ខេត្តស្វាយរៀងៈ កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានកោះហៅក្រុមក្មេងទំនើងចំនួន៦នាក់ មកធ្វើកិច្ចសន្យាអប់រំ ពាក់ព័ន្ធ ករណីបង្ហោះម៉ូតូតាមទីសាធារណៈ នៅស្រុកស្វាយជ្រំ។

តាមប្រភពពីសមត្ថកិច្ចស្រុកស្វាយជ្រំ បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានកោះហៅក្រុមក្មេងទំនើងចំនួន៦នាក់ ដែលបានប្រព្រឹត្ត ករណីបង្ហោះម៉ូតូតាមទីសាធារណៈ នៅចំ ណុចលើផ្លូវលំ ស្ថិតនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ត្រូវបានប្រជាពលរដ្ឋថតបង្ហោះតាម បណ្តាញសង្គម យកមកអប់រំ និងធ្វើកិច្ចសន្យា ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៦នាក់ បានឆ្លើយសារភាពថា កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ បក្ខពួកខ្លួនបាននាំគ្នាជិះម៉ូតូចេញពីសាលាឌុបគ្នា ទៅដល់ចំណុចលើផ្លូវលំភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ បាននាំគ្នាជិះម៉ូតូបង្ហោះ លើដងផ្លូវ ចំនួន២លើក ប្រាកដមែន ។

ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងព្រះរាជាអាជ្ញា នៃអយ្យ ការអមសាលាដំបូង ខេត្តស្វាយរៀង ក្រុមក្មេងទំនើងទាំង៦នាក់ ត្រូវបានកោះហៅមកអធិការដ្ឋាននគបាលស្រុកស្វាយជ្រំ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណា ព្យាបាលមកទទួលយកទៅអប់រំបន្ត។ ចំណែកឯម៉ូតូទាំង០៣គ្រឿង ត្រូវបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ រយៈពេល៣ខែ ទើបប្រគល់ឱ្យវិញ៕