Thursday, November 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគាស់ផ្ទះ លួចប្លាទីន លក់ចាយអស់ ជាប់ខ្នោះ

គាស់ផ្ទះ លួចប្លាទីន លក់ចាយអស់ ជាប់ខ្នោះ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ផ្ទះអ្នកភូមិម្នាក់ លួចបានខ្សែដៃមាស អាយផេត និងធុងបាស់ រួចយកទៅលក់ បានលុយដើរស៊ីចាយអស់ លុះរំលងបានតែ ១ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។ រហូតមកដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចបានស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យបានម្នាក់។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះធឿន ចាន់ធួន ហៅចិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។ ចំណែកជនរងគ្រោះ ជាម្ចាស់ផ្ទះ មានឈ្មោះវ៉ា វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរ បាលខេត្តកំពង់ស្ពឺ និងដឹកនាំចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាល ស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលព័ត៌មានថា មានករណីចោរគាស់ លួចទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋ ឈ្មោះវ៉ា វណ្ណា នៅចំណុចភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។ បន្ទាប់មក ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចស្រាវជ្រាវ។

យោងតាមពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះ បានបញ្ជាក់ថា ជនសង្ស័យបានលួចយកសម្ភារៈ និងទ្រព្យសម្បត្តិ រួម មាន  ខ្សែដៃប្លាទីន ១ខ្សែ អាយផេត ១គ្រឿង ឈុតម៉ៃក្រូហ្វូន សម្រាប់ច្រៀង ១ឈុត និងធុងបាស់ ១គ្រាប់។មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវ រហូតដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចបានកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះធឿន ចាន់ធួន ហៅចិន យកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះធឿន ចាន់ធួន ហៅចិន បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនៅក្នងផ្ទះជនរងគ្រោះមែន កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៥ ដោយយកធុងបាស់ លាក់ទុកនៅខាងក្រៅរបងផ្ទះជនរងគ្រោះ ចម្ងាយប្រហែល ២៥ម៉ែត្រ ចំណែកអាយផេត និងខ្សែដៃប្លាទីន រូបគេយកទៅលក់អស់ហើយ។

 ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES