Thursday, November 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្លឹបហាត់ប្រាណ គេលួចចាក់សាំងដុត

ក្លឹបហាត់ប្រាណ គេលួចចាក់សាំងដុត

ខេត្តបាត់ដំបង ៖ ក្លឹបហាត់ប្រាណ ១កន្លែង យីហោ «មនោរម្យ២» ដែលសាងសង់ស្ទើរទាំងស្រុងអំពីដែក ត្រូវបានជនមិនស្គាល់មុខ លួចចាក់សាំងដុតពីខាងក្រៅរបង និងលើដំបូល នៅចំហៀងខាងត្បូង តែមិនឆេះ។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្លឹបហាត់ប្រាណ មនោរម្យ២ ដែលជាកម្មសិទ្ធិរបស់លោក ចាន់ សូវង្ស អាយុ៦៩ឆ្នាំ មានទីតាំងនៅជាប់ជញ្ជាំងប៉ុស្តិ៍នគរ បាលនិងសាលាសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

យោងតាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា ជនមិនស្គាល់មុខ បានប្រើប្រាស់សាំងប្រហែល ៤លីត្រ ចាក់លើអេប៉ុង (ពូក) បោះឡើងទៅលើដំបូល រួចដុតតែម្តង។ ប៉ុន្តែមិនឆេះសន្ធោសន្ធៅ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរទេ ព្រោះមានគេឃើញទាន់។ ម៉្យាងក្លឹបហាត់ប្រាណនេះ សាងសង់ពីដែកសុទ្ធ ទើបមិនខូចខាត គ្រាន់តែឆេះរោលៗពីខាងក្រៅ និងឆេះរោលដើមពោធិ៍នៅជ្រុងខាងត្បូង។

សមត្ថកិច្ចបានឲ្យដឹងថា នៅកន្លែងកើតហេតុ ជនដៃដល់បានបន្សល់ទុកសាំង ១ដប ចំណុះប្រហែល ២លីត្រ តែ១ដបទៀត បានចាក់ដុតអស់ហើយ និងសំណល់អេប៉ុងដែលឆេះមិនទាន់អស់។ ដបសាំងទាំងនេះ ត្រូវបានច្រកចូលក្នុងកេសក្រដាស ហើយមន្ត្រីប៉ុស្តិ៍រដ្ឋបាលស្វាយប៉ោ បានប្រមូលទុកជាវត្ថុតាង។

លោកចាន់ សូវង្ស ដែលជាម្ចាស់ក្លឹបរងគ្រោះ បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងហេតុការណ៍នេះ ដំបូងមានស្ត្រីម្នាក់ ដែលកំពុងបោសសំរាម នៅម្តុំអាហារដ្ឋានរាត្រីបាត់ដំបង ចម្ងាយប្រហែល៥០ម៉ែត្រ ជាអ្នកបានឃើញអគ្គិភ័យនោះ តែគាត់មិនបានឃើញជនបង្កហេតុទេ។ ពេលនោះ គាត់បានរត់មកជួយពន្លត់ ស្រែកហៅគាត់ឱ្យដឹង។ ភ្លើងមិនបានឆេះរាលដាលទេ វាឆេះអេប៉ុងដែលជនល្មើសចាក់សាំងដុត រួចបោះទៅលើដំបូល ហើយនៅផ្នែកខាងក្រោមដែលមានរបងដែក ជាប់នឹងដើមពោធិ៍ធំ ភ្លើងបានឆេះស្លឹកឈើ ហើយរាលចូលខាងក្នុងឆេះទុយោទឹកបន្តិច ធ្វើឱ្យធ្លាយ បាញ់ពន្លត់ភ្លើងនោះវិញ តែមិនខូចខាតដល់សំណង់ ឬឧបករណ៍កីឡាទេ ។

ពាក់ព័ន្ធនឹងករណីជនមិនស្គាល់មុខ លួចដុតក្លឹបហាត់ប្រាណខាងលើនេះ លោក ពេជ្រ សារ៉ែន អធិការនគរ បាលក្រុងបាត់ដំបង បានប្រាប់ថា ក្រោយទទួលព័ត៌មាន មន្ត្រីជំនាញបានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីពិនិត្យ និងធ្វើកំណត់ហេតុ ។

លោកអធិការ បានប្រាប់ថា អគ្គិភ័យដែលបង្កឡើងដោយជនមិនស្គាល់មុខនេះ ពុំបានធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិ ឬឧបករណ៍ហាត់ប្រាណទេ។ ពេលនេះ មន្ត្រីជំនាញរបស់លោកបាននិងកំពុងធ្វើការស៊ើបអង្កេត និងតាមត្រូតពិនិត្យលើកាមេរ៉ាសុវត្ថិភាពនានា ដែលបំពាក់តាមដងផ្លូវ៕

RELATED ARTICLES