Wednesday, December 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីគុក លួចកោដ្ឋឆ្អឹងខ្មោច ជាប់ខ្នោះ

ចេញពីគុក លួចកោដ្ឋឆ្អឹងខ្មោច ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាទើបនឹងចេញពីពន្ធនាគារ នងជក់គ្រឿងញៀនត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាពដើរលួចកោដ្ឋដាក់ធាតុ (ឆ្អឹងខ្មោច) របស់អ្នកភូមិ យកទៅបោកកម្ទេចចោល ដើម្បីរកលុយនៅក្នុងកោដ្ឋទាំងនោះ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង៥៣នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះជន រងគ្រោះ ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះពៅ តុលា ហៅតុ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ (មានសារធាតុញៀន)។ ជននេះធ្លាប់ជាប់ ពន្ធនាគារខេត្តកណ្តាល រយៈពេល២ឆ្នាំ ករណីលួច។ ចំណែកជនរងគ្រោះ មានចំនួន២នាក់ ទី១-ឈ្មោះវី ស្រីឡែន ភេទស្រី អាយុ៣១ឆ្នាំ មានលំនៅ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ និងទី២-ឈ្មោះមឹម នី ភេទ ស្រី អាយុ៥០ឆ្នាំ មានលំនៅ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចូលលួចកោដ្ឋដាក់ធាតុ របស់ជនរងគ្រោះ រួចយកទៅបោកបំបែកនៅនឹងកន្លែង ដើម្បីយកលុយក្នុងកោដ្ឋនោះ។ ក្រោយពីឃើញសភាពបែបនេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ដើម្បីឱ្យជួយអន្តរាគមន៍ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។

លោកវរសេនីយ៍ឯក យី វណ្ណដា បានបញ្ជាក់ថា វត្ថុតាងដែលសមត្ថកិច្ចរកឃើញនៅកន្លែងកើតហេតុ មាន កម្ទេចកោដ្ឋដាក់ធាតុ មួយចំនួន ដែលត្រូវជនសង្ស័យបោកបំបែក។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដើរលួចកោដ្ឋ យកមកបោកបំបែក យកលុយ ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES