ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេស តាមបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួន រួមមាន អូស្ត្រាលី, នូវែលហ្សេឡង់ កាណាដា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ជាដើម បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងឧក្រិដ្ឋកម្មសង្រ្គាម របស់ភាគីថៃ មកលើកម្ពុជា និងស្នើឱ្យសហគមន៍អន្តរជាតិ ជួយបញ្ឈប់អំពើឈ្លានពានរបស់ថៃ វិលទៅរកបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដែលថៃ បានចុះហត្ថលេខាជាមួយកម្ពុជា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលនិងធ្វើជាសាក្សី ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ។

បាតុកម្មរបស់ពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក បានផ្ទុះឡើងព្រមគ្នា នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយក្នុងនោះ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្ត្រាលី រាប់ពាន់នាក់ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ បានមកជួបជុំគ្នានៅក្នុងទីក្រុងមែលប៊ន (Melbourne) សម្តែងការតវ៉ា នៅមុខរដ្ឋសភាអូស្ត្រាលី ដើម្បីបង្ហាញពីជំហរប្រឆាំងដាច់ខាតចំពោះទង្វើឈ្លានពានរបស់យោធាថៃម កលើបូរណភាពទឹកដីកម្ពុជា និងស្នើអូស្ត្រាលី អន្តរាគមន៍បញ្ឈប់អំពើឈ្លានពានដ៏កំរោលនិងសហាវឃោរឃៅរបស់ភាគីថៃ។
ក្រុមអ្នកតវ៉ា បានលើកបដា និងស្រែកថា «កម្ពុជា ត្រូវការតែសន្តិភាព សូមកងយោធាថៃ បញ្ឈប់ការធ្វើ សង្រ្គាមឈ្លានពានកម្ពុជា ជាបន្ទាន់! កម្ពុជា មិនចង់បានទឹកដីរបស់ប្រទេសជិតខាងទេ ត្រឹមការពារដែនដីអធិបតេយ្យរបស់កម្ពុជា សូមប្រទេសថៃ កុំបន្តឈ្លានពានកម្ពុជាទៀត!“ ។

មិនខុសគ្នាដែរ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នោះដែរ ប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងរដ្ឋធានីវ៉ែល្លីងតុន ទីក្រុងក្រៃឆឺច ទីក្រុងផាមើរស្តុនណតស៍ ប្រទេសនូវែលហ្សេឡង់ ប្រមាណជាង ៤០០នាក់ បានជួបជុំគ្នានៅមុខរដ្ឋសភានូវែលហ្សេឡង់ នារដ្ឋធានីវ៉ែល្លីងតុន ដើម្បីស្នើសុំអន្តរាគមន៍ ៤ចំណុច រួមមាន ៖ ១. ប្រកាសថ្កោល ទោសនៃការឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជា ។ ២. គាំទ្ររាជរដ្ឋាភិបាល និងសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងវីរកងទ័ពកម្ពុជា ដើម្បីបន្តថែរក្សានូវអធិបតេយ្យកម្ពុជា និងធានាបាននូវសន្តិភាពសម្រាប់ប្រទេសជាតិ ។ ៣. ការជំរុញស្មារតីខ្មែរតែមួយ នៅជុំវិញពិភពលោក ទោះបីខ្មែរនៅទីណាក៏ដោយ គឺត្រូវតែរួបរួមគ្នា ដើម្បីជ្រោងទង់ប្រទេសជាតិ និង៤. ប្រ កាសស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើមរបស់លោកអាន់វ៉ា អ៊ីប្រាហ៊ីម ( Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការឈប់បាញ់ ដោយមានការតាមដានត្រួតពិនិត្យដោយក្រុមត្រួតអ្នកសង្កេតការអាស៊ាន (AOT) និងចូលរួមដោយសហរដ្ឋអាមេរិក។

សម្រាប់ក្រុមបាតុករនៅប្រទេសកាណាដា ទោះបីស្ថិតនៅក្រោមព្យុះទឹកកកដ៏សែនត្រជាក់ ក៏ប្រជាជនខ្មែរ ប្រ មាណ ១៥០នាក់ មកពីទីក្រុងអូតាវ៉ា, ម៉ុងរ៉េអាល់ និងតូរ៉ុនតូ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បាននាំគ្នាដើរ ជាក្បួនបាតុកម្មនៅមុខសភាជាតិកាណាដា ក្នុងគោលបំណងដាក់ញត្តិជូនទៅសភាកាណាដា ឲ្យជួយអន្តរាគមន៍បញ្ឈប់សង្រ្គាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ជាពិសេស បង្ខំឲ្យថៃ បញ្ឈប់ការឈ្លានពានលើប្រទេសកម្ពុជា បន្ទាប់ពីពលរដ្ឋខ្មែរ ទាំងនោះ បានតាមដាននិងសង្កេតឃើញថា យោធាថៃ បានបន្តការ ឈ្លានពានមកលើកម្ពុជា ជាថ្មី ដោយប្រើប្រាស់អាវុធគ្រប់ប្រភេទ បាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃ មិនរើសគោលដៅនិងទីកន្លែង ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលកម្ពុជា គ្មានជម្រើសអ្វីក្រៅពីតបត និងប្រើប្រាស់សិទ្ធិការពារខ្លួន ការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងសត្រូវឈ្លានពាន ។
នៅសហរដ្ឋអាមេរិក ពលរដ្ឋខ្មែរ រាប់រយនាក់មកពីគ្រប់ទិសទី មកពីបណ្ដារដ្ឋផ្សេងៗ នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ បាននាំគ្នាធ្វើការប្រមូលផ្តុំគ្នានៅខាងមុខសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីងតោន ដើម្បីទាមទារឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ អន្តរាគមន៍បញ្ឈប់ថៃ ៖ ១. បញ្ឈប់ថៃ ទម្លាក់គ្រាប់ បែកមកលើប្រទេសកម្ពុជា ជាបន្ទាន់ ២. បើកឱ្យមានអ្នកសង្កេតការណ៍ឯករាជ្យ ៣. ផ្ទៀងផ្ទាត់ផ្កាយរណបសហរដ្ឋអាមេរិក ជុំវិញការបាញ់ប្រហាររបស់ថៃ មកលើប្រទេសកម្ពុជា ៤. ទទួលខុសត្រូវចំពោះមុខច្បាប់អន្តរ ជាតិ ។

ស្របពេលជាមួយគ្នានោះដែរ យុវជនខ្មែរ និងពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក មកពីក្រុមប្រឆាំង (អតីតគណ បក្សសង្រ្គោះជាតិ) ដឹកនាំដោយលោកសុភ័ណ្ឌ ឡារី ប្រធានបណ្ដាញយុវជនកម្ពុជាសកល និងជាកូនធម៌លោកសម រង្ស៊ី និងអតីតសកម្មជនបក្សប្រឆាំង មួយចំនួនទៀត បានជួបជុំគ្នានៅមុខក្រសួងការបរទេសអាមេរិក និងមុខស្ថានទូតថៃ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បទាមទារឲ្យប្រទេសថៃ ឈប់ឈ្លានពានកម្ពុជា ដោយពួកគេបានស្រែកទាមទារថា “អ្នកអាចមិនខ្វល់ មិនឈឺចាប់ មិនគិត មិនចូលរួមបាន! ប៉ុន្តែពួកខ្ញុំ គឺជាកូនខ្មែរ ឈាមជ័រជាខ្មែរ បេះដូងជាខ្មែរ ជាតិសាសន៍ខ្មែរ ពួកខ្ញុំមិនអាចឈរមើលបរទេសរំលោភបំពាន សម្លាប់ជនជាតិរបស់ពួកខ្ញុំ រាល់ថ្ងៃ បែបនេះបានជាដាច់ខាត។ យើងរួមគ្នា ដើម្បីខ្មែរតែមួយ ប្រឆាំង ថៃ ឈ្លានពានទឹកដីកម្ពុជា!” ។
ចំណែកនៅប្រទេសជប៉ុន សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ជាង ១៥០០នាក់ បានប្រមូលផ្តុំគ្នា ចំនួន ៦ទីតាំង រួមមាននៅទីក្រុងតូក្យូ ២ទីតាំង ខេត្តអូសាកា ខេត្តអាយឈិ ខេត្តហ៊ីរ៉ូស៊ីម៉ា និងខេត្តហ្វូគូអូកា ដើម្បីសម្តែងមតិថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅយង់ឃ្នង របស់យោធាថៃ ដែលបានបើកការវាយប្រហារគ្មានរើសគោល ដៅ និងប្រើប្រាស់អាវុធគ្រប់ធុន ក្នុងការឈ្លានពានអធិបតេយ្យកម្ពុជា។
តាមរយៈការប្រមូលផ្តុំនេះ ក៏មានការដាក់ញត្តិទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ប្រចាំប្រទេសជប៉ុន និងក្រសួងការបរទេសជប៉ុន ដើម្បីអំពាវនាវឱ្យថ្កោលទោសចំពោះអំពើរំលោភបំពានរបស់យោធាថៃ និងស្នើចាត់វិធានការបន្ទាន់និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីដាក់សម្ពាធលើប្រទេសថៃ ឱ្យបញ្ឈប់សកម្មភាពឈ្លាន ពានយ៉ាងគឃ្លើនរបស់ខ្លួន។
ទោះបីជាអាកាសធាតុត្រជាក់ស្ទើរសូន្យអង្សាសេ និងមានភ្លៀងធ្លាក់នៅទីតាំងមួយចំនួន ក៏អ្នកចូលរួមទាំងអស់ បានស្រែកយ៉ាងក្លៀវក្លា នូវពាក្យស្លោក និងកាន់បដាដែលបង្ហាញការគោរពដឹងគុណដល់វីរកងទ័ពកម្ពុជា ដែលបានការពារទឹកដី ពីការឈ្លានពានរបស់ខ្មាំងសៀម និងគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិ បាលកម្ពុជា ព្រមទាំងថ្កោលទោសចំពោះអំពើរំលោភបំពានយ៉ាងសាហាវព្រៃផ្សៃបំផុតរបស់យោធាថៃ មកលើ ដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និងការបំផ្លាញសាលារៀន វត្តអារាម និងហេដ្ឋារចនា សម្ព័ន្ធផ្សេងៗ និងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ថៃ មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។
សហគមន៍ខ្មែរ នៅប្រទេសជប៉ុន ទាមទារឱ្យសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងសហគមន៍អន្តរជាតិ ចូលរួមតាមដាននិងដាក់សម្ពាធដល់យោធាថៃ ឱ្យបញ្ឈប់ការវាយប្រហារយ៉ាងសាហាវឃោរឃៅនេះជាបន្ទាន់ ដើម្បីធានាដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន និងសន្តិភាពនៅក្នុងតំបន់ទាំងមូល ។

ជាការកត់សម្គាល់បន្ថែមទៀតដែរ យុវជនខ្មែរ ប្រមាណ៥០០នាក់ ដឹកនាំដោយលោកហៃ វណ្ណា ប្រធានសមាគមជនជាតិខ្មែរ រស់នៅប្រទេសជប៉ុន បានរួមគ្នាដាក់ញាត្តិទៅកាន់រដ្ឋាភិបាលជប៉ុន ស្ថានទូតអាមេរិក ស្ថានទូតស៊ុយអែត និងតំណាងសហភាពអឺរ៉ុប ប្រចាំនៅប្រទេសជប៉ុន នៅទីក្រុងតូក្យូ ជំរុញឱ្យថៃ បញ្ឈប់ជាបន្ទាន់នូវការវាយប្រហារលើកម្ពុជា ងាកមកបន្តការសន្ទនាការទូតឡើងវិញ ស្វែងរកដំណោះស្រាយដោយសន្តិវិធី រវាងប្រទេសទាំងពីរ ។ ជំរុញការដោះលែងទាហានខ្មែរ ទាំង១៨នាក់ ជាពិសេស បាតុកម្មនេះ ក៏ចង់បង្ហាញការពិតអំពីការឈ្លានពានរបស់កងទ័ពថៃ លើប្រទេសកម្ពុជា និងការឈឺចាប់របស់ប្រជាជនកម្ពុជា ចំពោះសង្គ្រាមឈ្លានពានដ៏ឃោរឃៅរបស់ថៃ នេះ ដល់សហគមន៍អន្តរជាតិផងដែរ ។
ដោយឡែក សហគមន៍ខ្មែរ ដែលកំពុងរស់នៅនិងធ្វើការនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម សម្តែងមតិ នៅទីតាំង ចំនួន២ ផ្សេងគ្នា ដើម្បីថ្កោលទោសការឈ្លាន ពានយ៉ាងសាហាវព្រៃផ្សៃពីសំណាក់កងទ័ពថៃ មកលើដែនអធិបតេយ្យកម្ពុជា។
សហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ បានឱ្យដឹថា ទីតាំងសម្តែងមតិថ្កោលទោសទាំង ២កន្លែងនោះ ទី១ នៅទីក្រុងសេអ៊ូល ដែលមានអ្នកចូលរួម ចំនួនប្រមាណជាង ៣០០នាក់ បានចាប់ផ្តើមនៅម៉ោង ១១ព្រឹក នៅស្ថានីយរថភ្លើង Noksapyeong និងបានធ្វើការដង្ហែក្បួនចម្ងាយ ៧០០ម៉ែត្រ និងឈប់នៅចម្ងាយ៥០០ម៉ែត្រ ពីស្ថានទូតថៃ។ ជាមួយគ្នានោះ ក៏មានតំណាង ៥នាក់ បាននាំយកញត្តិទៅដាក់នៅស្ថានទូតថៃ ផងដែរ។ ចំណែកទីតាំងទី២ នៅទីក្រុងក្វាងជូធំ ដែលមានអ្នកចូលរួម ចំនួនប្រមាណជាង ២០០០នាក់ បានចាប់ផ្តើមនៅម៉ោង១១ព្រឹក ដល់ម៉ោង ២និង៣០នាទីរសៀល (ម៉ោងនៅកម្ពុជា) ។
សហគមន៍ខ្មែរ ដែលកំពុងរស់នៅនិងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង រួមគ្នាទាមទារឱ្យយោធាថៃ បញ្ឈប់ជាបន្ទាន់នូវទង្វើដ៏គឃ្លើន ឈ្លានពានទាំងកំរោល និងអំពើយង់ឃ្នងទាំងអស់ ហើយងាកមកគោរពកិច្ចព្រម ព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានលោកដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី ហើយទាមទារឲ្យភាគីថៃ គោរពគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ជាធរមាន ។
គួរបញ្ជាក់ថា ក្រៅពីពលរដ្ឋខ្មែរ ចាប់ផ្ដើមធ្វើបាតុកម្មនៅជុំវិញពិភពលោក ទីភ្នាក់សារព័ត៌មានអន្តរជាតិនានា ក៏បានបង្ហាញវត្តមាននៅកម្ពុជា ក្នុងអំឡុងពេលយោធាថៃ ធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធ ឈ្លានពានមកលើកម្ពុជា ផងដែរ។
លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់ទុកវត្តមានរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅតាមបណ្ដោយព្រំដែន បាននាំយកការពិតពីកម្ពុជា ដល់ពិភពលោក ។

លោក នេត្រ ភក្រ្តា បានបញ្ជាក់តាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២៥ ថា “សូមអរគុណទីភ្នាក់ងារសារព័ត៌មានបារាំង AFP, AP, Reuters, EPA, Xinhua, CNA, Aljazeera, Phonex និងបណ្តាញសារព័ត៌មានអន្តរជាតិផ្សេងទៀត ដែលបានផ្សព្វផ្សាយអត្ថបទពីទីភ្នាក់ងារសារព័ត៌មានធំៗ ដូចជា CNN, France 24, Le Monde, BBC, Bloomberg, Wall Street Journal, The Guardian, The Times, The Independent, The Straits Times ជាដើម ជាពិសេសអ្នកសារព័ត៌មានជាតិកម្ពុជា នានា ដែលបានចុះយកព័ត៌មាន យ៉ាងសស្រាក់សស្រាំ នៅតាមបណ្តាខេត្តដែលជាសមរភូមិប្រយុទ្ធ។ វិទ្យុនិងទូរ ទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដើរតួនាទីមជ្ឈមណ្ឌលកណ្តាល ផ្តល់ព័ត៌មានពីសមរភូមិមុខ។ ស្ថានីយវិទ្យុ ទូរទស្សន៍ឯកជន ប្រព័ន្ធផ្សព្វផ្សាយបែបថ្មីផ្សេងទៀត បានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មាន រួមទាំងអ្នកសារព័ត៌មានគ្មានអង្គភាព អ្នកមានឥទ្ធិពលក្នុងសង្គម និងអ្នកលេងបណ្តាញសង្គម។ អ្នកទាំងអស់គ្នា ជាសំឡេងពិត និងបាននាំយកការពិត ប្រឆាំងនឹងការភូតកុហក។ កម្ពុជា បានត្រៀមទទួលស្វា គមន៍អ្នកសារព័ត៌មានអន្តរជាតិផ្សេងៗទៀតមកយកព័ត៌មាននៅកម្ពុជា។ ក្រសួងព័ត៌មាន បានគិតគូរនិងយកចិត្តទុកដាក់បំផុតចំពោះសុវត្ថិភាពនៃអ្នកសារព័ត៌មាន អំឡុងពេលមានសង្គ្រាម។ មន្ត្រីនៃក្រសួងព័ត៌មាន បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលដំណើរចុះយកព័ត៌មាន និងធ្វើបទសម្ភាសជាមួយអាជ្ញាធរពាក់ព័ន្ធ ករណីចាំបាច់។ ជាមួយគ្នានេះ ខ្ញុំក៏សូមចូលរួមសោកស្តាយចំពោះអ្នកសារព័ត៌មានកម្ពុជាម្នាក់ ដែលទទួលរងរបួស អំឡុងពេលចុះរាយការណ៍ព័ត៌មាននៅព្រឹកថ្ងៃទី៨ ខែធ្នូ បណ្តាលឱ្យអំបែងគ្រាប់ខ្ទាត់ត្រូវ បណ្តាលឱ្យរបួសបែកមាត់។ សូមជូនពរឆាប់ជាសះស្បើយ។ យើងរួមគ្នាដើម្បីកម្ពុជា!“ ៕ កុលបុត្រ


