fan និងគូស្នេហ៍ដទៃទៀត អាចធ្វើតាមនាងជាមិនខាន ។ ប៉ុន្ដែដោយសារសង្រ្គាមដែលយោធាសៀម ឈ្លានពានកម្ពុជា មិនដឹងចប់ថ្ងៃណាឲ្យប្រាកដ ព្រោះទាហានសៀម នៅតែបន្ដឈ្លានពានកម្ពុជា នោះ ទើបអ៊ីវ៉ា មិនទាន់កំណត់ថ្ងៃក្រាបផ្ទឹម ថានឹងធ្វើនៅថ្ងៃខែឆ្នាំណាឲ្យប្រាកដ ឡើយ ។ យ៉ាងណា នេះជាការបំពេញបំណងដ៍ធំមួយរបស់ស្រីនាថ ជូនលោកឧពុកនាង ព្រោះកាលពីឆ្នាំ២០ ២៤ ចំពេលដែលអ៊ីវ៉ា អាយុគម្រប់៣០ឆ្នាំ ហើយនាងថា ចង់រៀបការនៅអាយុនេះ ប៉ុន្ដែបែរជារំសាយចោល ដោយគ្មានមូលហេតុ នាំឲ្យឪពុកនាង មិនសប្បាយចិត្ត តែឥឡូវ តារាសាន់ដេ រូបនេះ មិនចង់ធ្វើឲ្យលោកឪពុក មួម៉ៅជាលើកទីពីរទេ ហើយនាងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការក្រាបផ្ទឹមតាមប្រពៃណីខ្មែរ សមតាមបំណងឪពុកនាង ។

 សូមរំលឹកថា អ៊ីវ៉ា បានបង្ហាញមុខគូស្នេហ៍ ជាសាធារណៈ គឺលោក លី សេងហួរ ជាលើកដំបូង កាលពីពាក់កណ្ដាលឆ្នាំ២០២៣ បន្ទាប់ពីពួកគេសាងស្នេហាជាមួយគ្នាបែបលាក់លៀម ៨ឆ្នាំ និងមានព័ត៌មានថា អ្នកទាំងពីរ បានភ្ជាប់ពាក្យរួចហើយ កាលពីឆ្នាំ២០២២ ។ទោះជាមិនទាន់ក្លាយជាប្ដីប្រពន្ធគ្នាស្របច្បាប់ តែអ៊ីវ៉ា និងថៅកែ បានដាក់ទុនរកស៊ី Online និងទិញរថយន្ដជិះរួមគ្នា ដោយប្រើស្លាកលេខឈ្មោះពួកគេបញ្ចូលគ្នាទៀតផង ។ អំឡុងពេលដែលយោធាសៀម ឈ្លានពានកម្ពុជា តាំងពីពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នោះ ស្រីនាថ បានធ្វើសប្បុរសធម៌ជាបន្ដបន្ទាប់ផងដែរ ដោយមានលោកសេងហួរ គាំទ្រនៅពីក្រោយខ្នងជានិច្ច ។

 តាមប្រភពថា ឪពុកម្ដាយលោកសេងហួរ ចង់បានចម្លើយជាក់លាក់របស់អនាគតកូនប្រសា ស្រីនាថ ក្នុងការ កំណត់ថ្ងៃខែឆ្នាំរៀបការឲ្យពិតប្រាកដ ព្រោះមិនចង់ពន្យារពេលតទៅទៀត ដោយសារកាលពីថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៣ លោក លី សេងថៃ ជាប្អូនប្រុសសង្សារអ៊ីវ៉ា បានរៀបការមុនបងទៅហើយ ។ ចំណែក Fan បានជំរុញនិងឲ្យយោបល់ទៅស្រីនាថ ថាប្រសិនបើនាងពិតជាមានចេតនាបង្កើនធនធានមនុស្សមែន មិនចាំ បាច់ដល់ចាំចប់សង្រ្គាមឈ្លានពានពីសំណាក់យោធាសៀម លើកម្ពុជា ទេ គេអាចរៀបការពេលនេះបានតើ គ្មានអ្នកណាហាមឃាត់ឯណា ការរួច ពពោះភ្លាម បានកំណើនមនុស្សភ្លែត ។

 មហាជនបានលើកឡើងថា អ៊ីវ៉ា ក្រោយក្លាយជាភរិយាលោក លី សេងហួរ ស្របច្បាប់បន្ទាប់ពីរៀបការរួច នាងនឹងក្លាយទៅជាកូនប្រសាអ្នកជំនួញធំ នៅក្រុងសៀមរាប ដែលពេលនោះ ដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំ គឺនាងនឹងត្រូវតែយកកូនភ្លាមជាមិនខាន ៕

RELATED ARTICLES