ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាន ខណៈដែលស្កាត់តាំងពីភ្នំពេញ មកធ្វើសកម្មភាពលួចគាស់ឃ្លាំងស្តុកទំនិញ មួយកន្លែង ក្នុងក្រុងច្បារមន ប៉ុនប៉ងលួចសម្ភារៈ ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង។

ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិនេះ បានកើតឡើងកាលម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងស្តុកទំនិញមួយកន្លែង ស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះឃៀង សុខុន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ យ័ន្ត សង្ហារ អធិការនគរបាលក្រុងច្បារមន បានឱ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋរាយការណ៍តាមប្រព័ន្ធទូរស័ព្ទ និងបានរាយការណ៍មកលេខទាន់ហេតុការណ៍ Hotline ថា នៅចំណុចឃ្លាំងស្តុកទំនិញ ស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីប៉ុនប៉ុងលួចទ្រព្យសម្បត្តិ ដោយមានក្រុមចោរ បានធ្វើសកម្មភាពជាច្រើនលើក និងកំពុងតែប្រព្រឹត្ត។
ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម និងដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលក្រុងច្បារមន បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានមុខសញ្ញាសង្ស័យខាងលើ ព្រមទាំង ដកហូតបានវត្ថុតាង រួមមាន កន្ត្រៃកាត់ដែក ចំនួន១ ទួរណឺវីស ចំនួន១ ឧបករណ៍កាច់កម៉ូតូចំនួន៣ កន្ត្រៃតូច ចំនួន១ ម៉ាឡេត ចំនួន១ ដែកដាប់ ចំនួន១ ទូរស័ព្ទដៃ ចំនួន១គ្រឿង និងសោម៉ូតូ ចំនួន១។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕