ខេត្តឧត្តរមានជ័យ ៖ ជនជាប់ឃុំ ចំនួន១០៦៦នាក់ ត្រូវបានកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្តពាក់ព័ន្ធ បានធ្វើការជម្លៀសចេញពីពន្ធនាគារខេត្តឧត្តរមាន ជ័យ ទាំងយប់ ដើម្បីគេចពីការទម្លាក់គ្រាប់បែក និងគ្រាប់ ផ្លោង ពីទាហានសៀមការឈ្លានពាន ទៅឃុំខ្លួនបន្តនៅពន្ធនាគារខេត្តសៀមរាប ដើម្បីសុវត្ថិភាព។


តាមអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយទទួលបានគោលការណ៍អនុញ្ញាតនិងមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ រួមជាមួយសហការី និងមានកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរខេត្តពាក់ព័ន្ធ បានធ្វើការជម្លៀសជនជាប់ឃុំ ចំនួន១០៦៦នាក់ (ស្រី៦៧នាក់) ចេញពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ដោយការទម្លាក់ គ្រាប់បែក និងគ្រាប់ផ្លោង ពីការឈ្លានពានរបស់ទាហានសៀម ទៅឃុំខ្លួនបន្ត នៅពន្ធនាគារខេត្តសៀមរាប។


តាមអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងបន្តថា ក្នុងប្រតិបត្តិការផ្ទេរជនជាប់ឃុំនេះ ត្រូវបានបិទបញ្ចប់នៅវេលាម៉ោង ៤និង៤០នាទី ទៀបភ្លឺ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់រថយន្តសរុប ចំនួន៣២គ្រឿង និងមន្ត្រីសរុប ចំនួន២២១នាក់៕

