Tuesday, December 16, 2025
Homeតារាខ្មែរសារ៉ាយ សក្ខណា ថ្កោលទោសសៀម ថ្ងៃរៀបការប្អូន

សារ៉ាយ សក្ខណា ថ្កោលទោសសៀម ថ្ងៃរៀបការប្អូន

ភ្នំពេញ ៖ កម្មវិធីជប់លៀងមង្គលការទូទៅ គេតែងតែឃើញម្ចាស់កម្មវិធីសប្បាយ ផឹកស៊ី រាំលេងជាមួយភ្ញៀវ ប៉ុន្ដែសម្រាប់សារ៉ាយ សក្ខណា នៅថ្ងៃរៀបការប្អូនប្រុសទី១ របស់នាងលោកសារ៉ាយ រ៉ូហ្សា និងអ្នកនាងម៉ៅ ចិន្ដាវិសុទ្ធ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅភោជនីយដ្ឋានដឺ ធើរ៉េស ធីខេ នោះ នាងថា មានអារម្មណ៍ឈឺចាប់ចំពោះទាហានសៀម ដែលម្ដងហើយម្ដងទៀត ឈ្លានពានលើទឹកដីកម្ពុជា ហេតុនេះនាងសូមថ្កោលទោសសៀម ប៉ុន្ដែមិនមែនតែរូបនាងតែម្នាក់ទេ គឺខ្មែរទូទាំងប្រទេស និងនៅក្រៅស្រុក ចិត្ដដូចគ្នា។

សក្ខណា ថាប្រវត្តិសាស្រ្ដ អ្នកណាក៏ដឹងថា សៀម ឈ្លានពានខ្មែរ ឥឡូវមកដល់សម័យនេះហើយ សៀម នៅ តែឈ្លានពានខ្មែរទៀត និងបំភ្លៃថា របស់ខ្មែរ គឺជារបស់ពួកគេទៀតផង។ នាងក៏សូមគោរពដល់វីរកងទ័ពខ្មែរ ដែលលះបង់គ្រប់បែបយ៉ាង ដើម្បីការពារទឹកដី ហើយក្រោយរៀបការប្អូនរួច នាងនឹងទៅបរិច្ចាគឈាម រួមទាំងយកថវិកា និងសម្ភារៈមួយចំនួន ផ្ញើទៅកងទ័ពជូរមុខ និងជនភៀសសឹក តាមរយៈតារាដែលចុះទៅផ្ទាល់ ដែលសកម្មភាពនេះ ពីមុនៗ នាងក៏ធ្លាប់បានធ្វើជាញឹកញាប់ដែរ ។

សក្ខណា ថាតាមពិតមង្គលការប្អូននាង មិនអាចកែប្រែបានទេ ព្រោះបានត្រៀមរៀបចំទុកជាច្រើនខែ មុនរួចទៅហើយ  មិនមែនចង់ការ ចំពេលមានសង្រ្គាមទេ ខណៈដែលកម្មវិធីទាំងមូល ក្រុមគ្រួសារនាងបានធ្វើកម្មវិធីជប់លៀង ចំនួន៦០តុ ត្រៀម៥តុ និងហៅអ្នកសិល្បករចូលរួមតែជាង ១០% ប៉ុណ្ណោះ ដោយតារាខ្លះ ចុះទៅយកអំ ណោយជូនកងទ័ព តាមព្រំដែនមិនបានមក តារាខ្លះមក ប៉ុន្ដែជាសរុប ភ្ញៀវមកលើសចំនួន។

  គួរបញ្ជាក់ថា សារ៉ាយ សក្ខណា មានបងប្អូន ចំនួន៤នាក់ (ស្រី១) ក្នុងនោះរូបនាងជាកូនច្បង ។ មង្គលការប្អូនប្រុសទី១ របស់សក្ខណា យកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ (12 12 2025) គឺថ្ងៃនិងខែ ដូចគ្នាទៅនឹងមង្គលការរបស់នាង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ (12 12 2013)ដោយសារសក្ខណា និងប្អូនប្រុស យល់ថា នេះជាថ្ងៃសិរីសួស្ដីល្អសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ពួកគេ ។ សក្ខណា ថានាងមកពីអាមេរិក ចុងក្រោយនេះ តាំងពីខែសីហា ឆ្នាំ២០២៥ ហើយពេលនេះ ស្វាមីនិងកូនប្រុសទី២ ព្រីនស្ទីន និងកូនប្រុសទី៣ ឈ្មោះកែវ សុវណ្ណណាបុត្រ ហៅ Chandrik នៅស្រុកខ្មែរ មិនទាន់កំណត់ថ្ងៃវិលទៅអាមេរិក វិញទេ តែកូនស្រីទី១ របស់នាង ឈ្មោះ Mataysia អាយុជិត១០ឆ្នាំ កំពុងនៅអាមេរិក ព្រោះខែនេះ នាងជាប់រៀន។

 សូមរំលឹកថា សារ៉ាយ សក្ខណា ធ្លាប់នាំស្វាមី មករៀបការប្អូនប្រុសពៅ ឈ្មោះសារ៉ាយ ដានីត កាលពីខែមករា ឆ្នាំ២០២២ ប៉ុន្ដែពេលនេះ នាងមករៀបការប្អូនទី១ បែរជាចំពេលផ្ទុះសង្រ្គាមនៅតាមព្រំដែន ដែលបង្កឡើងដោយទាហានសៀមឈ្លានពាន តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ។ សក្ខណា ជាតារាដែលត្រូវស្វាមីនាង អាណិកជនខ្មែរអាមេរិក លោកមេធាវី កែវ ប៊ុនមេត្រី ឲ្យលេងសិល្បៈ ដោយសេរី ពោលគឺលោកមិនចេះប្រចណ្ឌហួង ហែងឡើយ ហើយក្រៅពីនៅបន្ដថតសម្ដែងភាពយន្ដ និង MV ជាធម្មតានោះ នាងក៏មានគ្លីនិករក្សាសម្រស់ មួយនៅទួលគោកផងដែរ ។

ទាក់ទងរឿងយកកូនទី៤ សក្ខណា ធ្លាប់ប្រាប់អ្នកកាសែតថា នាងមិនទាន់គិតពីបញ្ហានេះទេ ប៉ុន្ដែមុនសម្រាលកូនទី៣ នាងចង់បានកូនភ្លោះ ព្រោះមិនចង់បង្កើតច្រើនដង តែផែនការណ៍ចង់បានកូនម្ដងពីរ បរាជ័យ ។

 ក្រៅពីសារ៉ាយ សក្ខណា តារាដែលយកស្វាមីជាអាណិកជនខ្មែរ នៅអាមេរិក មានដូចជា អ្នកនាងអម្ពរ ទេវី, គឹម លក្ខណា, វ៉េត រតនា, អាលីហ្សា, ឆ័យលី ដាឡែន និងសុគន្ធ និសា ជាដើម ៕

RELATED ARTICLES