ភ្នំពេញ ៖ លោកអ៊ុន ពិសី បងប្រុសរបស់សពតារាសម្តែង អ៊ុន សិទ្ធា បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅថ្ងៃបុណ្យខួប៧ថ្ងៃ សពលោកសិទ្ធា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្រោយថ្ងៃបូជាសព ១ថ្ងៃ ប្អូនប្រុសលោក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានមកពន្យល់សប្តិ និយាយសំឡេងខ្សាវៗ មិនដឹងនិយាយអ្វីទេ ព្រោះស្ដាប់អត់ច្បាស់។

លោកអ៊ុន ពិសី បងប្រុសលោកអ៊ុន សិទ្ធា
លោកពិសី បន្ថែមថា នៅមានហេតុការណ៍មួយទៀត នោះគឺពេលលោកចូលទៅរថយន្ដលោក ស្រាប់តែមានក្លិនចម្លែកខុសធម្មតា ប៉ុន្ដែលោកថា សិទ្ធា មិនបានធ្វើឲ្យលោកនិងក្រុមគ្រួសារ ភ័យខ្លាចអ្វីទេ ។ លោកពិសី បន្ថែមទៀតថា ក្រៅពីរូបលោកជាបងប្រុស បានយល់សប្ដិ និងមានហេតុដូចរៀបរាប់ខាងលើនេះ អ្នកសិល្បៈស្និទ្ធស្នាលសិទ្ធា ខ្លះប្រាប់ថា គេឃើញសិទ្ធា បានទៅពន្យល់សប្ដិពួកគេ ឲ្យឃើញថា គាត់ទៅលាគេ នៅមុនថ្ងៃបុណ្យខួបគម្រប់ ៧ថ្ងៃ ប៉ុន្ដែទាំងគ្រួសារលោកនិងមិត្តភក្ដិទាំងអស់ អត់មានអ្នកណាម្នាក់ត្រូវសិទ្ធា ធ្វើឲ្យខ្លាចទេ ។

តារាសម្ដែងលោកកែវ ពេជ្រពិសី
តារាសម្ដែង អ្នកនាងកែវ ពេជ្រពិសី ដែលបានទៅចូលរួមពិធីបុណ្យខួប៧ថ្ងៃ សពលោកអ៊ុន សិទ្ធា ដែរនោះ ប្រាប់អ្នកយកព័ត៌មានយើងថា នាងមានអារម្មណ៍ក្ដុកក្ដួលខ្លាំងណាស់ ព្រោះអត់នឹកស្មានដល់ និងថា លោកសិទ្ធា ជាបុគ្គលល្អខ្លាំង ចេះគោរពមាតាបិតា ស្រលាញ់បងប្អូន និងមានសុជីវធម៌ ទាំងនៅក្នុងសង្គមក្រៅ និងក្នុងសិល្បៈ គឺសុជីវធម៌ល្អបំផុត ។ នាងថា ការបាត់បង់តារាសម្តែងរូបនេះ ជាការបាត់បង់ធនធានសំខាន់ ហើយនាងធ្លាប់ថតជាមួយលោកសិទ្ធា តែមួយរឿងគត់ គឺរឿង «នាបដាចារ» ឲ្យទូរទស្សន៍បាយ័ន ។ ពេជ្រពិសី ថានាងក៏ធ្លាប់ធ្វើការនៅក្រៅស្រុក ជាមួយលោកសិទ្ធា ដូចជាបានទៅប្រទេសថៃ វៀតណាម និងចិន ផងដែរ ហើយនាងថា សិទ្ធា បន្សល់ស្នាដៃច្រើន សម្រាប់សិល្បករ និងប្រជាជនកម្ពុជា ។
ពិសី បន្ថែមថា នាងមិនដែលដឹងថា លោកសិទ្ធា ឈឺទេ ព្រោះគាត់លាក់ជិត មិនចង់ឲ្យមហាជនដឹង ចេះតែទ្រាំទៅ ហេតុនេះនាងមានតែនិយាយថា សែនស្ដាយគាត់ដែលចាកចេញទៅដោយគ្មានថ្ងៃត្រឡប់។

តារាសម្ដែងកញ្ញាគៀត សុវណ្ណាឡាង
ចំណែកអតីតតារាចម្រៀងហង្សមាស កញ្ញាគៀត សុវណ្ណាឡាង ដែលជាអ្នកស្និទ្ធអ៊ុន សិទ្ធា ម្នាក់ដែរ បានថ្លែងថា នាងមានអារម្មណ៍ហាក់លឿនមែនទែន នាងអត់ចង់ជឿ អ្វីដែលសំខាន់ គឺសិទ្ធា ជាមនុស្សល្អខ្លាំង ជាពិ សេសគាត់ស្រលាញ់ក្រុមគ្រួសារ និងអ្នកជុំវិញខ្លួនទាំងអស់ ។ នាងថា ធ្លាប់បានថតភាពយន្ដ ជាមួយលោកអ៊ុន សិទ្ធា បាន ១រឿង គឺ «គ្មានថ្ងៃបញ្ចប់» ហើយនាងបានជួបសិទ្ធា ចុងក្រោយ ក្នុងកម្មវិធី «រាត្រីចងចាំ» នៅខេត្តសៀមរាប ឆ្នាំ២០២៥។សុវណ្ណាឡាង បន្ថែមថា នាងមិនអស់ចិត្តទាល់តែសោះ ព្រោះអត់ដែលឮដំណឹងថា លោកសិទ្ធា ឈឺពីមុនមកទេ ព្រោះគាត់មិនឲ្យសុំជំនួយឡើយ ដើម្បីកុំឲ្យគេនិយាយថា តារាសុំជំនួយ។ នាងថា តារាគ្រប់រូប សុទ្ធតែមានកិត្តិយសរៀងៗខ្លួន តែពេលខ្លះ បងប្អូនមួយចំនួនតូចមើលងាយតារា ។ នាងឆ្ងល់ថា ហេតុអ្វីមនុស្សល្អៗ ឆាប់ទៅលឿនម៉្លេះ?


គួររំលឹកថា លោកអ៊ុន សិទ្ធា ជាជ័យលាភី «ប្រុសស្អាត២០០៦» របស់ CTN ជាមួយអ្នកនាងពៅ ធាវី តែជាអកុល លោកសិទ្ធា បានទទួលមរណភាពក្នុងអាយុ៤២ឆ្នាំ ដោយជំងឺដំបៅក្រពះ ពោះវៀនធ្ងន់ធ្ងរ និងទឹកដក់ក្នុងពោះវៀន គាំងបេះដូងស្លាប់លើគ្រែពេទ្យ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលលោកអ៊ុន ពិសី ជាបងប្រុស បានបដិសេធចំពោះការលេចឮថា ប្អូនប្រុសលោក ស្លាប់ដោយសារជំងឺមហារីក។ សពលោកសិទ្ធា បានបូជានៅវត្តពោធិ៍សត្ថារាម (វត្តពោធិ៍ចិនតុង) កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ និងធ្វើបុណ្យខួបគម្រប់ ៧ថ្ងៃ នៅផ្ទះលេខ1B ផ្លូវលេខ17 សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមវត្តមានសិល្បកររួមអាជីពជាច្រើន ចូលរួមរំលែកទុក្ខគ្រួសារសព ៕

