ភ្នំពេញ ៖ ពេជ្រ សោភា បានលេងមួយក្បាច់ នៅចុងឆ្នាំ២០២៥ នោះគឺឡើងឆាក លេងឈុតអាវយឺតពណ៌ខ្មៅស្ដើង រឹបរាង ដែលឈុតនោះគេធ្លាប់តែឃើញតារាចម្រៀង Pop របស់កូរ៉េ នាង Jennie សមាជិកក្រុមចម្រៀង Black pink ពាក់រាំច្រៀងលើឆាកធំៗ និងជិះឡានទំនើប ម៉ាកឡាំបូរគីនី (Lamborghini) យ៉ាងឡូយ។ ការលេងឈុតពិសេសនេះ របស់សោភា ខណៈដែលនៅសល់តែជាង ១ខែទៀត នាងនឹងឈានចូលវ័យ ៤១ឆ្នាំ ហើយ ។

អ្នកលេងបណ្ដាញសង្គម បានសរសើរថា សោភា រក្សារូបសម្រស់បានក្មេងជាងវ័យ និងនៅតែមានរាងស្វែល បើទោះជាពេញមួយតួខ្លួននាង កន្លងមកគេដឹងថា នាងបានតែកែស្លាបច្រមុះ មិនទាន់កែកុនកន្លែងណាផ្សេងៗទៀតក៏ដោយ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ពេជ្រ សោភា មិនត្រឹមតែផ្លាស់ប្ដូរការស្លៀកពាក់ទេ ប៉ុន្ដែពេលនាងទៅច្រៀងនៅទូរទស្សន៍ហង្សមាស កាលពីពេលថ្មីៗនេះ គេឃើញនាងបានជិះរថយន្ដថ្មីទំនើប ម៉ាក Lamborghini ពណ៌ខ្មៅ តម្លៃខ្ទង់ជិតកន្លះលានដុល្លារ ដែលធ្វើឲ្យនាងកាន់តែកាលីព មុនឆ្លងឆ្នាំសកល ។ ប៉ុន្ដែនេះមិនមែនជារថយន្ដទំនើបតែមួយគ្រឿងទេ គឺភាគច្រើន គេឃើញនាងជិះរថយន្ដម៉ាក Mercedes ជាប្រចាំថ្ងៃ ច្រើនជាងរថយន្ដផ្សេងៗទៀត ។ តារារូបនេះក៏ត្រូវបានគេចាត់ទុកថា មានទ្រព្យម្នាក់ដែរ បើទោះជានាងមិនចេះអួតដូចគេក្ដី ប៉ុន្ដែសោភា មានផ្ទះប្រណិត នៅភ្នំពេញ មិនក្រោម ៣ទីតាំងឡើយ ។ អ្វីដែលតារាខ្លះមិនអាចធ្វើដូចសោភា នោះគឺនាងពាក់នាឡិកាដៃថ្លៃៗ ដូចជាម៉ាក Rolex និង Richard Mile តម្លៃមួយគ្រឿង ស្មើរថយន្ដមួយគ្រឿង។

សូមបញ្ជាក់ថា ពេជ្រ សោភា បានចេញពីផលិតកម្មរស្មីហង្សមាស ជិត២ឆ្នាំហើយ ដោយងាកមកផលិតបទចម្រៀង ដោយខ្លួនឯងវិញ ប៉ុន្ដែនាងនៅច្រៀងឲ្យឆាកហង្សមាស ធម្មតា។ សោភា ចេះនិពន្ធបទចម្រៀង និងមាន Studio ផ្ទាល់ខ្លួន ហេតុនេះក្រៅពីច្រៀង Cover បទមរតកដើម និងបទល្បីៗរបស់ខ្លួននៅហង្សមាស សោភា អាចចេញបទថ្មី ពេលណាក៏បាន ។ ចំពោះការលេងម៉ូដឡាន Lamborghini ពេលនេះ បញ្ជាក់ថា សោភា នៅតែមានប្រាក់ចំណូលល្អ ពីអាជីពសិល្បៈ ក្រោយចេញពីហង្សមាស ព្រោះបើទីផ្សារចម្រៀងធ្លាក់ចុះ ប្រាកដជានាងមិនអាចមានលុយទិញឡាន មួយគ្រឿង តម្លៃស្មើផ្ទះវីឡា មួយខ្នងបែបនេះឡើយ ។

ក្រៅពីពេជ្រ សោភា តារាជិះរថយន្ត Lamborghini ឆ្នាំ២០២៥ មានដូចជា ល្អហួស, ផន សុផារី, លោកវណ្ណដា, ងួន ចាន់ដេវីត, ខេមរៈ សិរីមន្ដ និងថុល សុភិទិ ជាដើម ។ ការលេងម៉ូដឡានថ្មី របស់សោភា នៅពេលនេះ ចំពេលដែលចំណងស្នេហានាង ជាមួយលោកឆឹម សក្កដា ស្ថិតក្នុងភាពមិនច្បាស់លាស់ ព្រោះម្ដងនាងថា អត់គូដូចគេ ឯកោ ប៉ុន្ដែពេលខ្លះ គេបែរជាឃើញនាងញ៉ាំអារហារជាមួយលោកសក្កដា ដូចគូស្នេហ៍ ។ អ្វីដែលគេពិបាកយល់រឿងស្នេហាសោភា-សក្កដា ព្រោះនៅពេលដែលគូដណ្ដឹងរបស់នាង បានព្រមានធ្វើអត្តឃាត ជា ច្រើនលើកច្រើនសា តែនាងបែរជាថា អត់ដឹងរឿងទាំងអស់នោះទៅវិញ ។

គួររំលឹកថា ពេជ្រ សោភា បានប្រើជីវិតជាស្រ្ដីមេម៉ាយ ជិតជិត ៩ឆ្នាំ និងបានប្រកាសភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការសង្ស័យថាអ្នកទាំងពីរ លេងបិទពួន ពោលគឺភ្ជាប់ពាក្យក្លែងក្លាយ ។ ប៉ុន្ដែទាំងសោភា និងសក្កដា ច្រានចោលដូចគ្នាថា ពួកគេមិនបានលេងល្ខោនស្នេហាឡើយ តែសោភា បែរជានិយាយថា នាងគ្មានគម្រោងរៀបការ ឬពេលខ្លះថា មិនដឹងរៀបការជាមួយអ្នកណាទៅវិញ ។ អ្នកស្និទ្ធសោភា បង្ហើបថា អតីតតារាហង្សមាស រូបនេះ អាចប្រើឈ្មោះជាគូដណ្ដឹងរបស់លោកសក្កដា ជាង៣ឆ្នាំមកនេះ ដើម្បីកុំឲ្យមន្រ្ដីធំៗខ្លះ តាមដាក់អន្ទាក់ស្នេហ៍នាង តែតាមពិត នាងគ្មានអារម្មណ៍ស្នេហ៍លើសក្កដា នោះទេ និងជាញឹកញាប់ តែងតែហៅលោកសក្កដា ថា «ពួកម៉ាក» មិនមែនប្ដី ឬគូស្នេហ៍ឡើយ ៕
